ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ពលរដ្ឋក្រីក្រក្នុងសង្កាត់ស្រយ៉ូវកើនឡើង ព្រោះវិបត្តិកូវីដ និងរងគ្រោះដោយទឹកជំ​នន់
29, Dec 2022 , 6:59 pm        
រូបភាព
ដោយ៖ ឈី សុភ័ក្រ (យុវជនសង្កាត់ស្រយ៉ូវ)
ក្រុងស្ទឹងសែន, កំពង់ធំ៖ ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ លោក ឃុយ ឈី បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានបណ្ណក្រីក្រជាង ៦០០គ្រួសារ ក្នុងនោះមានប្រភេទក្រ១ ចំនួន ២៤២គ្រួសារ និងក្រ២ ចំនួន៣៧៦គ្រួសារ។ លោក ឃុយ ឈី បញ្ជាក់ថា អ្នកទទួលបានបណ្ណក្រីក្រ ក្នុងសង្កាត់ស្រយ៉ូវ នៅឆ្នាំ២០២២នេះ មានការកើនឡើង ដោយសារការរាត្បាតនៃជំងឺកូវី​ដ​-​១៩ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

 
លោក ឃុយ ឈី បានបញ្ជាក់ថា មុនពេលផ្ដល់បណ្ណក្រីក្រទាំង ២ប្រភេទនេះ គឺពួកគេត្រូវឆ្លងកាត់ការសម្ភាសជាមុន ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីពួកគេ ថាតើពិតជាក្រមែនដែរ ឬទេ។ ក្រុមប្រឹក្សារូបនេះ បានបន្តថា ការផ្ដល់បណ្ណក្រីក្រនេះ គឺត្រូវប្រជុំក្រុមប្រឹក្សា ដើម្បីពិនិត្យឈ្មោះដែលខាងមេភូមិបានផ្ដល់ទៅឱ្យឃុំ ឬសង្កាត់មុនពេលអនុម័ត។ លោកថា ៖« ពេលសម្ភាសមានអ្នកខ្លះនិយាយពិត និងអ្នកខ្លះក៏និយាយអត់ពិត ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ត្រូវប្រជុំពិភាក្សាគ្នា មុនពេលសម្រេចឱ្យបណ្ណក្រីក្រ»។
 

ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ លោក ឃុយ ឈី។

លោក ឈី បន្ថែមថា ប្រសិនបើពេលសម្ភាសពួកគាត់ បានប្រាប់ពីទ្រព្យសម្បតិ្តរបស់ពួកគេ ប៉ុន្តែពេលចុះពិនិត្យផ្ទាល់ មិនដូចអ្វីដែលបាននិយាយក្នុងការសម្ភាស គឺមិនអាចផ្ដល់បណ្ណឱ្យពួកគេបាននោះទេ។ ប៉ុន្តែបើពួកគេជាប់ក្នុងការសម្ភាស ត្រូវបែបចែកជា២ គឺពួកគេជាប់បណ្ណក្រ១ ឬក្រ២។ ត្រង់ចំណុចនេះ លោក ឃុឃ ឈី បានបញ្ជាក់ថា ការផ្ដល់បណ្ណក្រីក្រនេះ មានតម្លាភាព ត្រង់អ្នកដែលសម្ភាសរួច ត្រូវបិទបញ្ជីនៅតាមឃុំ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងឃុំជួយពិនិត្យបុគ្គលដែលឃុំដាក់ឈ្មោះ ត្រូវតាមលក្ខខណ្ឌ។ លោកបន្តថា ៖« បើការដាក់រាយនាម អ្នកទទួលបានបណ្ណក្រីក្ររបស់ឃុំ មានភាពលម្អៀង គឺពលរដ្ឋមានសិទ្ធិតវ៉ាបាន»។
 
បណ្ណក្រីក្រមានអត្ថប្រយោជន៍ជាច្រើនដូចជា ពេលទៅព្យាបាលនៅមណ្ឌលសុខភាព​ មិនអស់ថ្លៃសេវានោះទេ។ អ្នកដែលមានកូនរៀននៅសាលា លោកគ្រូ អ្នកគ្រូ មានអាហារូបករណ៍​ឱ្យពួកគេ។ ចំពោះបដិភាគហេដ្ឋារចនាសម្ព័ន្ធ អ្នកដែលទទួលបានបណ្ណនេះ មិនតម្រូវឱ្យពួកគេបង់នោះទេ ពោលគឺជួយកាត់បន្ថយជីវភាពខ្វះខាតរបស់ពួកគេ បានមួយចំណែក។ នេះបើតាមលោក ឃុយ ឈី ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ។
 


រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ គ្រួសារក្រីក្រមានការកើនឡើង ដោយសារប្រទេសជួបវិបត្តិកូវីដ-១៩ និងជួបបញ្ហាគ្រោះទឹកជំនន់។ លោក ឈី លើកឡើងបែបនេះ ហើយបន្តថា ក្នុងអំឡុងពេលកូវីដ-១៩ ប្រជាពលរដ្ឋជាច្រើននាក់ បានជួបបញ្ហាសេដ្ឋកិច្ច ដូច្នេះអាជ្ញាធរសង្កាត់ស្រយ៉ូវបានសម្ភាស៍បន្ថែមទៀត ពោលគឺមានការកើនឡើង សម្រាប់អ្នកដែលត្រូវទទួលបានបណ្ណក្រីក្រ។
 
អ្នកស្រី សាន រ៉ន ពលរដ្ឋរស់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលបណ្ណក្រីក្រប្រភេទ១ ចំនួន ៣ឆ្នាំមកហើយ។ អ្នកស្រីថា បណ្ណក្រីក្រនេះ បានជួយឱ្យអ្នកស្រីទទួលបានថវិកាជាង ២៤ម៉ឺនរៀលជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ 
 
អ្នកស្រី រ៉ន មិនមានប្រកបរបអ្វីនោះទេ ព្រោះមានជំងឺប្រចាំកាយ។ អ្នកស្រីនិយាយទាំងទឹកមុខរីករាយថា៖« ខ្ញុំសប្បាយចិត្តដែលទទួលបានលុយ ២៤៨ ០០០រៀល ពីបណ្ណក្រីក្រ ពេលខ្ញុំទៅមន្ទីរពេទ្យរដ្ឋអត់បង់ថ្លៃសេវា។ ហើយក្រៅពីនោះក៏ទទួលបានត្រីខ ទឹកស៊ីអ៊ីវ និង​អង្ករផងដែរ»។
 
អ្នកស្រី សាន រ៉ន បន្ថែមថា មេភូមិរការ បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឃុំ ជាពិសេសគ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាត៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 
 

Tag:
 បណ្ណក្រីក្រ
  សង្កាត់ស្រយ៉ូវ
© រក្សាសិទ្ធិដោយ thmeythmey.com