អន្តរជាតិ
អាម៉េរិកស្នើឱ្យ UN ជំរុញតាលីបង់ឱ្យលុបចោលច្បាប់ហាមឃាត់ការចូលរួមរបស់ស្ត្រី
14, Jan 2023 , 5:29 pm        
រូបភាព
អគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield នៅ​ថ្ងៃទី១៣ ខែមករា បានជំរុញក្រុមប្រឹក្សាសន្តិសុខអនុវត្តដំណោះស្រាយដែលទទូចឱ្យ​អាជ្ញាធរ​តាលីបង់នៅអាហ្វហ្កានីស្ថានលុបចោលការហាមឃាត់ស្ត្រីក្នុងការធ្វើការឱ្យក្រុមអង្គការផ្ដល់ជំនួយ ឬ​ចូលរៀននៅវិទ្យាល័យ ឬសកលវិទ្យាល័យ។

 
បើតាមតំណាងអាម៉េរិកប្រចាំ UN លោកស្រី Thomas-Greenfield ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ស្ថានការណ៍នៅអាហ្វហ្កានីស្ថានទាមទារឱ្យក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះអនុម័តជាឯកច្ឆ័ន្ទអំពី ដំណោះស្រាយមួយដើម្បីថ្កោលទោសការហាមឃាត់ស្ត្រី ហើយលុបចោលចំណាត់ដែលរឹតត្បិតនេះ​ភ្លាមៗ។ 
 
ដើម្បីចេញដំណោះស្រាយមួយ ក្រុមប្រឹក្សាសន្តិសុខត្រូវការគាំទ្រចំនួនប្រាំបួន ហើយ​មិន​មាន​ការ​បោះឆ្នោតវេតូពីរុស្ស៊ី ចិន អង់គ្លេស បារាំង ឬអាម៉េរិកឡើយ។
 
«ច្បាស់ណាស់ថា ក្រុមប្រឹក្សាសន្តិសុខមានវិធីសាស្ត្រមួយចំនួន»។ អគ្គរដ្ឋទូតសហភាពអារ៉ាប់រួមប្រចាំ UN លោកស្រី Lana Nusseibeh អះអាងបែបនេះជុំវិញវិធានការណាមួយចំពោះក្រុមតាលីបង់ រួច​បន្ត​ថា ក្រុមប្រឹក្សាសន្តិសុខគួរតែផ្ដោតលើជំហានជាក់ស្ដែងដែលអាច​ជួយស្ថានភាព​បច្ចុប្បន្ន​នៅ​អាហ្វហ្កានីស្ថាន។
 
កាលពីខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សាសន្តិសុខបានយល់ព្រមចំពោះសេចក្តីថ្លែងការណ៍​ក្រៅផ្លូវការមួយ​ដោយអំពាវនាវឱ្យមានការចូលរួមពេញលេញស្មើភាព និងមានអត្ថន័យរបស់ស្ត្រី និងក្មេងស្រី​នៅ​អាហ្វហ្កានីស្ថាន ហើយ​ជំទាស់​ដាច់ខាតនឹងការហាមឃាត់ស្ត្រី ចូលរៀននៅសកលវិទ្យាល័យ ឬ​ធ្វើការ​ឱ្យក្រុមជំនួយ។
 
នៅមុនកិច្ចប្រជុំខាងលើ សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១១ រួមមានអាម៉េរិក អង់គ្លេស និង​បារាំង​បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយជំរុញឱ្យក្រុមតាលីបង់លុបចោលរាល់វិធានការ​ជិះជាន់​លើ​ស្ត្រី និងកុមារីដែរ។ 
 
ការហាមប្រាមលើបុគ្គលិកជំនួយស្ត្រីត្រូវបានប្រកាសដោយរដ្ឋបាលដឹកនាំដោយក្រុមតាលីបង់កាលពីថ្ងៃទី ២៤ ខែធ្នូ។ បម្រាមនេះត្រូវបានដាក់ក្រោយការហាមឃាត់ស្ត្រីចូលរៀននៅសកលវិទ្យាល័យ​កាល​ពីដើមខែធ្នូ។ កុមារី​ក៏ត្រូវ​បាន​បញ្ឈប់​ពី​ការ​ចូល​រៀន​នៅ​វិទ្យាល័យ​កាលពី​ខែ​មីនា៕
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com