អន្តរជាតិ
រថយន្តអគ្គិសនីមានចំណែកជាង៨០ភាគរយនៃការលក់រថយន្តថ្មីនៅន័រវេស
07, Jan 2023 , 8:59 am        
រូបភាព
យានជំនិះអគ្គិសនី​ប្រមាណ៤ក្នុងចំណោមរថយន្តថ្មី៥នៅន័រវេស ត្រូវបានពលរដ្ឋទិញយកទៅប្រើប្រាស់កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខដែលបានចេញផ្សាយរដ្ឋាភិបាលន័រវេសនៅថ្ងៃទី២ ខែមករា។



ក្នុងសេចក្ដីប្រកាសរបស់ទីភ្នាក់ងារសហព័ន្ធផ្លូវន័រវេស (OFV) ដែលជាផ្នែកមួយក្រោមការគ្រប់គ្រងរបស់ក្រសួងដឹកជញ្ជូន និងគមនាគមន៍ន័រវេស នៅថ្ងៃទី២ ខែមករា ទីផ្សារលក់រថយន្តថ្មីនៅន័រវេសកាលពីឆ្នាំមុនស្ទើរតែត្រូវបានគ្រប់គ្រងដោយការលក់យានជំនិះអគ្គិសនី។ រថយន្តអគ្គិសនីប្រមាណ១៣៨ ២៦៥គ្រឿងត្រូវបានលក់ចេញនៅន័រវេសកាលពីឆ្នាំមុន ដែលស្មើនឹងជាង៧៩,៣ភាគរយនៃការលក់រថយន្តសរុបក្នុងប្រទេស។ 
 
បើតាម OFV ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បានឈរនៅលើកំពូលតារាងជាមួយនឹងចំណែកទីផ្សារ១២,២ភាគរយ។ 
 
ខណៈពលរដ្ឋងាកទៅប្រើប្រាស់យានជំនិះអគ្គិសនីកាន់តែច្រើន ន័រវេស ដែលជាប្រទេសផលិតប្រេង និងឧស្ម័នដ៏សំខាន់ ក៏ដូចជាប្រទេសឈានមុខក្នុងការប្រើប្រាស់រថយន្តគ្មានការបំភាយឧស្ម័ន អាចបំបែកកំណត់ត្រាលក់យានជំនិះអគ្គិសនីក្នុងឆ្នាំ២០២១ ដែលមាន ៦៤,៥ ភាគរយបានយ៉ាងងាយស្រួល។ លើសពីនេះ OFV ក៏បានបញ្ជាក់ថា នៅខែធ្នូ រថយន្តអគ្គិសនីបានលក់ចេញ៨២,៨ភាគរយ​នៃចំនួនរថយន្តសរុបដែលបានលក់ចេញ ខណៈពលរដ្ឋប្រញាប់ប្រញាល់ទិញមុនពេលការផ្លាស់ប្តូរពន្ធចូលជាធរមាននៅឆ្នាំ២០២៣។ 
 
ន័រវេសមានបំណងចង់ឱ្យរថយន្តថ្មីទាំងអស់ជារថយន្តដែលគ្មានការបំភាយឧស្ម័ន ឬរថយន្តដើរដោយថាមពលអគ្គិសនី និងអ៊ីដ្រូសែននៅត្រឹមឆ្នាំ២០២៥។ ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលន័រវេសកន្លងមក បានលើកលែងការបង់ពន្ធ និងបានបន្ទាបតម្លៃសម្រាប់តម្លៃផ្លូវ និងចំណតសាធារណៈដល់រថយន្តអគ្គិសនី៕
 

Tag:
 ន័រវេស
© រក្សាសិទ្ធិដោយ thmeythmey.com