ជាតិ
សេដ្ឋកិច្ច
ពលករខ្មែរ ៣០០០នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅអ៊ីស្រាអែល ឆ្នាំ២០២៣
28, Dec 2022 , 11:59 am        
រូបភាព
 លោក ហេង សួរ អ្នកនាពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ ក្រសួងការងារ
លោក ហេង សួរ អ្នកនាពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបភាព៖ ក្រសួងការងារ
ដោយ:
ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៣០០០នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅអ៊ីស្រាអែល តាមកិច្ចសន្យាការងាររយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះតទៅ។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។



លោក ហេង សួរ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងចរចាជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ប្រកបដោយលទ្ធផលវិជ្ជមាន។ លោកបន្តថា ពលករទាំងនោះ នឹងបំពេញការងារក្នុងនាមជាពលករទេសន្តរប្រវេសន៍ ដែលការពារដោយច្បាប់ការងារ នៃប្រទេសអ៊ីស្រាអែល។ ពួកគេ នឹងត្រូវធ្វើការងារខាងផ្នែកកសិកម្ម។
  

ពលករខ្មែរ៖ រូបតំណាង
 
អ្នកនាំពាក្យរូបនេះ​បានបញ្ជាក់ថា៖ «ពួកគាត់មិនមែនទៅក្រោមរូបភាពខុសច្បាប់ជាសិក្ខាកាម ឬកម្មសិក្សាការីទេ ប៉ុន្តែធាតុពិត គឺយកកម្លាំងពលកម្មទៅធ្វើការតែម្តង ដោយមិនមានរៀនជំនាញ ឬចូលសាលាបណ្តុះបណ្តាលអ្វីទាំងអស់ ដូចដែលបណ្តាញជួញដូរកម្លាំងពលកម្ម បានធ្វើនៅប្រទេសមួយចំនួនដែរ»។
 
ចំពោះផ្នែកកសិកម្មនេះ រដ្ឋាភិបាលអ៊ីស្រាអែល ចង់អនុវត្តប្រព័ន្ធបញ្ជូនជារបៀប G2G (ការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់) ដោយធ្វើដូចសាធារណរដ្ឋកូរ៉េដែរ។ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល បាននិងកំពុងពិភាក្សាគ្នាលើទម្រង់នៃប្រព័ន្ធបញ្ចូននេះ។ លោក ហេង សួរ លើកឡើងបែបនេះ ហើយបន្តថា ៖«ខ្ញុំគិតថាបងប្អូន ដែលកំពុងធ្វើការផ្នែកកសិកម្មនៅជប៉ុន ដែលជិតចប់កិច្ចសន្យាការងារហើយនោះ អាចត្រឡប់មកកម្ពុជាវិញ ហើយអាចទៅធ្វើការនៅអ៊ីស្រាអែល»។
 
នៅឆ្នាំ២០២៤ អ៊ីស្រាអែល អាចនឹងបង្កើនចំនួនកសិកម្ម ព្រមទាំងបើកទីផ្សារផ្នែកសំណង់ ហើយគ្រោងយកពលករពីកម្ពុជាទៅប្រមាណ ៥០០០នាក់ផងដែរ។ នេះបើតាម លោក ហេង សួរ បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម។
 
ដោយឡែកនៅឆ្នាំ២០២៣ ក្រសួងការងារ ក៏បានពង្រីកសហប្រតិបត្តិការដែលមានចែងក្នុង MoU ជាមួយសាធារណរដ្ឋកូរ៉េស្រាប់ ដោយបង្កើនទីផ្សារការងារតាមរដូវកាល ជាមួយបណ្តាក្រុង និងស្រុកនានាក្នុងប្រទេសនេះ តាមរយៈគណកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការងារនៅបរទេស(MTOSB)។  
 
លោក ហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្នក្រុង និងស្រុកនានា នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំពលករតាមតម្រូវការ ដែលភាគច្រើនជាផ្នែកកសិកម្មប្រមាណ ៤០០០នាក់ផងដែរ។ 
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងមានកិច្ចសហការជាមួយសាធារណរដ្ឋកូរ៉េចំនួន ១៦កុ្រង-ស្រុក ។ ចំណែកក្រុង-ស្រុកចំនួន ១២ទៀត ក្រសួង កំពុងផ្លាស់ប្ដូរព័ត៌មាន៕
 
 

Tag:
 ពលករ
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com