ជាតិ
នីមល និងរូស្សា កូន​ចៅ​ទាហាន​ការពារព្រំដែននៅ​ឧត្តរមានជ័យបាននិទ្ទេស A
29, Dec 2022 , 8:59 am        
រូបភាព
ពីឆ្វេង កញ្ញា ប៉ែត នីមល និងកញ្ញា ជួង រូស្សា
ពីឆ្វេង កញ្ញា ប៉ែត នីមល និងកញ្ញា ជួង រូស្សា
ប៉ែត នីមល មាន​ឪពុក​ជាទាហាន​ រីឯ ជួង រូស្សា ជាចៅ​របស់ទាហាន​ការពារ​ព្រំដែន​ដូចគ្នា។ យុវតីទាំង​ពីរស្ថិតក្នុងចំណោម​ជ័យលាភី​និទ្ទេស A ៦​នាក់​ពី​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិឆ្នាំ​២០២២ ប្រចាំ​ខេត្ត​ឧត្តរមានជ័យ និង​ស្ថិតក្នុង​ចំណោមសិស្សស្រី​​៥នាក់​ពី​វិទ្យាល័យអន្លង់​វែង។

 
​អន្លង់​វែង​ជាមូលដ្ឋាន​ចុង​ក្រោយ​បង្អស់​របស់​​ខ្មែរក្រហម មុន​សមាហរណ​កម្ម​។ លទ្ធផល​នៃ​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​កាលពីពេល​ថ្មីៗ​កន្លងមក​ បង្ហាញ​ថាអតីត​តំបន់​ប្រយុទ្ធមួយនេះ មាន​សិស្សនិទ្ទេស A ដល់ទៅ​៥នាក់ ក្នុងចំណោម​៦នាក់​ទូទាំង​ខេត្តឧត្តរមានជ័យ។
 
ក្នុងចំណោម​ជ័យលាភី និទ្ទេស A ​៥នាក់នៅវិទ្យាល័យ​អន្លង់វែង សារព័ត៌មាន​ថ្មីៗ បាន​ទាក់ទង​សម្ភាស​​ជ័យលាភី​២នាក់​ ដែលសុទ្ធតែជាកូន​ចៅ​ទាហាន​ឈរជើង​នៅតំបន់ព្រំដែន​ខ្មែរ-ថៃ។ អ្នកទាំងពីរនាក់នោះ គឺ​កញ្ញា ប៉ែត នីមល និង​កញ្ញា ជួង រូស្សា។
 
កញ្ញា ប៉ែត នីមល សិស្សជាប់និទ្ទេសA ដែលមានឪពុកជា ទាហាន នៅខេត្តស្រុកត្រពាំងប្រាសាទ។ រូបភាព៖ ប៉ែត នីមល
 
ប៉ែត នីមល អត់ដាក់អាហារូបករណ៍ ព្រោះ​ចង់ប្រឡង​យក​ជំនាញពេទ្យ
 
អំឡុងពេលសិក្សា នីមល បានទៅ​រស់នៅជាមួយជីដូន ដែលមានផ្ទះនៅក្បែរវិទ្យាល័យ​អន្លង់វែង ខណៈឪពុក និងម្តាយ ព្រមទាំងប្អូនចំនួន ៣នាក់ទៀតរស់នៅឯ​ស្រុកត្រពាំងប្រាសាទ។ មូលហេតុដែល រូបនាងមិនជិត ឪពុក និងម្តាយ ក៏ព្រោះការធ្វើដំណើរពីផ្ទះទៅ​សាលា មានចម្ងាយឆ្ងាយ។ មួយវិញទៀត ឪពុករបស់នីមល គឺជាទាហានការពារនៅតាមព្រំដែននៅ​ស្រុកត្រពាំងប្រាសាទ។ ចំណែក ម្តាយវិញ គឺជាស្រ្តីមេផ្ទះ។
 
ជាក្មេងស្រីរស់នៅតាមជនបទ និងមានជីវភាពមធ្យម នីមល ជាក្មេងស្រីមួយរូប ដែលរៀនពូកែក្នុងចំណោមសិស្សដទៃទៀតក្នុងសាលា។ 
 
ការសិក្សារបស់ នីមល មានភាពសកម្មខ្លាំង ពោលនៅដើមឆ្នាំនៃថ្នាក់ទី១២ ជាពេលវេលាដែលរូបនាង ប្រឹងសិក្សាខុសពីរាល់ដង។ ការទន្ទេញមេរៀន ធ្វើលំហាត់ និងស្វ័យសិក្សាជាមួយមិត្តភក្តិ គឺជាទម្លាប់ជា​ប្រចាំអំឡុងពេលមុនការប្រឡងចូលមកដល់។
 
យុវតីវ័យ១៨ឆ្នាំរូបនេះ រៀបរាប់ថា ចំពោះការប្រឡងបាក់ឌុបនេះ ទាំងសាលា គ្រួសារតែងរំពឹងថា នីមលនឹងទទួលបាននិទ្ទេសA ប៉ុន្តែសម្រាប់យុវតីរូបនេះ ហាក់ធ្លាក់ទឹកចិត្តបន្ទាប់ពីមុខវិជ្ជា គណិតវិទ្យាបានភ្លាត់ស្នៀតត្រង់ចំណុចខ្លះ។ បើទោះជាយ៉ាងណាក្តី នៅតែមិនធ្វើឱ្យមនុស្សនៅជុំវិញខ្លួនខកបំណងនោះឡើយ ពីព្រោះលទ្ធផលបានបង្ហាញថា កញ្ញា ប៉ែត នីមល ទទួលនិទ្ទេស A។
 
«នៅថ្ងៃប្រកាសលទ្ធផល ខ្ញុំកំពុងស្នាក់នៅ ភ្នំពេញ ជាមួយបងស្រីជីដូនមួយ។ គ្រាន់តែឃើញភ្លាម ខ្ញុំស្រែកចង់បែកបន្ទប់ រួចទូរស័ព្ទទៅម៉ាក់ ប្រាប់គាត់ថា កូនបាន A ហើយ»។ កញ្ញា ប៉ែត នីមល រំលឹក​ឡើងយ៉ាង​ដូច្នេះ។
 
នីមល មិនបាន​ដាក់ពាក្យ​ស្នើ​សុំអាហារូបករណ៍​ពី​គ្រឹះស្ថាន​អប់រំណាមួយ​ឡើយ ដោយ​សារ​ យុវតីរូបនេះ ស្រឡាញ់​ខាងពេទ្យ ដែលជាជំនាញ​តម្រូវឲ្យមាន​ការប្រឡង​ចូល។ ThmeyThmey ក៏បានចោទសួរថា តើគ្រួសាររបស់ នីមល នឹងផ្គត់ផ្គង់ឱ្យកញ្ញាបន្តការសិក្សានៅភ្នំពេញឬទេ អំឡុងពេលនោះ? កញ្ញាបាន​តបវិញ​ ៖«ចាស គ្រួសាររបស់ខ្ញុំ គាត់ឱ្យខ្ញុំមករៀនបន្តនៅភ្នំពេញ។ មួយវិញទៀត ខ្ញុំក៏កំពុងរៀនបន្ថែម ដើម្បីត្រៀមប្រឡងពេទ្យផងដែរ»។
 
ជួង រូស្សា សម្រេច​បាន​រៀន​បង់​ថ្លៃនៅដេប៉ាតឺម៉ង់គណិត​វិទ្យានៅភ្នំពេញ
 
ក្រឡេកមកយុវតី ជួង រូស្សា វិញ នាង​មាន​ជីតាឈ្មោះ អ៊ុំ ថន ដែល​ជាអតីតទាហាន។ លោកបានចូលនិវត្តន៍នៅវ័យ ៦៤ឆ្នាំ បច្ចុប្បន្នជីតារបស់ រូស្សាមានវ័យ៦៧ឆ្នាំហើយ។ ឯ ឪពុកម្តាយ គឺជាកសិករធ្វើស្រែចម្ការ និងប្រកបមុខរបរដឹកឥវ៉ាន់បន្តិចបន្តួច។ យុវតីរូបនេះ មានបងប្អូនចំនួន ២នាក់ ដោយ រូស្សាគឺជាកូនច្បង។


 កញ្ញា ជួង រូស្សា ជាសិស្សជាប់និទ្ទេស A មកពីវិទ្យាល័យ អន្លង់វែង និងជាចៅស្រី របស់អតីតទាហានការពារព្រំដែន ខេត្តឧត្តរមានជ័យ។ រូបភាព៖ ជួង​ រូស្សា

 
មិនមែនគ្រប់គ្នាអាចធ្វើបានឡើយ ប៉ុន្តែយុវតីវ័យ១៧ឆ្នាំរូបនេះ មានក្តីរំពឹងខ្លាំង ទៅនឹងការប្រឡងនេះ។ គ្រួសារ សាលា មិត្តភក្តិជាច្រើន បានដាក់ក្តីសង្ឃឹមពីលទ្ធផលប្រឡងជាប់និទ្ទេស A នេះ។ បើទោះគ្រួសារមានជីវភាពមធ្យម តែ រូស្សា តែងទទួលបានការលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ជានិច្ច។
 
កញ្ញា ជួង រូស្សា បាន​រៀបរាប់តាមទូរសព្ទថា៖ «លទ្ធផលដែលខ្ញុំទទួលបាន ធ្វើឱ្យគ្រួសាររបស់ខ្ញុំកាន់តែមានភាពជឿជាក់មកលើខ្ញុំកាន់តែខ្លាំង។ លើសពីនេះ គាត់ក៏បានលើកទឹកចិត្ត ឱ្យខ្ញុំដាក់ពាក្យប្រឡងគ្រូផងដែរ។ ពីព្រោះ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនគណិតវិទ្យាមួយរូប។
 
តាមពិតទៅ រូស្សា បាន​ដាក់អាហារូបករណ៍ពីរកន្លែង​លើជំនាញ​គណិត​វិទ្យា។ នាង​បាន​ជាប់​នៅ​សាកលវិទ្យាល័យជាតិ​បាត់ដំបង ប៉ុន្តែធ្លាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជម្រើស​របស់ រូស្សា គឺ​ការ​បង់​ថ្លៃ​សិក្សានៅ​ភ្នំពេញ ដោយសារ​នៅទីនេះ នាងអាច​ស្នាក់នៅជាមួយ​បងប្អូន។
 
លទ្ធផលបាក់ឌុប​ដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ បង្ហាញឲ្យឃើញថា សិស្សស្រីរហូតដល់ទៅ៥នាក់នៅវិទ្យាល័យអន្លង់វែង ទទួលបាននិទ្ទេស A ក្នុងចំណោមជ័យលាភីនិទ្ទេស A ទូទាំងខេត្តឧត្តរមានជ័យ។
 
សិស្សស្រីពីវិទ្យាល័យអន្លង់វែងទាំង៥នាក់ ដែលទទួលបាននិទ្ទេស A រួមមាន គ្រី កក្កដា, ជួង រូស្សា, ប៉ែត នីមល, ស៊ន សុម៉ាវត្តី និងរតនៈ សុខនាង។ រីឯសិស្សនិទ្ទេស A មួយរូបទៀតប្រចាំខេត្តនេះ គឺសិស្សប្រុសឈ្មោះ ចាយ វារៈ មកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ ក្នុងស្រុកត្រពាំងប្រាសាទ៕
 
 
 
 
 

Tag:
 ThmeyThmey
  ខេត្តឧត្តរមានជ័យ
  សិស្សនិទ្ទេសA
 ​ ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com