ជាតិ
សេដ្ឋកិច្ច
ក្រសួង១២ បានប្រជុំពិនិត្យបញ្ជីផ្ដល់ទីផ្សារ និងបញ្ជីសំណើ ដើម្បីឆ្លើយតបទៅអេមីរ៉ាតអារ៉ាប់រួម
11, Jan 2023 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អេមីរ៉ាតអារ៉ាប់រួម បានស្នើឱ្យកម្ពុជាបើកច្រកទីផ្សារ(Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យ ឬអនុវិស័យសំខាន់ៗទៀត។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកការប្រជុំពិនិត្យបញ្ជីផ្ដល់ទីផ្សារ និងបញ្ជីសំណើ ជុំទី៣ កាលពីថ្ងៃទី៩ មករា។

 
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចា បានដឹកនាំអន្តរក្រសួងចំនួន ១២ ដើម្បីប្រជុំពាក់ព័ន្ធការពិភាក្សាលើលទ្ធភាពរបស់កម្ពុជា ក្នុងការផ្តល់ឱ្យតាមការស្នើសុំរបស់ភាគីអេមីរ៉ាតអារ៉ាប់រួម ពាក់ព័ន្ធនឹងការបើកច្រកទីផ្សារ (Market Access) និងប្រព្រឹត្តកម្មជាតិ (National Treatment) ចំពោះវិស័យឬអនុវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខាភិបាល វិស្វកម្មសំណង់ស៊ីវិលទេសចរណ៍ ការដឹកជញ្ជូន និងការស្រាវជ្រាវ។ 


 លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចា។ រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ការវិភាគសម្រាប់ការបើកច្រកទីផ្សារសេវា ត្រូវផ្អែកជាមូលដ្ឋានមួយចំនួនដូចជា សមត្ថភាពឧស្សាហកម្មក្នុងស្រុក សក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត តម្រូវការចំាបាច់ មិនមានផលប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក ឬប៉ះពាល់តិចតួចបំផុតបើប្រៀបធៀបនឹងការបើកវិស័យ ឬអនុវិស័យដ៏ទៃទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
 
លោកស្រី តឹករ៉េត កំរង បានបន្ថែមថា ការចរចាពាណិជ្ជកម្មសេវាកម្មមានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាមវិស័យ ក្នុងកិច្ចពិគ្រោះយោបល់ នឹងផ្តល់ធាតុចូល ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗ ដើម្បីឱ្យក្រុមមន្ត្រីចរចាអន្តរក្រសួងយល់ច្បាស់ពីតម្រូវការ ដែលធានាបានអត្ថប្រយោជន៍ជាអតិបរមា និងការពង្រឹកសមត្ថភាពឧស្សាហកម្មក្នុងស្រុក សម្រាប់ពាណិជ្ជករ ធុរជន និងវិនិយោគិនកម្ពុជា។
 
លោក ស៊ាន ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី ១១មករានេះថា កិច្ចប្រជុំអន្តរក្រសួងនេះ ពុំទាន់មានការសម្រេចចុងក្រោយនោះទេ ពោលគឺត្រូវប្រជុំចរចាជាច្រើនលើកទៀត។


 
លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះ៖« ការចរចាខ្លះលឿន ខ្លះយឺត មិនអាចនិយាយមុនបានទេ! ដូចជា RCEP ចរចា ១០ ឆ្នាំឯណោះ។ សូមរង់ចាំរហូតដល់មានការសន្និដ្ឋានរួម ឬការសម្រេចចុងក្រោយ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង»។
 
ក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិគ្រោះយោបល់នេះ ផ្ដោតលើការចរចាជំពូកស្តីពីពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ក្នុងកិច្ចប្រជុំនេះ មានអ្នកចូលរួម ៥០នាក់ ដែលមកពីក្រសួងផ្សេងៗគ្នាគឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ,ក្រសួងសុខាភិបាល,ក្រសួងទេសចរណ៍,ក្រសួងសាធារណការនិងដឹកជញ្ជូន,ធនាគារជាតិនៃកម្ពុជា,ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,និងលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
 
 

Tag:
 អេមីរ៉ាតអារ៉ាប់រួម
© រក្សាសិទ្ធិដោយ thmeythmey.com