ជាតិ
របាយការណ៍៖ អគារខ្ពស់៥ជាន់ឡើងលើ មានជិត២៥០០ដោយភាគច្រើននៅខេត្តព្រះសីហនុ
27, Dec 2022 , 3:29 pm        
រូបភាព
ទិដ្ឋភាពនៅខេត្តព្រះសីហនុ
ទិដ្ឋភាពនៅខេត្តព្រះសីហនុ
ដោយ: រួបរួម
គិតចាប់តាំងពីផ្តើមអនុវត្តគម្រោង រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ គម្រោងអគារខ្ពស់ចាប់ពី៥ជាន់ឡើងនៅកម្ពុជា មានចំនួន២៤៩២អគារ ដែលក្នុងនោះខេត្តព្រះសីហនុ មានចំនួន៦៨២អគារ។ នេះបើតាមរបាយការណ៍សមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំ របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ (២០១៨-២០២២)។

 
របាយការណ៍ដែលផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែធ្នូ នេះ បានបែងចែកចំនួនអគារពី៥ជាន់ទៅ៩ជាន់, ពី១០ជាន់ទៅ១៩ជាន់, ពី២០ជាន់ទៅ២៩ជាន់, ពី៣០ជាន់ទៅ៣៩ជាន់ និងពី៤០ជាន់ឡើង ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងលម្អិតនៃគម្រោងនោះឡើយ។
 
គិតត្រឹម៩ខែដំបូង ឆ្នាំ២០២២ គម្រោងអគារខ្ពស់ចាប់ពី៥ជាន់ឡើង មានសរុប៩១គម្រោង ដែលក្នុងនោះ អគារពី៥ជាន់ដល់៩ជាន់ មាន៦៩, ពី១០ទៅ១៩ជាន់ មាន១៩ និងពី២០ ទៅ២៩ជាន់ មាន៣គម្រោង។
 
សរុបជារួមមកដល់បច្ចុប្បន្ន កម្ពុជា មានអគារចាប់ពី៥ជាន់ទៅ៩ជាន់ចំនួន ១៣៩៣អគារ, ពី១០ទៅ១៩ជាន់ មាន៦៩៩អគារ, ពី២០ទៅ២៩ជាន់ មាន២៣០អគារ, ពី៣០ទៅ៣៩ជាន់ មាន១២៥អគារ និងចាប់ពី៤០ជាន់ឡើង មាន៥០អគារ។
 
រីឯទិន្នន័យអគារស្នាក់នៅរួមវិញ មាន៤២គម្រោង និងបុរីលំនៅឋាន មាន២០គម្រោង បើគិតតែក្នុងរយៈពេល៩ខែឆ្នាំ២០២២។ បើគិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា មានអគារស្នាក់នៅ សរុបចំនួន៤២៥គម្រោង និងបុរីលំនៅឋាន និងលំនៅឋានមានលក្ខណៈបុរសី សរុប៤៩៥គម្រោង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com