អន្តរជាតិ
ចិន ប្រឹងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩ ខណៈលោក ស៊ី បារម្ភពីការរាលដាលទៅជនបទ
20, Jan 2023 , 11:59 am        
រូបភាព
បណ្ដាក្រុមហ៊ុនឱសថចិននៅថ្ងៃទី១៩ ខែមករា ប្រញាប់ប្រញាល់អភិវឌ្ឍថ្នាំប្រឆាំងគ្រុនក្តៅ និងថ្នាំផ្សេងទៀតសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈប្រធានាធិបតី ស៊ី ជិនភីង បង្ហាញការព្រួយបារម្ភអំពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅដល់ទីជនបទពេលប្រជាជនធ្វើដំណើរទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខាងមុខ។



ការរាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេស និងលទ្ធភាពនៃការផ្ទុះឡើងខ្លាំងអំឡុងពេលចូលឆ្នាំថ្មី ជំរុញឱ្យក្រុមហ៊ុនឱសថជាច្រើនរបស់ចិន បង្កើនការផលិតថ្នាំប្រឆាំងគ្រុនក្ដៅ និងថ្នាំជាច្រើនមុខផ្សេងទៀតសម្រាប់អ្នកជំងឺកូវីដ-១៩។ ដំណើរការផលិតឱសថទាំងនេះក៏ឆ្លើយតបនឹងការព្រួយបារម្ភរបស់ប្រធានាធិបតី ស៊ី ជិនភីង ជុំវិញការរាលដាលជំងឺកូវីដ-១៩ ទៅដល់ជនបទ ស្របពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំ ដែលប្រជាជនតាមទីក្រុងសម្រុកទៅស្រុកកំណើត។ 
 
«ការការពារ និងគ្រប់គ្រងការររាលដាលជំងឺកូវីដ-១៩ របស់ចិននៅតែស្ថិតក្នុងភាពតានតឹង ប៉ុន្តែពន្លឺស្ថិតនៅខាងមុខ ការតស៊ូជាជ័យជម្នះ។ ខ្ញុំព្រួយបារម្ភបំផុតចំពោះតំបន់ជនបទ និងក្រុមកសិករ»។ មេដឹកនាំចិន លើកឡើងបែបនេះក្នុងសារសម្រាប់ថ្ងៃចូលឆ្នាំ។ លើសពីនេះ លោក ស៊ី បន្ថែមថា នៅតាមជនបទ ប្រព័ន្ធសុខាភិបាលទន់ខ្សោយដោយមិនមានឧបករណ៍វេជ្ជសាស្ត្រ និងថ្នាំសង្កូវគ្រប់គ្រាន់ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ភ្លាមៗទេ។
 
បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន China Daily នៅថ្ងៃទី១៩ ខែមករា ក្រុមហ៊ុនអភិវឌ្ឍឱសថចិនមួយចំនួនកំពុងបង្កើនប្រតិបត្តិការដើម្បីជំរុញផលិតភាពបន្ថែមគុណនឹងបី ពិសេសថ្នាំគ្រុនក្តៅ និងថ្នាំក្អក ដើម្បីបំពេញតម្រូវការរបស់អ្នកជំងឺដែលទំនងកើនឡើងច្រើននៅតាមជនបទក្រោយថ្ងៃឈប់សម្រាកចូលឆ្នាំចិន។ 
 
កន្លងមក ចិនប្រើថ្នាំ Azvudine ដែលជាឱសថព្យាបាលជំងឺកូវីដ-១៩ ដំបូងគេ ហើយបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Genuine Biotech និងបានអនុម័តឱ្យប្រើដោយនិយតករសុខភាពជាតិ។ ឱសPaxlovid របស់ក្រុមហ៊ុន Pfizer ក៏មានវត្តមាននៅចិន ប៉ុន្តែវាលំបាករកទិញ ដូចគ្នានឹងថ្នាំព្យាបាលជំងឺកូវីដ-១៩ molnupiravir ក៏មិនទាន់មានលក់ទូលំទូលាយក្នុងប្រទេសនៅឡើយ។
 
ទាក់ទិននឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ ចិនបានពឹងផ្អែកលើវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុកដើម្បីប្រយុទ្ធប្រឆាំងនឹងការររាលដាល ដោយមិនទទួលយកការផ្ដល់ជំនួយវ៉ាក់សាំងរបស់បរទេសឡើយ បើទោះការសិក្សាបង្ហាញថាវាប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងផលិតក្នុងស្រុកក៏ដោយ។ 
 
គួរបញ្ជាក់ថា ក្រុមអ្នកវិភាគសុខភាពសកល Airfinity នៅថ្ងៃទី១៨ ខែមករាបានប៉ាន់ប្រមាណថាប្រជាជនចិន៦២លាននាក់អាចឆ្លងជំងឺកូវីដ-១៩ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមករា ហើយមានអ្នកស្លាប់ប្រហែល ៣ម៉ឺននាក់ជារៀងរាល់ថ្ងៃ៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com