ជាតិ
សម្តេច ហ៊ុន សែន៖ សូមអញ្ជើញប្រជាជនចិន ទេសចរចិន មកទស្សនាកម្ពុជា!
02, Jan 2023 , 8:26 am        
រូបភាព
ដោយ: រួបរួម
កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ចិន។ សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះ នាពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវភ្ជាប់ក្រោមជំនួយសម្បទានពីរដ្ឋាភិបាលចិន ថ្ងៃទី២ ខែមករា នេះ។

 
ប្រមុខរដ្ឋាភិបាលកម្ពុជា ភ្ជាប់ទៅនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនអំពីការបើកប្រទេសឡើងវិញ ហើយរំពឹងលំហូរទេសចរណ៍មកកាន់ព្រះរាជាណាចក្រមួយនេះ។ សម្តេចបានបញ្ជាក់ថា៖ «អ្នកតឹងតែងជាមួយចិន ក៏តឹងតែងទៅចុះ កម្ពុជាមិនតម្រូវលក្ខខណ្ឌអ្វីឡើយ ចិនអាចមកទស្សនាកម្ពុជាធម្មតា»។ 
 
សម្តេច ហ៊ុន សែន រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងតាមរយៈការងើបឡើងវិញនៃវិស័យទេចរណ៍ ដោយកន្លងមកកម្ពុជាទទួលបានទេសចរបរទេស ២,២លាននាក់ ហើយសម្តេចថា កម្ពុជាអាចនឹងទទួលយ៉ាងហោចណាស់ទេសចរចិន២លាននាក់បន្ថែមទៀត។
 
«សូមអញ្ជើញប្រជាជនចិន ទេសចរចិន មកទស្សនាកម្ពុជា»។ សម្តេចបានអំពាវនាវបែបនេះ ខណៈប្រទេសមួយចំនួនបានកំណត់លក្ខខណ្ឌផ្សេងៗសម្រាប់ទេសចរពីចិន។ ជាមួយគ្នានេះ សម្តេចក៏បានរំលឹកពីទស្សនកិច្ចរបស់សម្តេចនៅចិន នាអំឡុងពេលដែលចិនចាប់ផ្តើមរាលដាលកូវីដ-១៩៕
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com