ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ ណែនាំឲ្យព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ចុះជួបក្មេងរងគ្រោះដល់ផ្ទះ ជំនួសការហៅទៅតុលាការ
05, Jan 2023 , 1:59 pm        
រូបភាព
 អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ស្រក់ទឹកភ្នែក ពេលស្នើសុំសម្តេច ហ៊ុន សែន ជួយធ្វើកិច្ចអន្តរាគមន៍ឲ្យតុលាការបញ្ឈប់ការហៅក្មេងៗអាយុពី៥ឆ្នាំចុះក្រោមដែលរងគ្រោះពីការរំលោភបំពាន ឡើងតុលាការ។ យុវតីម្នាក់ បានទៅជូតទឹកភ្នែកឲ្យអ្នកស្រី។
អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ស្រក់ទឹកភ្នែក ពេលស្នើសុំសម្តេច ហ៊ុន សែន ជួយធ្វើកិច្ចអន្តរាគមន៍ឲ្យតុលាការបញ្ឈប់ការហៅក្មេងៗអាយុពី៥ឆ្នាំចុះក្រោមដែលរងគ្រោះពីការរំលោភបំពាន ឡើងតុលាការ។ យុវតីម្នាក់ បានទៅជូតទឹកភ្នែកឲ្យអ្នកស្រី។
ដោយ៖ ទេពញាណ

ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចចុះទៅជួបជនរងគ្រោះអាយុចាប់ពី១០ឆ្នាំចុះក្រោម ដល់ផ្ទះរបស់ពួកគេដោយផ្ទាល់ ដើម្បីស្វែងរកចម្លើយ ហើយនៅដំណាក់កាលកាត់ក្តី ចៅក្រមជំនុំជម្រះ អាចដាក់របាំង ដើម្បីកុំឲ្យជនរងគ្រោះជាក្មេង ជួបតទល់នឹងជនល្មើស។ នេះជាខ្លឹមសារគ្រឹះក្នុងសេចក្តីណែនាំរបស់រដ្ឋមន្រ្តីយុត្តិធម៌។ 



បន្ទាប់ពីទទួលបានបញ្ជាពីនាយករដ្ឋមន្រ្តីមន្រ្តី ៣-៤ថ្ងៃក្រោយមក លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ធ្វើសេចក្តីណែនាំភ្លាម ទៅប្រធានតុលាការគ្រប់រាជធានី-ខេត្ត អំពីការអនុវត្តនីតិវិធីលើអនីតិជន ឬជនដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម។ តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំអំពីនីតិវិធីទាំង៣ដំណាក់កាល ដែលត្រូវអនុវត្តលើអនីតិជន គឺដំណាក់កាលស៊ើបអង្កេតដោយព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរដោយចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះដោយចៅក្រមជំនុំជម្រះ។  
 
ចំពោះដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលស៊ើបសួរ មានសេចក្តីណែនាំ១ដូចគ្នា គឺ ក្នុងករណីដែលជនរងគ្រោះជាអនីតិជន ស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស «អនីតិជនអាយុក្រោម១០ឆ្នាំ» ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋានរបស់ពួកគេដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាអនុវត្តនីតិវិធីចាំបាច់ផ្សេងទៀត។ 
 
រីឯ នៅដំណាក់កាលជំនុំជម្រះ លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំថា ក្នុងករណីចាំបាច់បំផុត ចៅក្រមជំនុំជម្រះ ត្រូវរៀបចំរបាំង ឬប្រើប្រាស់វិធីសមស្របផ្សេងទៀត ដោយធ្វើយ៉ាងណាចៀសវាងឲ្យបានជាអតិបរមានូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន។ លោករដ្ឋមន្រ្តី លើកឡើងថា ការជួបតទល់ដោយផ្ទាល់ អាចបង្កឲ្យជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច ហើយការដែលជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច អាចប៉ះពាល់ដល់ការស្វែងរកការពិតផង និងអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេផង។ 
 
លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំត្រង់កន្លែងនេះទៀតថា ដើម្បីការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ជនរងគ្រោះជាអនីតិជន ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការសវនាការជាអសាធារណៈ តាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ 
 
លោករដ្ឋមន្រ្តី បញ្ជាក់ថា ការណែនាំបន្ថែម ឲ្យអនុវត្តនីតិវិធីទាំង៣ដំណាក់កាលនេះលើអនីតិជន គឺដើម្បីធានាប្រសិទ្ធភាពនៃការស្រាវជ្រាវរកការពិត និងការពារប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន។ 
 
ក្នុងពិធីសំណេះសំណាលជាមួយកុមារី និងយុវតី នៅអង្គការអាហ្វេស៊ីប កាលព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអ្នកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យធ្វើកិច្ចការរួមគ្នា ដើម្បីស្នើឲ្យតុលាការបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះក្រោម ឡើងតុលាការ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ស្នើដោយខ្លួនឯងផ្ទាល់ដែរ សុំកុំឲ្យតុលាការហៅក្មេងៗអាយុចាប់ពី៥ឆ្នាំចុះក្រោម ឡើយតុលាការ ដោយតម្រូវឲ្យតែមេធាវីរបស់ពួកគេឡើងបានហើយ។ សម្តេច ប្រកាសដូច្នេះថា៖«ខ្ញុំ នឹងធ្វើការជាមួយខាងផ្នែកយុត្តិធម៌ ដើម្បីឲ្យតុលាការយល់ព្រមលើបញ្ហានេះ»។
 
សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុកថា ការហៅក្មេងៗដែលជាជនរងគ្រោះពីការរំលោភបំពាន ឡើងតុលាការ ថាជាការបំបាក់ស្មារតីរបស់ពួកគេបន្ថែមទៀត។ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ជាអ្នកស្នើទៅសម្តេច ដើម្បីជួយធ្វើកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះ ឡើងតុលាការ៕ 
 
 

Tag:
 អនីតិជន
© រក្សាសិទ្ធិដោយ thmeythmey.com