ជាតិ
សត្វផ្សោតពេញវ័យទម្ងន់ជាង៣៩គីឡូក្រាម បានងាប់ ដោយសារជាប់សន្ទួចរនងនៅក្រចេះ
25, Dec 2022 , 7:39 pm        
រូបភាព
សត្វផ្សោតពេញវ័យទម្ងន់ជាង៣៩គីឡូក្រាម បានងាប់ ។ រូបភាពពីWWF
សត្វផ្សោតពេញវ័យទម្ងន់ជាង៣៩គីឡូក្រាម បានងាប់ ។ រូបភាពពីWWF
ភ្នំពេញ៖ សត្វផ្សោតញីពេញវ័យទម្ងន់ប្រហែល៩៣គីឡូក្រាម បានស្លាប់មូយក្បាលទៀតហើយ នៅថ្ងៃទី២៤ ខែធ្នូនេះ។ តាមមន្រ្តីជំនាញ ផ្សោតនេះបានស្លាប់ ដោយសាររមួលខ្លួនជាប់នឹងសន្ទួចរនង។


សត្វផ្សោត មានសុខភាពល្អមួយក្បាលនេះ បានស្លាប់អណ្ដែត នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។  សត្វផ្សោតនេះ បានស្លាប់ក្រោយពីបានរមួលខ្លូនជាប់នឹងសន្ទួចរនង ដោយមានស្នាមសន្ទូចរនងជាច្រើនពេញដងខ្លួន និងកន្ទុយ។ សត្វផ្សោតញីពេញវ័យនេះ មានប្រវែង១៩៦ សង់ទីម៉ែត្រ និងមានអាយុចន្លោះពី៧-១០ ឆ្នាំ។ 
 
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានលើកឡើងថា  ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ បើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។ លោក សេង ទៀក បញ្ជាក់ដូច្នេះ៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។


 
ជាមួយគ្នានេះ លោក សេង ទៀក ក៏ទទូច ឱ្យមន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវចុះល្បតឱ្យបានតឹងរឹងទាំងយប់ទាំងថ្ងៃ។ បន្ថែមពីលើការល្បាតនេះ ក៏ត្រូវតែមានការដាក់ពិន័យឱ្យធ្ងន់ធ្ងរដល់ជនល្មើស ដែលនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្សសត្វផ្សោត។ 
 
គួរជម្រាបថា នេះជាផ្សោតទីបីហើយ ដែលបាត់បង់ជីវិតក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ។​ ក្នុងឆ្នាំ២០២២នេះ សត្វផ្សោតសរុបចំនួន ១១ក្បាលហើយបានស្លាប់ និងរយៈពេល៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតចំនួន២៩ក្បាល បានស្លាប់៕ 
 


Tag:
 សត្វផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com