អន្តរជាតិ
វ៉ាស៊ីនតោន រកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូដើម្បីជំរុញគម្រោងសេដ្ឋកិច្ចទ្វីបអាម៉េរិក
29, Jan 2023 , 10:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៧ ខែមករា បានជួបជាមួយសមភាគីមួយចំនួនមកពីទ្វីបអាម៉េរិក ដើម្បីជំរុញគម្រោងអភិវឌ្ឍភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ដែលដាក់ចេញដោយប្រធានាធិបតី ចូ បៃឌិន នៅក្នុងកិច្ចប្រជុំកំពូលទ្វីបអាម៉េរិកកាលពីឆ្នាំ២០២២។



រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៧ ខែមករា បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពីចម្ងាយជាមួយសមភាគីមកពីប្រទេសទ្វីបអាម៉េរិកចំនួន១១ ផ្សេងទៀតដើម្បីពិភាក្សាពង្រីកការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចនៅទ្វីបមួយនេះតាមរយៈភាពជាដៃគូអាម៉េរិកសម្រាប់វិបុលភាពសេដ្ឋកិច្ចដែលលោក ចូ បៃឌិន ស្នើកន្លងមក។
 
លោក ប្លីងខិន បានព្យាករណ៍ថាភាពជាដៃគូនេះ នឹងជួយធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោយជំងឺរាតត្បាតកូវីដ-១៩ បង្កើនអភិបាលកិច្ចល្អ និងជំរុញកំណែទម្រង់ស្ថាប័នក្នុងតំបន់ដូចជាធនាគារអភិវឌ្ឍអន្តរអាម៉េរិក។ ជាមួយគ្នានេះ គំនិតផ្ដួចផ្ដើមដដែល នឹងជំរុញការប្រកួតប្រជែង ភាពធន់ ភាពរុងរឿងរួមគ្នា ការវិនិយោគរួម និងនិរន្តរភាពក្នុងតំបន់ រួមជាមួយការដោះស្រាយវិបត្តិអាកាសធាតុ។ 
 
លោក បៃឌិន បានបង្ហាញផែនការនេះនៅក្នុងកិច្ចប្រជុំកំពូលនៃទ្វីបអាម៉េរិកនៅទីក្រុង Los Angeles កាលពីឆ្នាំ២០២២ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងជាផ្នែកមួយនៃកិច្ចប្រឹងប្រែងកសាងឥទ្ធិពលរបស់ទ្វីបអាម៉េរិកឡើងវិញ ព្រមទាំងប្រឆាំងនឹងការរីកដុះដាលសេដ្ឋកិច្ចរបស់ចិនដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ប្លីងខិន និងរដ្ឋមន្ត្រីមួយចំនួនទៀតក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងតំបន់ដែលទាក់ទងនឹងតម្លៃថាមពលឡើងខ្ពស់ក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ 
 
ប្រទេសដែលចូលរួមកិច្ចប្រជុំមានចំនួន១២ រួមមានអាម៉េរិក ម៉ិកស៊ិក​ កាណាដា បាបាដុស ស៊ីលី កូឡុំប៊ី កូស្តារីកា ដូមីនីក អេក្វាទ័រ ប៉ាណាម៉ា ប៉េរូ និងអ៊ុយរូហ្គាយ។ ក្រុមប្រទេសសំខាន់ទាំងនេះតំណាងឱ្យប្រហែល ៩០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់តំបន់អឌ្ឍគោលខាងលិចរបស់ពិភពលោក និងមានប្រជាជនជិតពីរភាគបីនៃប្រជាជនសរុបក្នុងតំបន់នោះ។
 
លោក Jose Fernandez អនុរដ្ឋមន្រ្តីក្រសួអការបរទេសអាម៉េរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានបំណងបំពេញគោលដៅអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ឱ្យបាននៅឆ្នាំ២០២៣តែម្ដង៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com