ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីវប្បធម៌ ស្នើទៅមេប៉ូលិស ឲ្យចាត់ការលើអ្នកយក «បទឈាមបាតុករ» មកផ្សាយឡើងវិញ
06, Jan 2023 , 3:29 pm        
រូបភាព
រូបលោក នេត សាវឿន ពីទំព័រហ្វេសប៊ុករបស់លោក, រូបអ្នកស្រី ភឿង សកុណា ពីទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌
រូបលោក នេត សាវឿន ពីទំព័រហ្វេសប៊ុករបស់លោក, រូបអ្នកស្រី ភឿង សកុណា ពីទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌
ដោយ៖ ទេពញាណ

អ្នកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរលិខិតជូនទៅលោកនាយឧត្តមសេនីយ៍ នេត សាវឿត អគ្គស្នងការនគរបាលជាតិ សុំឲ្យចាត់វិធាការតាមផ្លូវច្បាប់ចំពោះអ្នកដែលយក «បទឈាមបាតុករ» ទៅផ្សព្វផ្សាយឡើងវិញលើបណ្តាញសង្គម ដើម្បីទប់ស្កាត់ភាពមិនប្រក្រតី ដែលអាចកើតឡើងជាយថាហេតុ។



តាមរយៈលិខិត ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីវប្បធម៌ ជម្រាបលោកអគ្គស្នងការថា បទឈាមបាតុករ មានខ្លឹមសារអុជអាល និងញុះញង់ ដែលអាចបង្កអសន្តិសុខដល់សង្គម។ អ្នកស្រី អះអាងថា បទនេះ ធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ បិទមិនឲ្យចាក់ផ្សាយម្តងរួចមកហើយ។  
 
បទឈាមបាតុក និពន្ធឡើង និងច្រៀងដោយតារាចម្រៀងរ៉េបម្នាក់ គឺលោក គា សុគន្ធ។ លោក ធ្លាប់ជាប់ពន្ធនាគារអស់១ឆ្នាំ ពីបទញុះញង់ ដោយសារការច្រៀងបទចម្រៀងមួយចំនួន។ ចម្រៀងរបស់លោក ដែលគេធ្លាប់ឮកន្លងមក មានដូចជា បទដីខ្មែរ និងបទទឹកភ្នែករាស្ត្រ ជាដើម។ 
 
ចំពោះបទឈាមបាតុករ លោក គា សុគន្ធ ច្រៀងរៀបរាប់ពីជនរងគ្រោះក្នុងការធ្វើបាតុកម្មលើផ្លូវវេងស្រេង រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៤។ នៅថ្ងៃទី២-ទី៣ ខែមករា ឆ្នាំ២០២៣នេះ ដែលជាខួប៩ឆ្នាំនៃការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងបាតុករលើផ្លូវវេងស្រេង សង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នាំគ្នាបង្ហោះ និងចែករំលែកបទឈាមបាតុកររបស់លោក គា សុគន្ធ។ លោក គា សុគន្ធ ខ្លួនឯង ក៏បង្ហោះបទនេះលើបណ្តាញសង្គមដែរ៕ 
 

Tag:
 បទឈាមបាតុករ
  គា សុគន្ធ
  ភឿង សកុណា
  នេត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com