ជាតិ
ព្រះសីហនុ កំពត សៀមរាប បាត់ដំបង និងខេត្តកំពង់ស្ពឺ មានសកម្មភាពទេសចរណ៍ខ្លាំង ក្នុងឆ្នាំ២០២២
03, Jan 2023 , 11:39 am        
រូបភាព
រូបភាពពី៖ ប្រសួងទេសចរណ៍
រូបភាពពី៖ ប្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖​ នាឆ្នាំ២០២២កន្លងទៅ ខេត្តចំនួន៥ ហាក់មានភាពលេចធ្លោ ដោយសារមានភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់។ ខេត្តទាំងនោះមាន  ខេត្តព្រះសីហនុ កំពត សៀមរាប បាត់ដំបង និងខេត្តកំពង់ស្ពឺ។


 
ខេត្តព្រះសីហនុ ជាខេត្តមួយដែលមាន​សក្ដានុពល​ពី​ធម្មជាតិ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ   បាន​ទាក់​ទាញ​ទេសចរទៅកម្សាន្តជាច្រើន និងជាខេត្តដែលលេចធ្លោក្នុង២០២២ផងដែរ។  ផ្លូវស្អាត  មានអាគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធតាមមាត់ឆ្នេរ និងមានទេសភាពដ៏ស្រស់ត្រកាលនេះ បានទាក់ទាញចិត្តទេសចរឱ្យភ្ញៀវទេសចរជាច្រើន សម្រុកទៅកម្សាន្តនៅខេត្តមួយនេះ។ 
 

ទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុ។ រូបភាព៖ គី ចំណា

បើតាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ខេត្តព្រះសីហនុមានកំណើនទេសចរជាច្រើនមកកម្សាន្តក្នុងឆ្នាំ២០២២ ដោយសារចង់ឃើញមុខមាត់ថ្មីរបស់ខេត្តព្រះសីហនុ និងខ្លះទៀតចង់សាកផ្លូវល្បឿនលឿនពី ភ្នំពេញ-ព្រះសីហនុផងដែរ។ 
 
ប្រជាពលរដ្ឋកម្ពុជា ទៅកម្សាន្តនៅខេត្តមួយនេះ កត់សម្គាល់ថា ទេសចរជាតិនិយមទៅកម្សាន្តនៅតាមឆ្នេរអូត្រេះ ឆ្នេរអូរឈើទាល និងមុជទឹកមើលផ្កាថ្ម។ ចំណែកឯ គោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះសីហនុ រួមមាន ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា​ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​សង្សារ និង​កោះពស់​ជាដើម។ នេះជាការបញ្ជាក់របស់លោក គួច ចំនរើន អភិបាលខេត្តព្រះសីហនុ។
  

រមណីយដ្ឋានអង្គរ

ជាមួយគ្នានេះ ខេត្តនៅជាប់មាត់សមុទ្រមួយទៀត ដែលមានភាពល្បីល្បាញមិនចាញ់ខេត្តព្រះសីហនុប៉ុន្មានដែរ នោះគឺខេត្តកំពត។ កំពត ជាខេត្តមួយដែលមាន សមុទ្រ ព្រែក ភ្នំ និងនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ។ ខេត្តជាប់សមុទ្រមួយនេះ មានកន្លែងកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ ក៏ដូចជាទេសភាពយ៉ាងស្រស់ត្រកាលទាក់ទាញទេសចរដើរកម្សាន្តផងដែរ។
 
ខេត្តកំពត មាន​តំបន់​ទេសចរណ៍​ទាក់ទាញជាច្រើនកន្លែង ក្នុងនោះ​មាន​តំបន់​សមុទ្រ​ ទឹកធ្លាក់ ព្រៃកោងកាង និង​តំបន់​ព្រៃភ្នំ​ជាដើម​។ លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានប្រាប់ថាដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើន អាជ្ញាធរខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បានរៀបចំ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន សម្រាប់អ្នកទេសចរ​។​
  

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត

តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តកំពត រួមមាន តំបន់តាមមាត់ព្រែក ​ ឧទ្យានដងព្រែក រមណីយដ្ឋានដូងទេរ រមណីយដ្ឋានទឹកឈូរ ទឹកធ្លាក់តាដា និងភ្នំបូកគោជាដើម។ បន្ថែមពីនេះទេសចរ ក៏អាចកម្សាន្តពេលរាត្រី នៅទីរួមខេត្តកំពតដូចជា ដើរកម្សាន្តក្នុងខេត្ត ផ្សាររាត្រី និងជិះទូកមើលអំពិលអំពែកជាដើម។  ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពតរូបនេះ ។
 
យ៉ាងណាមិញ កត្តាដែលធ្វើឱ្យខេត្តកំពតនៅតែមានទេសចរទៅកម្សាន្ត ព្រោះតែខេត្តកំពតសម្បូរទៅដោយធម្មជាតិ ភ្នំ មានម្ហូបអាហារ ឆ្ងាញ់ៗជាច្រើន ក៏ដូចជាខេត្តកំពត​មាន​សណ្ឋាគារ បឹង​កា​ឡូ និង​ផ្ទះសំណាក់​សម្រាប់ទេសចរស្នាក់ផងដែរ។
  

រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពត

ខេត្តសៀមរាប ហាក់បីទេសចរចាប់អារម្មណ៍ខ្លាំងក្នុងឆ្នាំ២០២២នេះ។  ខេត្តសៀមរាបជាខេត្តមួយដែលល្បីល្បាញ មាន​ប្រាសាទអង្គរវត្ត ហើយសៀមរាប ជា​ទឹក​ដី​មាន​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែបបំផុត​នៅ​កម្ពុជា រួម​មាន​ទាំង​បែប​វប្បធម៌​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ភាគ​ច្រើន​តែង​សំដៅ​តំបន់​អង្គរ​មុន​គេ ពេល​ទៅ​ដល់​ទឹក​ដីដ៏​អច្ឆរិយ​មួយ​នេះ។ 
 
បន្ថែមពីនេះ ខេត្តសៀមរាប មានកន្លែងជាច្រើនដែលទេសចរតែងតែនិយមទៅកម្សាន្តនៅទីនោះ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន សារមន្ទីរមីន សារមន្ទីរសង្គ្រាម ភូមិវប្បធម៌កម្ពុជា សារមន្ទីរជាតិអង្គរ ឧទ្យានជាតិភ្នំគូលែន រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន ផាប់ស្ទី្រត បារាយណ៍ទឹកថ្លា ពិភពទឹកអង្គរ ។
  

រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង

នៅ​សៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេ គឺជាប្រាសាទស្ថិតក្នុងរមណីយដ្ឋានអង្គរដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមនឹងប្រាសាទជាច្រើនផ្សេងទៀត។ ឆ្នាំ២០២២កន្លងទៅ ខេត្តសៀុមរាប ទទួលទេសចរច្រើនជាងឆ្នាំ២០២១ ដោយសារមានវិបត្តិកូវីដ-១៩ កំណើនទេសចរមិនសូវច្រើនដូចឆ្នាំ២០២២ឡើយ។
 
យ៉ាងណាមិញ ខេត្តបាត់ដំបង ក៏ទទួលបានការគាំទ្រពីភ្ញៀវទេសចរច្រើនណាស់ដែរនាឆ្នាំ២០២២ ដោយសារតែខេត្តមួយនេះ សម្បូរដោយទេសចរណ៍បែបវប្បធម៌ សំណង់បុរាណ និងទេសភាពយ៉ាងស្រស់ត្រកាលផងដែរ ។​ ខេត្តបាត់ដំបង បានលេចរូបរាងនៅតំបន់ទេសចរណ៍កែច្នៃជាច្រើន ធ្វើឱ្យភ្ញៀវទេសចរកាន់តែចាប់អារម្មណ៍ទៅកម្សាន្ត ខេត្តមួយនេះ កាន់តែច្រើន។
 
ទេសចរភាគច្រើនទៅលេងខេត្តបាត់ដំបង ព្រោះចង់ទស្សនាតាមជើងភ្នំបែបធម្មជាតិ ជិះឡូរី និងជាពិសេសទេសចរនិយមថតរូបនៅតាមសួនផ្កា ដែលជាតំបន់ទេសចរណ៍កែច្នៃ។  គោលដៅសំខាន់ៗ ក្នុងខេត្តបាត់ដំបង រួមមាន  រមណីយដ្ឋានប្រាសាទបាណន់ ប្រាសាទឯកភ្នំ  ប្រាសាទស្នឹង ប្រាសាទបាសែត ភ្នំសំពៅ អាងកំពីងពួយ ល្អាង ១០០ ភ្នំប្រាំពីរ ទឹកធ្លាក់ចំការស្វាយ ចំការមៀន ទឹកធ្លាក់ថ្មដាចំការទុរេន ស្ទឹងថ្វាក ចំការទុរេនអូរតង ទឹកធ្លាក់ភ្នំកំពូល ទឹកពុះកំរៀង ទឹកធ្លាក់៥៣ភ្នំព្រឹក នគរជុំភ្នំព្រឹក សួនទឹកសុភមង្គល និងឡូរីជើងភ្នំបាណន់ជាដើម។
  

ឧទ្យានជាតិគិរីរម្យ
 
ខេត្តកំពង់ស្ពឺ ក៏​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិផងដែរ ក្នុងឆ្នាំ២០២២។ ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលសម្បូរទៅដោយធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល។ ខេត្តនេះ ក៏មានកន្លែងជាច្រើន ដែលទេសចរភាគច្រើនមើលរំលង។ លើសពីនេះ តំបន់ទេសចរណ៍ល្បីៗក្នុងខេត្តកំពង់ស្ពឺ មាន ភ្នំខ្នងផ្សា ភ្នំឱរ៉ាល់ ឧទ្យានជាតិគិរីរម្យ និងទឹកធ្លាក់ជ្រៀវ ជាដើម។ 
ខេត្តកំពង់ស្ពឺ ក៏បានផ្លាស់ប្ដូរមុខមាត់ថ្មីដែរក្នុងឆ្នាំ២០២២។ ភ្ញៀវទេសចរ ហាក់បីទៅកម្សាន្តនៅខេត្តកំពង់ស្ពឺច្រើនគួរឱ្យកត់សម្គាល់។ កំណើនទេសចរនេះ បានធ្វើឱ្យប្រជាជនតាមមូលដ្ឋានទេសចរណ៍ផ្ទាល់ទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។ 
 
ក្រៅពីខេត្តទាំង៥នេះ ខេត្តមួយចំនួនផ្សេងទៀតក៏នៅតែមានភ្ញៀវទេសចរទៅកម្សាន្តដែរ។ តែទោះយ៉ាងណា ខេត្តមួយចំនួនភាគច្រើនមានទេសចរក្នុងខេត្ត​ប៉ុណ្ណោះ៕  
 

Tag:
 ThmeyThmey25
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com