កីឡាជាតិ
ជាតិ
កីឡាកង់ភ្នំ៖ គ្រូជម្រើសជាតិថា បើមិនយល់ពីច្បាប់ ទោះសមត្ថភាពខ្ពស់ ក៏គ្មានសិទ្ធិចូលរួមប្រកួតស៊ីហ្គេម ២០២៣ ដែរ
01, Jan 2023 , 6:29 pm        
រូបភាព
ការប្រកួតប្រភេទកីឡាកង់ភ្នំ។
ការប្រកួតប្រភេទកីឡាកង់ភ្នំ។
ដោយ:
«ធម្មតានៅក្នុងកីឡាគេមានច្បាប់ទម្លាប់របៀបកីឡា អ៊ីចឹង បណ្តា ក្លិប-ក្រុមត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីកីឡាកង់ភ្នំ ថាតើការប្រកួតខ្នាតអន្តរជាតិគេលេងបែបម៉េច។ បើសិនគ្មានច្បាប់ទម្លាប់ច្បាស់លាស់ទេ យើងអត់អាចទៅលេងលក្ខណៈអន្តរជាតិបានទេ»។ លោក អ៊ុច សុខវិបុល គ្រូជម្រើសជាតិកីឡាកង់ភ្នំ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ក្រោយមើលឃើញយុវជនជំនាន់ក្រោយស្រលាញ់ និងចូលចិត្តការប្រកួតប្រជែងកង់ភ្នំដែលជាវិញ្ញាសាលំបាក ក្នុងប្រភេទកីឡាទោចក្រយាន។

 
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ទើបតែបញ្ចប់ទៅកាលពីថ្មីៗនេះ ដែលជាការរៀបចំដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីស្វែងរកកីឡាករ-កីឡាការិនី ដែលមានគុណផលខ្ពស់ដើម្បីទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង។
 
ទាំងវិញ្ញាសាកង់គក់ និងវិញ្ញាសាកង់ភ្នំ មានយុវជនជាច្រើនដែលស្រលាញ់ និងបានចូលរួមយ៉ាងច្រើនកុះករដោយក្តីស្រលាញ់ និងពេញចិត្តប្រកួតប្រជែងដោយសមត្ថភាព យុត្តិធម៌ និងត្រឹមត្រូវស្របតាមលក្ខន្តិកៈនៃការប្រកួតដែលបានតាមដាន និងត្រួតពិនិត្យដោយគណៈកម្មការជំនាញ។


ការប្រកួតប្រភេទកីឡាកង់គក់ចម្ងាយ១៦០គីឡូម៉ែត្រ វិញ្ញាសាយុវជនអាយុក្រោម១៨។
 
លោក អ៊ុច សុខវិបុល គ្រូជម្រើសជាតិប្រភេទកីឡាកង់ភ្នំ មើលឃើញការចូលរួមរបស់យុវជនជំនាន់ក្រោយជាច្រើននាក់ស្ម័គ្រចិត្ត និងហ៊ានលះបង់ដើម្បីការប្រកួតប្រជែងលើប្រភេទវិញ្ញាសាដ៏លំបាកនេះ ដោយភាពម៉ឺងម៉ាត់ និងមានឆន្ទៈតស៊ូមុះមុតជាខ្លាំង។
 
លោក អ៊ុច សុខវិបុល និយាយថា៖«ថ្មីៗនេះយើងឃើញថាក្មេងៗគាត់ចូលរួមលេងច្រើនមែនទែន ជាពិសេសក្នុងផ្នែកកង់ភ្នំ វិញ្ញាសាយុវជនអាយុក្រោម ១៨ឆ្នាំហ្នឹង ក្មេងៗច្រើនណាស់។ ទាំងអស់នេះ អាចសម្គាល់បានថា ដោយសារអត្តពលិកកង់ភ្នំជម្រើសជាតិកម្ពុជាយើង បានទៅប្រកួតនៅស៊ីហ្គេម ក៏ដូចជាក្រៅស្រុក ទើបបណ្តាលចិត្តឱ្យយុវជននេះគាត់ងាកមកចាប់អារម្មណ៍ច្រើនមែនទែន»។
 
លោក សុខវិបុល បន្តថា៖«ទាំងអស់នេះក៏ជាឱកាសល្អមួយ ដែលក្មេងៗទាំងអស់ចូលរួមលេង យើងត្រូវដឹងដែរថាពេលឥឡូវចលករក្មេងៗ មានការចូលរួមលេងច្រើន តែត្រូវទាមទារឱ្យមានការគ្រប់គ្រង អប់រំ ការណែនាំ ដើម្បីឱ្យក្មួយៗ ប្អូនៗ ជាកីឡាករ-កីឡាការិនី ទាំងអស់គាត់ស្គាល់ពីច្បាប់ទម្លាប់នៃកីឡា»៕

Tag:
 កីឡាទោចក្រយាន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com