ជាតិ
សង្គមជាតិ
សាខាទី២៦៤របស់ធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យ ត្រូវបានដំណើរការជាផ្លូវការ សាខាថ្មីរបស់ធនាគារអេស៊ីលីដានៅផ្សារទំនើបអ៊ីអនមានជ័យ។ រូបថត ពី អេស៊ីលីដា
× ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាថ្មីនៅផ្សារទំនើបអ៊ីអនមានជ័យ(អ៊ីនអន ៣) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៦មករា។ ទីតាំងនេះ គឺជាសាខាទី២៦៤របស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេស។
ធនាគារអេស៊ីលីដា ត្រូវបានពង្រីកសាខាថ្មីជាបន្តបន្ទាប់ ហើយ សម្រាប់ការពង្រីកសាខាដល់ផ្សារទំនើបអ៊ីអនមានជ័យនេះ គឺដើម្បីបង្កើនលទ្ធភាពក្នុងការផ្តល់សេវាកម្មឱ្យអតិថិជនដល់ទីកន្លែងដែលកាន់តែរហ័ស និង មានសុវត្ថិភាព។ បើតាមអ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យ លក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដាសាខាថ្មីនេះ គឺការផ្តល់សេវាកម្មឱ្យអតិថិជនបានជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាកបុណ្យទានអ្វីក៏ដោយ។
អតិថិជនមកទទួលសេវាកម្មនានា នៅធនាគារអេស៊ីលីដា សាខាផ្សារទំនើបអ៊ីអនមានជ័យ នាព្រឹកថ្ងៃទី៦មករា ឆ្នាំ២០២៣។
«សម្រាប់អតិថិជន គឺមានភាពងាយស្រួល។ បានន័យថា ថ្ងៃបុណ្យ! ថ្ងៃឈប់សម្រាកពីការងារសាធារណជនអាចមកទទួលសេវាកម្មនៅធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន»។ អ្នកស្រី ពិសី ថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា ចំពោះអ្នកដែលទំនេរពីការងារនាពេលល្ងាចក៏អាចមកទទួលសេវាកម្មនានារបស់ធនាគារអេស៊ីនៅសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន ផងដែរ។
ជាមួយគ្នានេះអ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា បានលើកឡើងថា ការពង្រីកសាខាធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យនេះ គឺជាការដើរតាមអតិថិជនគោលដៅរបស់ខ្លួនដែលមានការកើនឡើងជាលំដាប់ ខណៈផ្សារទំនើបអ៊ីអន ជាដៃគូយុទ្ធសាស្រ្តរបស់អេស៊ីលីដា។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះ៖ « ផ្សារទំនើបអ៊ីអនត្រូវបានពង្រីកដល់ទីណា [នោះ] សេវាកម្មធនាគាររបស់យើងក៏ត្រូវតែដល់ទីនោះដែរ ដើម្បីតាមបម្រើដៃគូរបស់យើង ក៏ដូចជាបម្រើអតិថិជនរបស់ធនាគារយើង»។
ជាយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដានឹងត្រូវបានពង្រីកទីតាំងឬសាខានៅគ្រប់ទីកន្លែងនិងតំបន់នានា ដើម្បីបម្រើសេវាកម្មដល់អតិថិជនរបស់ខ្លួនដែលមានដល់ជិត៤លាននាក់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។ ក្រៅពីការផ្តល់សេវាឱ្យអតិថិជនដោយផ្ទាល់ហើយនោះ អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) ក៏កំពុងបំពេញតួនាទីក្នុងការផ្តល់សេវាកម្មយ៉ាងល្អ រហ័ស និងងាយស្រួលដល់អតិថិជន ស្របតាមការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា ផងដែរ។ នេះបើអ្នកស្រី សុខ សោភា៕
អ្នកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា(ឆ្វេង) និងអ្នកស្រី កែប ពិសី នាយិកាសាខាធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យ កំពុងផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន។
© រក្សាសិទ្ធិដោយ thmeythmey.com