ជាតិ
កូនខ្ទីបានងាប់ហើយ ក្រោយពីពេទ្យជួយអស់លទ្ធភាព កូនខ្ទីងសង្គ្រោះនៅខ្នងផ្សារសប្តាហ៍មុនបានស្លាប់ហើយបន្ទាប់ពីពេទ្យជួយសង្គ្រោះអស់លទ្ធភាពទ្រី ស៊ីថេង
× ភ្នំពេញ៖ កូនខ្ទីងអាយុ៥ខែ ដែលបានសង្គ្រោះពីតំបន់ឱរ៉ាល់កាលពីសប្ដាហ៍មុនបានងាប់ កាលពីល្ងាចថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២៣។ បញ្ហារបួសធ្ងន់ធ្ងរ កង្វះអាហារ និងបញ្ហាផ្លូវអារម្មណ៍ អាចជាកត្តាចម្បងដែលធ្វើឱ្យកូនសត្វនោះមិនអាចរស់បន្តបាន។
លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះនៃរដ្ឋបាលព្រៃឈើ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា កូនខ្ទីងនោះបានងាប់ បន្ទាប់ពីពេទ្យជួយសង្គ្រោះអស់លទ្ធភាពរយៈជាង២ថ្ងៃ។
លោក សេក សេង អនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះនៃរដ្ឋបាលព្រៃឈើ
«កូនខ្ទីងនោះមានសភាពធ្ងន់ធ្ងរតាំងពីយកចុះពីភ្នំមក។ ធម្មតាសត្វព្រៃដឹងក្លិនណាស់ បើដឹងថាមនុស្សនៅជិតវាហើយនេះ វានឹងរត់គេច ប៉ុន្ដែកូនខ្ទីងនោះមិនបានទៅណាទេ អាចដោយសារគ្មានកម្លាំងរើ»។ នេះជាការរៀបរាប់របស់ លោក សេក សេង ដោយបន្ថែមថា នៅពេលមកដល់ភ្នំតាម៉ៅកូនខ្ទីងនោះ ត្រូវបានព្យួសេរ៉ូម និងបញ្ចុកទឹកដោះគោ។ លុះមួយថ្ងៃក្រោយមកកូនខ្ទីងនោះ ហាក់មានសុខភាពប្រសើរ ដោយអាចមានកម្លាំង រួមទាំងអាចស៊ីស្មៅបានតិចតួចផងដែរ។
ស្ថានភាពប្រសើររបស់កូនសត្វនោះ បានធ្វើឱ្យក្រុមការងារលោក សេង មានក្តីសង្ឃឹមថា វាអាចរស់បាន ប៉ុន្ដែនៅល្ងាចថ្ងៃអាទិត្យកូនខ្ទីងនោះបានងាប់ដោយគ្មានបង្ហាញសញ្ញាអ្វីទាល់តែសោះ។ លោក បញ្ជាក់បែបនេះ៖« យើងមានសង្ឃឹមព្រោះបានឃើញវាអាចស៊ីចំណីបានខ្លះ តែអ្វីៗប្រែជាផ្ទុយទៅវិញ។ ទន្ទឹមនោះក្រុមយើងបានពិនិត្យស្នាមរបួសដែលដាច់ដោយអន្ទាក់ ឃើញថាធ្ងន់ ព្រោះដំបៅស៊ីរូងចូលទៅក្នុងបន្ត និងមានដង្កូវ ដែលអាចធ្វើឱ្យវាឈឺចាប់»។
បើតាមអនុប្រធានការិយាល័យថែរក្សា និងសង្គ្រោះនៃរដ្ឋបាលព្រៃឈើខាងលើ កត្តាធំៗចំនួនបីដែលអាចធ្វើកូនខ្ទីងនោះ ងាប់រួមមាន របួសធ្ងន់ធ្ងររហូតកូនខ្ទីងនៅតូចបែបនេះមិនអាចទ្រាំទ្របាន។ មួយទៀត អាចដោយសារការជាប់អន្ទាក់ច្រើនថ្ងៃ ធ្វើឱ្យក្នុងខ្លួនរបស់វាខ្វះអាហារ និងចុងក្រោយអាចមកពីបញ្ហាសម្ពាធផ្លូវចិត្ត ដោយសារសត្វនោះនៅតូចមិនទាន់ឈប់បៅ។ ពេលបាត់ម្ដាយវានឹកខ្លាំងរហូតធ្វើឱ្យទឹកចិត្តវាចុះខ្សោយក្នុងអំឡុងពេលឈឺ នេះក៏អាចជាផ្នែកមួយដែរ។
ទន្ទឹមនេះ លោក សេក សេង អះអាងថា សត្វព្រៃពិតជាពិបាកព្យាបាលជាងសត្វស្រុកឆ្ងាយណាស់ មូលហេតុគឺ មិនងាយសាំជាមួយមនុស្ស ដូច្នេះការព្យាបាលរួមជាមួយការមើលថែជំងឺពិតជាត្រូវការពេលយូរ ដោយមិនរាប់បញ្ជូលទាំង ការមើលថែផ្លូវចិត្តរបស់វាផង។
សត្វខ្ទីង ជាប្រភេទដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN និង VU ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕
Tag:
កូនខ្ទីង
សត្វព្រៃ
ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com