ជាតិ
ឆ្នាំ​២០២២ ទេសចរថៃ ឈរលេខរៀងទី១​ ដែលមកកម្សាន្តនៅ​កម្ពុជាច្រើនជាងគេ​​
19, Jan 2023 , 5:09 pm        
រូបភាព
រូបភាពពី ក្រសួងទេសចរណ៍៕
រូបភាពពី ក្រសួងទេសចរណ៍៕
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ឆ្នាំ ២០២២ បង្ហាញថា​ ​​ទេសចរ​ជនជាតិថៃ ឈរ​​លេខ​រៀង​ទី​១ ដែលមានភ្ញៀវ​ជាង ៨៥ម៉ឺននាក់ បាន​​ធ្វើដំណើរ​មក​កម្សាន្ដ​កម្ពុជា​។ ចំនួន​នេះ មាន​ការកើនឡើង​ប្រមាណ ៩៤២,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១​។


កម្ពុជា ទទួលបាន​​ទេសចរក្នុងស្រុក ចំនួន១៣,៩៣លាននាក់ កើនឡើង១៩៩ភាគរយ ក្នុងឆ្នាំ​២០២២​ ។ ដោយឡែក ទេសចរអន្តរជាតិដែល​​មក​កម្សាន្តនៅ​​កម្ពុជា មាន​ប្រមាណ ២,២៨លាននាក់ កើនឡើង១០៥៩ភាគរយ និងទេសចរបរទេសផ្ទៃក្នុង ចំនួន ១,៨៨លាននាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ 
 
យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ​ចេញ​ផ្សាយ​នៅថ្ងៃទី ១៩ មករានេះ ក្នុងចំណោម​ភ្ញៀវអន្តរជាតិជាង២លាននាក់ ភ្ញៀវទេសចរ​ថៃ បាន​ឈរនៅ​កំពូលតារាង​ ដែល​ធ្វើដំណើរ​មក​កម្សាន្តកម្ពុជា​ច្រើនជាងគេ មាន​ចំនួន​សរុប ៨៥៣ ៣៧៦នាក់។
 
​ចំណែក​ទេសចរ​ជនជាតិ​វៀតណាមវិញ​ ឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី​ថៃ ដែលមានជាង ៤៦ម៉ឺន​នាក់, ចិន ឈរ​នៅ​លេខ​រៀង​ទី​៣ មាន​ជាង ១០​ម៉ឺន​នាក់។ ចំណែក អាម៉េរិក មានជាង ៩៣​ពាន់​នាក់, ឡាវ មាន​​ជាង ៩២​ពាន់​នាក់ និង​ឥណ្ឌូណេស៊ី មាន​ជាង ៧៥​ពាន់​នាក់។ ក្នុងចំណោម​ទេសចរ​ទាំ​ង​នេះ ទេសចរ​ដែល​កើនឡើង​គួរឱ្យកត់សម្គាល់ មាន​ដូចជា​វៀតណាម កើនឡើងរហូតដល់ ១៩៩៧,៦ភាគរយ និង​ចិន ១៣៣,៥ ភាគរយ។​
 
គួរបញ្ជាក់ដែរថា ក្នុង​ឆ្នាំ​២០២២ កម្ពុជាទទួលជើងហោះហើរអន្តរជាតិសរុបចំនួន ១០៩ ៣៨ជើង ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៨៧៤០ ជើងហោះហើរ,  អាកាសយានដ្ឋានអន្តរជាតិសៀមរាប មាន ១៧៣៨ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ៤៦០ ជើងហោះហើរ៕
 

Tag:
 ThmeyThmey25
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com