អន្តរជាតិ
ជប៉ុន ផ្ដល់ប្រាក់៧៥០០ដុល្លារក្នុងកូនម្នាក់សម្រាប់គ្រួសារដែលចាកចេញពីទីក្រុងតូក្យូ
07, Jan 2023 , 10:29 am        
រូបភាព
រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ប្រាក់ឧបត្ថម្ភមួយលានយ៉េន ស្មើនឹង៧,៥០០ដុល្លារក្នុងកូនម្នាក់​សម្រាប់​គ្រួសារដែលចាកចេញពីទីក្រុងតូក្យូ។ ថវិកាលើកទឹកចិត្តនេះ ជាវិធានការដែលរដ្ឋាភិបាលជប៉ុន ព្យាយាមដោះស្រាយបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជននៅតំបន់ផ្សេងៗទៀត ស្របពេលដែលរាជធានីតូក្យូមានប្រជាជនខ្នាន់ខ្នាប់។

 
យោងរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយជប៉ុន ការផ្ដល់ថវិកាមួយលានយ៉េនសម្រាប់ក្រុមគ្រួសារ​ដែល​សម្រេចចិត្តចេញពីទីក្រុងតូក្យូនឹងប្រកាសជាផ្លូវការក្នុងខែមេសា ហើយនេះជាផ្នែកមួយនៃគោលនយោបាយជំរុញប្រជាជនឱ្យទៅរស់នៅក្រុង និងភូមិនានាដែលធ្លាក់ចុះចំនួនប្រជាជន។ 
 
ទោះបីជាចំនួនប្រជាជនបានធ្លាក់ចុះជាលើកដំបូងកាលពីឆ្នាំ២០២២ក្ដី ទីក្រុងតូក្យូនៅតែពោរពេញដោយប្រជាជនជាច្រើន ដែលតម្រូវឱ្យរដ្ឋាភិបាលធ្វើសកម្មភាពបន្ថែមទៀតដើម្បីកាត់បន្ថយដង់​ស៊ីតេ​ប្រជាជននៅទីក្រុងមួយនេះ។ រដ្ឋាភិបាលជប៉ុន ក៏ត្រូវលើកទឹកចិត្តប្រជាជនឱ្យប្រជាជន​ចាប់​ផ្ដើម​ជីវិត​ក្នុងតំបន់ដែលមិនសូវទាន់សម័យ និងរងដោយផលប៉ះពាល់ដោយការកើនឡើងចំនួន​ប្រជាជន​វ័យ​ចាស់ ការថយចុះនៃកំណើនប្រជាជន និងការធ្វើចំណាកស្រុកនៃប្រជាជនវ័យក្មេង​ទៅ​កាន់ទីក្រុងធំ​ៗដូច​ជាតូក្យូ និងអូសាកា។
 
ថវិកាជំនួយនេះនឹងផ្ដល់ជូនសម្រាប់ក្រុមគ្រួសារណាដែលកំពុងតែរស់នៅតំបន់ស្នូលចំនួន២៣របស់​ទីក្រុងតូក្យូ និងខេត្ត-ក្រុងក្បែរនោះមាន Saitama Chiba និង Kanagawa។ ទីភ្នាក់ងារព័ត៌មាន Kyodo បញ្ជាក់ថា ដើម្បីទទួលបានអត្ថប្រយោជន៍នេះ ក្រុមគ្រួសារ ត្រូវផ្លាស់ប្តូរ​លំនៅឋាន​ចេញ​ពី​ទីក្រុងតូក្យូតែម្ដង។
 
បន្ថែមពីនេះ គ្រួសារទាំងនោះត្រូវរស់នៅក្នុងលំនៅឋានថ្មីយ៉ាងហោចណាស់៥ឆ្នាំ ហើយសមាជិក​ម្នាក់​ត្រូវតែធ្វើការណាមួយ ឬក៏មានគម្រោងចាប់ផ្ដើមអាជីវកម្មនៅទីតាំងថ្មីនោះ។ ប្រសិនជា​គ្រួសារ​ណា​មួយ​ផ្លាស់ទីលំនៅចេញទៅកន្លែងទីបី ពួកគេត្រូវប្រគល់ប្រាក់ឧបត្ថម្ភវិញ។
 
ជាគោលការណ៍ ការផ្លាស់ទីលំនៅរបស់គ្រួសារទទួលបាន១ទៅ៣លានយ៉េនក្នុងមួយ គ្រួសារប្រសិន​ពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យចំនួនបីរួមមាន ការ​មាន​ការងារ​នៅក្រុមហ៊ុនតូច ឬមធ្យមនៅក្នុងតំបន់ដែលពួកគេផ្លាស់ទៅ ការបន្តការងារចាស់របស់​ពួកគេ​តាម​រយៈ​ការធ្វើការពីចម្ងាយ ឬចាប់ផ្តើមអាជីវកម្មនៅក្នុងផ្ទះថ្មីរបស់​ពួកគេ។ នេះបើយោងតាមកាសែត Nikkei ។ គ្រួសារ​ដែល​មាន​កូន​ពីរ​នាក់​អាច​មាន​សិទ្ធិ ​ទទួល​បាន​រហូត​ដល់៥លានយ៉េន។
 
ចំណែកទីភ្នាក់ងារព័ត៌មាន Kyodo រាយការណ៍ថា សាច់ប្រាក់នេះមកពីថវិការដ្ឋាភិបាលកណ្តាល ហើយពាក់កណ្តាលទៀតបានមកថវិកា​ពីក្រុងក្នុងស្រុក។ រដ្ឋាភិបាលសង្ឃឹមថា ប្រជាជន១ម៉ឺននា​ក់​នឹង​ផ្លាស់ទីលំនៅចេញពីទីក្រុងតូក្យូទៅតំបន់ឆ្ងាយពីក្រុងត្រឹមឆ្នាំ ២០២៧៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com