ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មណ្ឌលសុខភាពអន្សាចំបក់ សង់ជម្រាល​ ដើម្បីលើកកម្ពស់សុ​ខុ​មាល​ភាពជន​មានពិការភាព
03, Jan 2023 , 7:59 am        
រូបភាព
ដោយ៖ បូ ចាន់រ៉ា (យុវជនឃុំអន្សាចំបក់) 
ស្រុកក្រគរ, ពោធិ៍សាត់ ៖ មណ្ឌលសុខភាពអន្សាចំបក់ បានសាងសង់ជម្រាលសម្រាប់ជនមានពិការភាព និងបន្ទប់ទឹក ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរ របស់អ្នកមានពិការភាព មកទទួលសេវាពិនិត្យ ឬព្យាបាល។ ជនមានពិការភាព ត្រូវបានជំរុញ និងលើកទឹកចិត្តឱ្យមកទទួលសេវា នៅមណ្ឌលសុខភាពឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពពួកគេ។



លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ បានឱ្យដឹងថា សព្វថ្ងៃ មានពលរដ្ឋមានពិការភាពតិចតួចប៉ុណ្ណោះ ដែលជ្រើសយកសេវាពិនិត្យ និងព្យាបាលជំងឺ នៅមណ្ឌលសុខភាពអន្សាចំបក់។ ភាគច្រើនពលរដ្ឋទាំងនោះ មកទទួលសេវាព្យាបាលទូទៅ និងចាក់វ៉ាក់សាំងជំងឺកូវីដ-១៩។ 
 
ជនមានពិការភាព ត្រូវបានលើកកម្ពស់សុខុមាលភាព តាមរយៈការលើកលែងបង់ថ្លៃ និងសេវាលឿនរហ័ស។ មណ្ឌលសុខភាពអន្សាចំបក់ មានជម្រាលចំនួន២ និងបន្ទប់ទឹកពិសេស ១កន្លែង ដែលផ្ដល់ភាពងាយស្រួល ដល់ការធ្វើដំណើរ ​និងបន្ទាបង់ របស់អ្នកដែលមានពិការភាព​។
 
លោកស្រី រស់ ស្រីឌី ប្រាប់ដូច្នេះថា៖ «ចំពោះជន(មាន)ពិការ(ភាព) យើងបានផ្ដល់អាទិភាពដល់ពួកគាត់មុនគេ ព្រោះគាត់ពិបាកទាំងការអង្គុយ ដើរ និងគេង។ អ៊ីចឹង យើងផ្ដល់សេវាឱ្យពួកគាត់ត្រឹមត្រូវ ប្រសិនបើ គាត់ជិះរទះ យើងមានជម្រាល សម្រាប់ពួកគាត់ធ្វើដំណើរ។ សូម្បីតែបន្ទប់ទឹក ក៏មានសម្រាប់ជន(មាន)ពិការ(ភាព) ដែរ»។
 
ដោយសារស្ថានភាពជនមានពិការភាព ដែលមកទទួលសេវានៅមណ្ឌលសុខភាព មានចំនួនតិចតួចនៅឡើយ លោកស្រី រស់ ស្រីឌី ថា ជម្រាលជនពិការ និងបន្ទប់ទឹក ដែលមាននៅពេលនេះ គឺគ្រប់គ្រាន់ហើយ។ 
 
គ្រូពេទ្យរូបនេះ បានអំពាវនាវដល់ជនមានពិការភាពទាំងអស់ ងាកមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពអន្សាចំបក់ កាន់តែច្រើន។ ស្របពេល មណ្ឌលសុខភាព ប្ដេជ្ញាពង្រឹងសេវាលឿនរហ័ស ទំនុបចិត្ត និងភាពរួសរាយរាក់ទាក់។ លោកស្រី រស់ ស្រីឌី ប្រាប់ដូច្នេះថា៖« ខ្ញុំចង់ឱ្យពួកគាត់(ជនមានពិការភាព) ហ្នឹង មកមណ្ឌលសុខភាពព្យាបាលឱ្យបានច្រើន ព្រោះអី គ្រូពេទ្យសុទ្ធតែរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ក្នុងការថែទាំជំងឺរបស់ពួកគាត់។ យើងអត់ឱ្យពួកគាត់ មានបញ្ហា ឬការលំបាក អ្វីនោះទេ»៕  
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 សុខភាព
  មណ្ឌលសុខភាព
  ជនមានពិការភាព
  ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com