ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋវ័យចំណាស់ខ្លះនៅឃុំក្បាលត្រាច មិនដឹងថាបណ្ណក្រីក្រទៅពេទ្យរដ្ឋមិនអស់ថវិកាឡើយ
29, Dec 2022 , 7:59 am        
រូបភាព
អ្នកស្រី រ៉ែម យ៉ុម (លើ) និង អ្នកស្រី ឃិន នី (ក្រោម) ពលរដ្ឋមានបណ្ណក្រីក្រ រស់នៅឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។
អ្នកស្រី រ៉ែម យ៉ុម (លើ) និង អ្នកស្រី ឃិន នី (ក្រោម) ពលរដ្ឋមានបណ្ណក្រីក្រ រស់នៅឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។
ដោយ៖ អេង គឹមលាង (យុវជនឃុំក្បាលត្រាច)

ពោធិ៍សាត់៖ បណ្ណសមធម៌ ឬបណ្ណក្រីក្រ ជាបណ្ណមួយដែលជួយដល់ជនងាយរងគ្រោះ និងពលរដ្ឋក្រីក្រ ក្នុងប្រទេសកម្ពុជា ដែលផ្ដល់ជាថវិកា និងសេវាសុខភិបាលជាដើម។ ប៉ុន្តែអត្ថប្រយោជន៍ទាំងនោះ ជាពិសេសការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋជាដើមនោះ ពលរដ្ឋវ័យចំណាស់ខ្លះ ក្នុងឃុំក្បាលត្រាច នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ មិនដែលមានដឹងពីអត្ថប្រយោជន៍ទាំងនោះឡើយ។



អ្នកស្រី ឃិន នី មានវ័យ៧៣ឆ្នាំជាពលរដ្ឋមួយរូប រស់នៅភូមិទទឹង ឃុំក្បាលត្រាច ដែលមានសមាជិក៣នាក់ ត្រូវជាបងប្អូនស្រីបង្កើត គ្មានប្ដី កូនឡើយ ហើយក្នុងចំណោមពួកគេមានម្នាក់ពិការភ្នែកថែមទៀតផង។ ដោយមានវ័យចាស់ទៅហើយ គ្រួសារនេះមិនមានមុខរបរអ្វីនោះឡើយ គឺលក់អ៊ីវ៉ាន់បន្តិចបន្តួចនៅផ្ទះតែប៉ុណ្ណោះ។ 


អ្នកស្រី ឃិន នី កំពុងអង្គុយផ្ដល់បទសម្ភាសន៍ដល់យុវជនឃុំក្បាលត្រាច នៅក្នុងតូបលក់អ៊ីវ៉ាន់របស់ខ្លួន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
 
 
រយៈពេលជាង១ឆ្នាំហើយ ដែលអ្នកស្រីទទួលបានបណ្ណសមធម៌ប្រភេទក្រីក្រ១នេះប្រើប្រាស់ ។ អ្នកស្រីប្រាប់ថា ខ្លួនទទួលបានថវិកាប្រចាំខែ ១២ ៨០០០រៀល តាមរយៈបណ្ណសមធម៌នេះ។ ក្រៅពីទទួលបានថវិកាជាប្រចាំខែនេ អ្នកស្រីមិនដែលប្រើប្រាស់បណ្ណនេះ ក្នុងការទៅរកសេវាពិនិត្យសុខភាព ឬព្យាបាលជំងឺ នៅមណ្ឌលសុខភាពនៅមូលដ្ឋានខ្លួនឡើយ ដោយសារអ្នកស្រីមិនបានដឹងពីអត្ថប្រយោជន៍បណ្ណក្រីក្រនេះនោះឡើយ។ 
 
«ខ្ញុំមិនដែលទៅមន្ទីរពេទ្យ(រដ្ឋ)ទេ! ខ្ញុំមិនដែលដឹងថា ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ អស់លុយផង»។ នេះជាការអះអាងរបស់អ្នកស្រី នី។ ដោយមិនដឹងពីអត្ថប្រយោជន៍ពីបណ្ណក្រីក្រនេះ ពេលមានបញ្ហាសុខភាព ឬត្រូវការថ្នាំសង្កូវនានា អ្នកស្រីតែងតែចំណាយថវិកាទៅពេទ្យរដ្ឋ ដើម្បីទិញថ្នាំលេប។ 
 
មិនខុសពីអ្នកស្រី ឃិន នី ប៉ុន្មាននោះឡើយ អ្នកជិតខាងអ្នកស្រីម្នាក់ទៀត អ្នកស្រី រ៉ែម យ៉ុម ដែលមានបណ្ណក្រីក្រប្រភេទក្រីក្រ២ កាន់ជាង១ឆ្នាំនោះ ក៏មិនបានដឹងពីអត្ថប្រយោជន៍នៃបណ្ណក្រីក្រ ក្នុងការទទួលបានសេវាសុខាភិបាល ដោយឥតបង់ថ្លៃនោះឡើយ ក្រៅពីទទួលបានថវិកាប្រចាំខែ ១៧ ៦០០០រៀល នោះឡើយ។ 


   អ្នកស្រី រ៉ែម យ៉ុម និង ស្វាមី កំពុងអង្គុយលើគ្រែក្រោមផ្ទះ ផ្ដល់បទសម្ភាសន៍ដល់យុវជនឃុំក្បាលត្រាច កាលពីថ្ងៃ០៨ ខែ១២ ឆ្នាំ២០២២។ 
 

ដូនចាស់វ័យ៧៥ឆ្នាំរូបនេះលើកឡើងដូច្នេះ៖ «អត់(ដែលដឹងថាបណ្ណក្រីក្រនេះ ប្រើនៅពេទ្យរដ្ឋអត់អស់លុយទេ)។ ពេលឈឺហៅតែពេទ្យឯកជនមកចាក់»។ អ្នកស្រីបន្ថែមថា មិនដែលបានដឹង ឬមានអ្នកប្រាប់អំពីអត្ថប្រយោជន៍នៃបណ្ណក្រីក្រនេះនោះឡើយ ក្រៅពីទទួលបានថវិកាប្រចាំខែនោះ ខណៈខ្លួននិងស្វាមី ត្រូវបានការថ្នាំលេបជាប្រចាំខែ ដោយមានជំងឺប្រចាំខែនោះ។ 
 
ជុំវិញករណីខាងលើនេះ លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាចលើកឡើងថា កន្លងមកអាជ្ញាធរតែងតែប្រាប់ពីអត្ថប្រយោជន៍នៃបណ្ណក្រីក្រទៅកាន់ពលរដ្ឋ ដែលបានធ្វើនិងមានបណ្ណសមធម៌នេះប្រើប្រាស់។ លោកអះអាងដូច្នេះ៖ «យើងបានផ្ដល់(ព័ត៌មានពីបណ្ណក្រីក្រ)ដែរ ឱ្យពេលហុចបណ្ណក្រីក្រ ឱ្យតែអ៊ំឯងឈឺយក (បណ្ណក្រីក្រ) ទៅសម្រានពេទ្យទៅ»។ 
  

 លោក ខៀវ សុធា ជំទប់ទី២ នៃឃុំក្បាលត្រាច។ 

ករណីមួយទៀតដែលលោកជំទប់ទី២ ជួបប្រទះកន្លងមក គឺពលរដ្ឋមួយចំនួនដែលមានបណ្ណក្រីក្រ មិនយកប្រើប្រាស់នៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពនេះទេ តែតែងតែទៅព្យាបាល ឬពិនិត្យសុខភាពនៅមន្ទីរពេទ្យឯកជន។ លោកអះអាងទៀតថា បច្ចុប្បន្នសេវាសុខភាពនៅមណ្ឌលសុខភាព គឺទទួលមើលជំងឺ និងផ្ដល់សេវា មិនថាអ្នកជំងឺនោះមានបណ្ណក្រីក្រ ឬគ្មានបណ្ណក្រីក្រឡើយ។ លោកក៏បានលើកទឹកចិត្តឱ្យពលរដ្ឋ ដែលមានបណ្ណក្រីក្រនេះ យកវាទៅប្រើប្រាស់ ពេលទៅទទួលសេវានៅមណ្ឌលសុខភាព ឬតាមពេទ្យរដ្ឋ។ 
 
គួរជម្រាបផងដែរថា នៅឃុំក្បាលត្រាច នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ មានពលរដ្ឋចំនួន៥១៦គ្រួសារ ក្នុងនោះបណ្ណក្រីក្រប្រភេទមួយ មានចំនួន៣៣៨គ្រួសារ និងបណ្ណក្រីក្រប្រភេទ២ មានចំនួន ១៧៨គ្រួសារ៕
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  បណ្ណក្រីក្រ
  ឃុំក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com