កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គណៈកម្មាការ Soccer League សម្រេចឱ្យពិស្ណុការ ធ្លាក់ ដោយសារដាក់កីឡាករអាជីពខុសគោលការណ៍
03, Feb 2023 , 4:39 pm        
រូបភាព
ពានរង្វាន់ Soccer League លើកទី៦
ពានរង្វាន់ Soccer League លើកទី៦
គណៈកម្មការបច្ចេកទេស សម្រេចឲ្យ Royal Mayura Resort FT ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ក្នុងពានរង្វាន់ Soccer League លើកទី៦ បើទោះចាញ់ក្រុមពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ក្នុងលទ្ធផល ២-១ នៅ៨ក្រុមក្តី។ ការសម្រេចនេះ ដោយសារក្រុមពិស្ណុការពិសិដ្ឋសុវណ្ណភូមិដាក់កីឡាករអាជីព ខុសគោលការណ៍ Soccer Leagu។  លោក ប៊ិន ពិសិដ្ឋ អគ្គលេខាធិការក្រុមពិស្ណុការពិសិដ្ឋសុវណ្ណ ទទួលស្គាល់កំហុស ប៉ុន្តែស្នើគណៈកម្មការបច្ចេកទេសទម្លាក់ក្រុម Royal Mayura Resort FT ដែរ ព្រោះប្រើកីឡាករអាជីពដូចគ្នា។



លោក ប៊ិន ពិសិដ្ឋ អគ្គលេខាធិការក្រុមពិស្ណុការពិសិដ្ឋសុវណ្ណ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រុមលោក ពិតជាមានការសោកស្ដាយណាស់ ដែលមិនបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រោះមានកំហុសដោយអចេតនា ដែលផ្ទុយពីលក្ខខណ្ឌ និងបទបញ្ជារនៃការប្រកួត ដោយប្រើកីឡាករអាជីព។ ប៉ុន្ដែ ពិសិដ្ឋ ស្នើគណៈកម្មការ គួរតែមានចំណាត់ការដែលអព្យាក្រឹតសម្រាប់ក្រុមទាំងពីរ ព្រោះក្រុមទាំងពីរសុទ្ធតែប្រើកីឡាករអាជីពដូចគ្នា។ 
 
ក្រុម Royal Mayura Resort បានប្ដឹង ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ បន្ទាប់ពីប្រកួតចប់ ក្រោយក្រុមពួកគេចាញ់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ២-១។ ចំណែក ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ក៏បានប្ដឹងតបដែរ ប៉ុន្ដែបណ្ដឹងនោះ មិនមានប្រសិទ្ធភាពនោះទេ ព្រោះបានធ្វើឡើងផុត១ ម៉ោងក្រោយការប្រកួត ដែលខុសពីនីតិវិធីនៃការប្ដឹង។
 
 អគ្គលេខាធិការពិស្ណុការពិសិដ្ឋសុវណ្ណភូមិ បាននិយាយដូច្នេះថា៖«យើង បានប្ដឹងក្រោយផុត ១ម៉ោងក្រោយការប្រកួត ព្រោះក្រុមឈ្នះ យើងមិនអាចទៅប្ដឹងក្រុមចាញ់ទេ ប៉ុន្ដែក្រុមចាញ់យើង បានប្ដឹងទៅគណៈកម្មការ ក្រោយការប្រកួត។»។
 
ទាក់ទងជាមួយនិងច្បាប់នៃការប្រកួតនេះ លោក ប៊ិន ពិសិដ្ឋ បានចាត់ទុកថា នេះ គឺជាកិច្ចការរបស់គណៈកម្មការ ដែលដើរតួរជាអង្គសមត្ថកិច្ច ជាអ្នកពិនិត្យមើលទៅលើសមាសភាព និងព័ត៌មានផ្សេងៗរបស់កីឡាករ។ 
 
«សួរទៅគណៈកម្មការ ដឹងហើយថាក្រុមមួយបំពាន ដោយប្រើប្រាស់កីឡាករខុសលក្ខ័ន្ដិកៈ ដោយកីឡាករខាង Mayura ជាកីឡាករលេងឲ្យលីគកំពូលកម្ពុជា (Metfone League 2020)។

គណៈកម្មការមិនខ្វល់ បែជាទុកឲ្យក្រុមដទៃតវ៉ាវិញ។ នៅក្នុងច្បាប់ Soccer League គណៈកម្មការ គឺជាអង្គសមត្ថកិច្ច ជាអ្នកចាត់ការ ទោះបីមិនមានក្រុមណា មកប្ដឹងក្រុម Mayura ក៏ដោយ គណៈកម្មការ មានសិទ្ធក្នុងការដកគាត់ចេញដែរ។ ប៉ុន្ដែបែជាគាត់ ឲ្យ Mayura ឡើង ហើយពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ធ្លាក់ដោយស្វ័យប្រវត្តិ។»។ លោក ប៊ិន ពិសិដ្ឋ បាននិយាយដូច្នេះ។
 
អគ្គលេខាធិការរូបនេះ បញ្ជាក់ថា ក្រុមពិស្ណុការពិសិដ្ឋសុវណ្ណភូមិ និងថ្នាក់ដឹកនាំក្រុម មិនបានដឹងពីសមាសភាពកីឡាករខ្លួនទេ ថាមានប្រវត្តិធ្លាប់ប្រកួតពានសម្ដេចហ៊ុន សែន ឆ្នាំ២០២០។ នេះ គឺជាការបង្ហាញខ្លួនលើកទី១ ក្នុងពានរង្វាន់ Soccer League។
 
«យើង ទទួលស្គាល់ថាគណៈកម្មការ មានសិទ្ធអាចដកយើង ដោយស្វ័យប្រវត្តិបាន ហើយដកក៏ដកចុះ ព្រោះអីយើងធ្វើខុសក្នុងលក្ខ័ណ ប៉ុន្ដែហេតុអ្វីក្រុម ដែលប្ដឹងយើងនេះ គាត់ធ្វើខុសក្នុងលក្ខ័ណដែរ តែឲ្យគាត់ឡើងទៅវគ្គបន្ដទៅវិញ។ យើង ស្នើរឲ្យគណៈកម្មការ ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ធ្លាក់ដោយស្វ័យប្រវត្តិ ហើយសុំឲ្យ Royal Mayura ក៏ធ្លាក់ដោយស្វ័យប្រវត្តិដូចគ្នា ព្រោះក្រុមទាំងពីរធ្វើខុសលក្ខ័ណ។ ដូច្នេះ ឲ្យក្រុម៣ផ្សេងទៀត ប្រកួតគ្នា យកលេខ និងជ័យលាភីតាមហ្នឹងទៅ។ យើង មិនទាមទារប្រកួតសារជាថ្មីទេ បើទោះជារៀបចំ ក៏យើងមិនប្រកួតដែរ។»។

លោក ប៊ិន ពិសិដ្ឋ បានស្នើរឲ្យគណៈកម្មការមានការសម្រេចចិត្ដបែបនេះ។
 
ដោយឡែក សារព័ត៌មានថ្មីៗ បានព្យាយាមទំនាក់ទំនង ទៅថ្នាក់ដឹកនាំរបស់ Royal Mayura Resort FT ដែរ ប៉ុន្ដែមិនទទួលបានការឆ្លើយតបទេ។
 
ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ បានយកឈ្នះ Royal Mayura Resort FT ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់ កាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ ប៉ុន្ដែក្រុមនេះ មិនអាចទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ បន្ទាប់ពីដាក់សមាសភាពកីឡាករខុសលក្ខ័ណនិងបទបញ្ជារ នៃការប្រកួតពានរង្វាន់ Soccer League លើកទី៦។ Royal Mayura Resort FT បានដាក់ពាកបណ្ដឹងទៅគណៈកម្មការរៀបចំការប្រកួត បន្ទាប់ការប្រកួតចប់ភ្លាមៗ ហើយពិស្ណុការពិសិដ្ឋសុវណ្ណភូមិ ក៏បានប្ដឹងតបដែរ ប៉ុន្ដែពាក្យបណ្ដឹងនោះ ត្រូវចាត់ទុកជាមោឃៈ ព្រោះធ្វើហួសពី១ម៉ោង ក្រោយការប្រកួត។
 
លោក ហុក សុចិត្រា អនុគណៈកម្មការ​បច្ចេកទេស​ និង​ រៀបចំការប្រកួតពានរង្វាន់ Soccer League លើកទី៦ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម ពីការសម្រេចក្ដីឲ្យក្រុម Royal Mayura Resort FT ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូច្នេះថា Royal Mayura Resort FT បានដាក់ពាក្យបណ្ដឹង និងបានធ្វើតាមនីតិវិធីប្ដឹងផ្ដល់ទៅតាមតម្រូវការ បន្ទាប់ពីចប់ការប្រកួតភ្លាមៗ ដោយមិនហួសពី១ម៉ោង ក្រោយចប់ការប្រកួត។ ពាក្យបណ្ដឹងនោះ​​ បាននិយាយថាក្រុម ពិស្ណុការពិសិដ្ឋសុវណ្ណភូមិ បានដាក់សមាសភាពកីឡា ដែលធ្លាប់ចូលរួមប្រកួតក្នុងពានរង្វាន់ Cambodian Metfone League រដូវកាល២០២០។ ចំពោះសមាសភាពកីឡាកររូបណា លោក ហុក សុចិត្រា សុំមិនបង្ហាញឈ្មោះនោះទេ។
 
យោងទៅលើបទបញ្ជារនៃការប្រកួតពានរង្វាន់ Soccer League លើកទី៦ ​កីឡាករ អាចចូលរួមបានគឺ ជាកីឡាករដែលមិនមានឈ្មោះក្នុងបញ្ជីពានរង្វាន់ ខេមបូឌា ព្រីមាលីគ (CPL) ចាប់ពីឆ្នាំ២០២០ (ពីមុខ Cambodian Metfone League) មកដល់បច្ចុប្បន្ន ហើយក៏មិនមានឈ្មោះប្រកួតក្នុងលីគ២ កម្ពុជាផងដែរ។ ម្យ៉ាងវិញទៀត កីឡាករ ដែលធ្លាប់ប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន ចាប់ពីឆ្នាំ២០២០មក ក៏មិនអាចចូលប្រកួតផងដែរ។
 
គួរបញ្ជាក់ផងដែរថា ហុនមានអគ្គលេខាធិកាដ្ឋានក្រសួងការពារជាតិ ត្រូវប្រកួតជាមួយ Royal Mayura Resort FT កីឡដ្ឋានស្ដាតចាស់ នៅថ្ងៃទី៤ ខែកុម្ភៈ និងថ្ងៃទី៥ ខែកុម្ភៈ ស.ស.យ.ក. ពោធិ៍សែនជ័យ ជួបជាមួយ ស.ស.យ.ក.ខេត្តកណ្តាល នៅកីឡដ្ឋាន Smart RSN ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com