អន្តរជាតិ
ជប៉ុនប្តេជ្ញាជួយអ៊ុយក្រែនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីការពារប្រជាជននៅរដូវត្រជាក់ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
× នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី៦ ខែមករា បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ បើតាមលោក គីស៊ីដា ជប៉ុននឹងផ្តល់ជំនួយទៅអ៊ុយក្រែន តាមលទ្ធភាពរបស់ខ្លួន ដើម្បីការពារប្រជាជនអ៊ុយក្រែន នៅក្នុងរដូវត្រជាក់។
ស្របពេលសង្រ្គាមអ៊ុយក្រែន បានឈានចូលដល់ខែទី១០ នាយករដ្ឋមន្រ្តីជប៉ុន បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រមាណ៣០នាទី ក្នុងថ្ងៃទី៦ ខែមករា ដើម្បីជជែកពីបញ្ហាសង្រ្គាម ក៏ដូចជាប្រជាជន។
ក្នុងកិច្ចសន្ទនានោះ លោក គីស៊ីដា បានអះអាងថា ជប៉ុននឹងផ្តល់ការគាំទ្រចំពោះជំនួយដល់ ប្រជាជននៅអ៊ុយក្រែន តាមលទ្ធភាពដែលអាចធ្វើបាន នៅក្នុងរដូវត្រជាក់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។
ស្របពេលជប៉ុនធ្វើជាប្រធានផ្លាស់វេននៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅក្នុងឆ្នាំនេះ ប្រមុខរដ្ឋាភិបាលជប៉ុន បានប្តេជ្ញានឹងដើរតួនាទីដ៏សកម្មបំផុតនៅឆាកអន្តរជាតិ ដើម្បីជួយអ៊ុយក្រែន។ ក្នុងកិច្ចសន្ទនានោះ លោក ហ្សេលេនស្គី បានបង្ហាញការគោរពដល់ជប៉ុន ហើយថែមទាំងអញ្ជើញនាយករដ្ឋមន្រ្តីជប៉ុនទៅទស្សនកិច្ចនៅអ៊ុយក្រែនថែមទៀត។
ជាការឆ្លើយតប ប្រមុខរដ្ឋាភិបាលជប៉ុន បានអះអាងថា លោកនឹងពិចារណាលើការអញ្ជើញមួយនេះ។ បន្ថែមពីនេះ លោក គីស៊ីដា បានរិះគន់ជាថ្មីលើរុស្ស៊ី ដែលវាយប្រហារលើអ៊ុយក្រែនផង។
សូមបញ្ជាក់ថា ជាងរយៈពេល ១០ខែហើយ ដែលសង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយ ខណៈប្រទេសលោកខាងលិច បានផ្តល់ជំនួយយោធា និងមនុស្សធម៌ទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហារពីសំណាក់រុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com