ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ពលរដ្ឋឃុំអន្សាចំបក់ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមមតិ លើការងារអភិវឌ្ឍន៍ឃុំ
×
ដោយ៖ ឃឿន លីហួរ (យុវជនឃុំអន្សាចំបក់)
ស្រុកក្រគរ, ពោធិ៍សាត់ ៖ ពលរដ្ឋឃុំអន្សាចំបក់ ត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញមតិ និងរិះគន់ ដើម្បីស្ថាបនា ក្នុងការភិវឌ្ឍរបស់សហគមន៍ខ្លួន។ កន្លងទៅ ពលរដ្ឋដែលភាគច្រើនជាស្រ្តី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងផ្សព្វផ្សាយនិងអប់រំ ពលរដ្ឋដទៃទៀតពាក់ព័ន្ធនឹងអំពើហិង្សា និងសុខភាពជាដើម។ មិនតែប៉ុណ្ណោះ ពួកគេក៏បានលើកឡើង ពីការកែលម្អ និងបញ្ហាប្រឈមនានា ភូមិ-ឃុំ ទៅកាន់ថ្នាក់ដឹកនាំឃុំដែរ។
លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ បានលើកឡើងថា ពលរដ្ឋគឺជាសរសៃឈាមដ៏សំខាន់ ក្នុងការលើកមុខមាត់សហគមន៍។ ពួកគេមានកម្លាំង ស្មារតី និងការពិចារណាខ្ពស់ ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំឃុំ។ ហេតុនេះ លោកបានជំរុញឱ្យពួកគេ ក្លាហាន ក្នុងការបញ្ចេញមតិ ដើម្បីជាការបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលអាជ្ញាធរមិនបានគិតដល់។
លោក បានកោតសសើរចំពោះពលរដ្ឋក្នុងឃុំខ្លួន ជាពិសេសស្រ្តី ដែលកន្លងមកពួកគេបានចូលរួមផ្សព្វផ្សាយ វិធីបង្កាជំងឺមហារីក និងរិះគន់បែបស្ថាបនាទៅកាន់ឃុំ នៅពេលបើកឱ្យមានវេទិកាសារធារណៈម្ដងៗ។ នៅឆ្នាំ ២០២៣នេះ លោក ផាន់ សំបូរ គ្រោង បង្កើតវេទិកាសាធារណៈ ឱ្យបានយ៉ាងហោចម្ដង ក្នុងមួយខែ ដើម្បីទទួលគិតថ្មីៗ ដែលបានពីពលរដ្ឋ។
លោក ផាន់ សំបូរ ប្រាប់ដូច្នេះថា៖« យើងតែងតែទទួលនូវមតិរិះគន់ និងកែលម្អ ដើម្បីភាពរីកចម្រើនជានិច្ច។ ប៉ុន្តែ រិះគន់ដើម្បីស្ថាបនា មិនមែនបែបជាន់ពន្លិចនោះទេ។ ការរិះគន់របស់គាត់ ពេលខ្លះត្រូវ ហើយយើងធ្វើតាម។ អ៊ីចឹងវាជាផ្នែកមួយជួយឱ្យយើងរីកចម្រើនទាំងអស់គ្នា»។
លោក ផាន់ សំបូរ បន្ថែមថា ពលរដ្ឋដែលចូលរួមក្នុងការងារអភិវឌ្ឍឃុំកន្លងទៅ សុទ្ធតែមនុស្សមានចំណេះដឹង។ ជាប្រយោជន៍ពួកគេអាចចែករំលែកព័ត៌មាន ដែលទទួលបានពីឃុំ ទៅកាន់បុគ្គលដទៃ។ ពិសេសការចូលរួមដោះស្រាយទំនាស់ ឬបញ្ហា នៅក្នុងសហគមន៍ ដោយពុំពឹងផ្អែកលើអាជ្ញាធរ។ លោក ប្រាប់ដូច្នេះថា៖ «ឥឡូវ ខ្ញុំលើករឿងមួយ ប្រសិនបើ ករណី ប្ដីប្រពន្ធ គេឈ្លោះគ្នា។ អ៊ីចឹង មិនចាំបាច់មកឃុំនោះទេ គឺពលរដ្ឋហ្នឹងហើយ ជាអ្នកជួយដោះស្រាយ នៅមូលដ្ឋានផ្ទាល់តែម្ដង។ ដូច្នេះខ្ញុំសប្បាយចិត្ត ព្រោះគាត់អាចដោះស្រាយទំនាស់បាន នោះប្រាកដជាគាត់មានចំណេះដឹងហើយ។ នេះការចូលសំខាន់បំផុតរបស់ពលរដ្ឋ ក្នុងការងារឃុំ»៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
សេវាសាធារណៈ
ការអភិវឌ្ឍឃុំ
អន្សាចំបក់
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com