អន្តរជាតិ
អង់គ្លេស និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបើកផ្លូវឱ្យអង់គ្លេសពង្រាយទ័ពនៅជប៉ុន
11, Jan 2023 , 8:29 pm        
រូបភាព
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសនៅថ្ងៃទី១១ ខែមករាបានប្រកាសថា នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ និងសមភាគីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីដ៏សំខាន់មួយ។ អង់គ្លេសនឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលមានកិច្ចព្រមព្រៀងការពារជាតិជាមួយជប៉ុនគិតតាំងពីឆ្នាំ១៩០២។



ការចរចាស្ដីពីកិច្ចព្រមព្រៀងការពារជាតិកាលពីឆ្នាំ២០២១ រវាងអង់គ្លេស និងជប៉ុន បានឈានដល់ទីបញ្ចប់តាមការចុះហត្ថលេខារួមគ្នារវាងមេដឹកនាំទាំងពីរដែលនឹងធ្វើនៅថ្ងៃទី១១ ខែមករា នៅទីក្រុងឡុងដ៍ អំឡុងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ហ្វូមីអូ គីស៊ីដា។ 
 
«ក្នុងរយៈពេល១២ខែកន្លងមកនេះ យើងបានចាររឿងរ៉ាវថ្មីនៃទំនាក់ទំនងរវាងអង់គ្លេស និងជប៉ុន ដូចជាការពន្លឿនទំនាក់ទំនង កសាង និងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅ។ ការដំណើរការកិច្ចព្រមព្រៀងឡើងវិញនេះមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ជាតិយើងទាំងពីរ ដោយវាពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះឥណ្ឌូប៉ាស៊ីហ្វិក និងគូសបញ្ជាក់ពីការប្រឹងប្រែងរួមគ្នារបស់យើងដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ច»។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍របស់ Downing Street នៅថ្ងៃទី១១ ខែមករា។ 
 
កិច្ចព្រមព្រៀងការពារជាតិជាប្រវត្តិសាស្ត្រនេះ នឹងពន្លឿនកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខឱ្យបានឆាប់រហ័ស ហើយអនុញ្ញាតឱ្យកងទ័ពរបស់ប្រទេសទាំងពីរដាក់ពង្រាយនៅក្នុងប្រទេសទៅវិញទៅមក។ វាក៏ពង្រឹងការប្តេជ្ញាចិត្តរបស់អង់គ្លេសចំពោះសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក អនុញ្ញាតឱ្យកងកម្លាំងប្រទេសទាំងពីររៀបចំផែនការ និងចល័តទ័ពធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
 
បន្ថែមពីលើបញ្ហាការពារជាតិ និងសន្តិសុខ មេដឹកនាំទាំងពីរក៏ពិភាក្សាអំពីពាណិជ្ជកម្ម រួមទាំងការចូលរួមរបស់អង់គ្លេសចំពោះកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងការរីកចម្រើនក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាប្លុកពាណិជ្ជកម្មសេរីមានផលិតផលក្នុងស្រុកសរុបជាង១០ទ្រីលានដុល្លារ និងមានប្រជាជនជាង៥០០លាននាក់។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំប្រទេសទាំងពីរក៏ពិភាក្សារឿងកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ដែលជប៉ុនត្រូវធ្វើជាប្រធាននាខែឧសភា ឆ្នាំ២០២៣ និងពិភាក្សាជុំវិញតម្រូវការដើម្បីរក្សាការគាំទ្រអ៊ុយក្រែនដែលត្រូវឈ្លានពានដោយរុស្ស៊ី។ 
 
មិនខុសគ្នាប៉ុន្មានពីកិច្ចពិភាក្សានៅទីក្រុងឡុងដ៍ លោក គីស៊ីដា ​ក៏បានលើកឡើងពីការគាំទ្រអ៊ុយក្រែន ប្រឆាំងរុស្ស៊ីដែរពេលធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស និងទីក្រុងរ៉ូមផងដែរ។ ​លោក គីស៊ីដា នឹងងបន្តទស្សនកិច្ចទៅកាណាដា និងអាម៉េរិក មុនបញ្ចប់នៅថ្ងៃទី១៣ ខែមករា។ 
 
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើង១ខែ ក្រោយអង់គ្លេស និងជប៉ុនសហការគ្នាជាមួយអ៊ីតាលី ដើម្បីបង្កើតយន្តហោះចម្បាំងជំនាន់ក្រោយក្រោមកម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល (Global Combat Air)។ ក្នុងឆ្នាំ២០២២ នាវាល្បាតរបស់អង់គ្លេសបានចូលរួមក្នុងសមយុទ្ធ Keen Sword ជាប្រតិបត្តិការហ្វឹកហាត់ប្រចាំតំបន់ប៉ាស៊ីហ្វិកដែលធ្វើឡើងដោយកងទ័ពជើងទឹកជប៉ុន និងអាម៉េរិក៕
 

Tag:
 អង់គ្លេស
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com