អន្តរជាតិ
ត្រីធូណា ទម្ងន់២១២គីឡូក្រាមមួយក្បាលនៅជប៉ុនលក់បានតម្លៃជាង២៧ម៉ឺនដុល្លារ
×
ដោយ៖ ធីតា
ត្រីធូណា (Bluefin tuna) មួយក្បាលដែលមានទម្ងន់២១២គីឡូក្រាម បានលក់ដាច់ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាម៉េរិក ក្នុងពិធីដេញថ្លៃមួយ នៅផ្សារត្រី Toyosu ក្រុងតូក្យូ ប្រទេសជប៉ុន កាលពីអំឡុងពេលនៃពិធីឆ្លងឆ្នាំកន្លងមក។
ប្រភេទត្រីធូណាដែលមានព្រុយពណ៌ខៀវនេះ មានឈ្មោះជាទូទៅថា ត្រី Oma Tuna ដោយសារវាត្រូវបាននេសាទបាននៅតំបន់សមុទ្រក្រុង Oma។ ដូចជាឆ្នាំកន្លងមកផងដែរ ក្រុមហ៊ុនភោជនីយដ្ឋានស៊ូស៊ី Onadera Group រួមជាក្រុមហ៊ុន Yamayuki បានឈ្នះក្នុងការដេញថ្លៃ។
យោងតាមការផ្សាយរបស់ The Japan Times ការលក់បានតម្លៃជាង២៧ម៉ឺនដុល្លារ គឺជាតម្លៃខ្ពស់បំផុតលំដាប់ទី៦ បើគិតចាប់តាំងពីការចាប់ផ្តើមអស់រយៈពេលជាង២០ឆ្នាំកន្លងមក។ ម្យ៉ាងទៀត នេះក៏ជាតម្លៃខ្ពស់លើកដំបូងផងដែរ ក្រោយការធ្លាក់ចុះ៣ឆ្នាំកន្លងមក ដោយសារកូវីដ-១៩។
Sushi Ginza Onedera ក៏បែងចែកសាច់ត្រី Oma Tuna ទៅបណ្តាភោជនីយដ្ឋានដែលជាដៃគូទូទាំងពិភពលោក ក្នុងនោះមាននៅក្រុងញូវយ៉ក និងឡូសអែនជឺឡែស សហរដ្ឋអាម៉េរិក ផងដែរ។ លោក Akifumi Sakagami ដែលជាមេចុងភៅ បានអះអាងថា៖ «អ្នកដែលបានញ៉ាំត្រីនេះ ច្បាស់ជារីករាយក្នុងអារម្មណ៍ជាមិនខាន»។
គេហទំព័រ MarketWatch បានបញ្ជាក់ថា នៅញូកយ៉ក តម្លៃអាហារត្រីធូណាប្រភេទនេះ សម្រាប់ម្ហូបមួយមុខ មានតម្លៃយ៉ាងតិចបំផុត ១៣០ដុល្លារចំពោះអាហារថ្ងៃត្រង់ និងចាប់ពី៤៥០ដុល្លារចំពោះអាហារពេលល្ងាច។
តម្លៃដែលខ្ពស់បំផុតជាកំណត់ត្រាកន្លងមក គឺជិត ២,៨៥លានដុល្លារដុល្លារ នាការដេញថ្លៃមួយ កាលពីឆ្នាំ២០១៩ មុនការផ្ទុះកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com