ជាតិ
ប៉ូលិសម្នាក់ បាត់បង់ជីវិត ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន
29, Dec 2022 , 4:19 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ Nak Elephants
រូបពីហ្វេសប៊ុក៖ Nak Elephants
នគរបាលជាច្រើនផ្នែក បានរួមកម្លាំងគ្នាចេញធ្វើប្រតិបត្តិការតាមចាប់ឧក្រិដ្ឋជនគ្រឿងញៀន១ក្រុម ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ ប្រតិបត្តិការនេះ មិនបានដំណើរការទៅដោយរលូតឡើយ ដោយពួកឧក្រិដ្ឋជន មានកាំភ្លើង ហើយបានបាញ់តដៃទៅលើកម្លាំងនគរបាលវិញ រហូតបណ្តាលឲ្យនគរបាលម្នាក់ បានបាត់បង់ជីវិត។



ការផ្ទុះអាវុធរវាងកងកម្លាំង និងក្រុមឧក្រិដ្ឋជន ​ចាប់ផ្តើមកើតឡើងនៅតាមបណ្តោយផ្លូវព្រៃស និងត្រូវបញ្ចប់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដោយមានឧក្រិដ្ឋជន៣នាក់ ត្រូវចាប់បាន ឯឧក្រិដ្ឋជនផ្សេងទៀត បានរត់គេចខ្លួន។ នគរបាល ដែលបាត់បង់ជីវិតនោះ គឺលោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដែលជានាយរងការិយាល័យផ្សព្វផ្សាយនៃមន្ទីរប្រឆាំងគ្រឿងញៀន។ 
 
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់សារព័ត៌មានថ្មីៗថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់បាន មានវៀតណាម២នាក់ និងខ្មែរម្នាក់។ លោក អះអាងថា ជនជាតិវៀតទាំង២នាក់ ជាប់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឯជនជាតិខ្មែរម្នាក់ ជាអ្នកបើករថយន្ត។ 
 
លោក ពុំទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់នៃជនង្ស័យផ្សេងទៀត ដែលរត់គេចខ្លួននោះទេ ដោយលោក គ្រាន់តែផ្តល់ព័ត៌មានថា កម្លាំងសមត្ថកិច្ច កំពុងតាមប្រមាញ់ពួកគេ។ លោក បន្តថា សមត្ថកិច្ច កំពុងសាកសួរជនសង្ស័យទាំង៣នាក់។ លោក បន្ថែមថា ចំណែកគ្រឿងញៀន ដែលរឹបអូសបាន សមត្ថកិច្ច កំពុងរៀបចំវេចខ្ចប់ និងថ្លឹង តែមកដល់ពេលនេះ លោក មិនទាន់ទទួលបានព័ត៌មានឡើយថា មានទម្ងន់ប៉ុន្មាន។  
 
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានផ្ញើលិខិតរំលែកទុក្ខជូនទៅក្រុមគ្រួសាររបស់លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ដើម្បីសម្តែងសមានចិត្តចូលរួមរំលែកទុក្ខចំពោះការបាត់បង់លោកវរសេនីយ៍ត្រីរូបនេះ។ តាមរយៈលិខិតរំលែកទុក្ខ លោក នេត សាវឿន និងលោក ឃឹង សារ៉ាត់ លើកឡើងដូចគ្នាថា មរណភាពរបស់លោក ម៉ិច ឆាយភីវ័យ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ គឺជាការបាត់បង់នគរបាលដ៏អង់អាចក្លាហាន៕    
 

Tag:
 បទល្មើសគ្រឿងញៀន
  នគរបាលបាត់បង់ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com