អន្តរជាតិ
ហ្វីលីពីនពង្រីកវត្តមាននៅសមុទ្រចិនខាងត្បូងដោយដាក់ពង្រាយនាវាឆ្មាំសមុទ្របន្ថែម
07, Feb 2023 , 12:29 pm        
រូបភាព
មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនឧត្តមនាវីឯក Artemio Abu អះអាងថា​ ហ្វីលីពីន​កំពុង​ពង្រីក​វត្តមាន​របស់ខ្លួននៅសមុទ្រជម្លោះសមុទ្រចិនខាងត្បូងដោយដាក់ពង្រាយនាវា និងបង្កើនជើងហោះហើរ​បន្ថែម​ដើម្បីការពារដែនសមុទ្រ និងអ្នកនេសាទហ្វីលីពីន។

 
«យើង​កំពុង​ធ្វើ​ឱ្យ​ប្រាកដ​ថា​វត្តមាន​របស់​កប៉ាល់​ឆ្មាំ​ឆ្នេរ​ការពារអ្នក​នេសាទ​នៅ​ក្នុង​តំបន់​។ ពួកយើង​កំពុងពង្រឹងវត្តមានរបស់យើង»។ មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនឧត្តមនាវីឯក Artemio Abu លើក​ឡើងបែបនេះក្នុងបទសម្ភាសមួយនៅថ្ងៃទី៦ ខែកុម្ភៈ រួចបន្ដថា នៅពេលណាដែលមាន​ការ​ជូន​ដំណឹង ក្នុងរយៈពេលមួយខ្លីនាវាឆ្មាំឆ្នេរសមុទ្រនឹងទៅដល់ទីនោះភ្លាម។
 
លោក Abu បញ្ជាក់ថា ការទិញនាវាទំនើបៗ រួមទាំងនាវាឆ្លើយតបពហុតួនាទីប្រវែង៩៧​ម៉ែត្រកា​ល​ពី​ឆ្នាំ​មុន បានអនុញ្ញាតឱ្យប្រទេសមួយនេះ បង្កើនចំនួន និងរយៈពេលនៃកា​រធ្វើដំណើរនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។
 
«យើង​អាច​​នៅ​ទី​នោះបាន​យូរ​ជាង​មុន ហើយ​យើង​អាច​គ្រប​ដណ្តប់​លើ​តំបន់​ធំ​ជាង​មុន​ឥឡូវ​នេះ»។ មេបញ្ជាការឆ្មាំសមុទ្រហ្វីលីពីនបញ្ជាក់បែបនេះផងដែរ។ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនដែលមា​ន​កម្លាំង​២៦,០០០នាក់មានកប៉ាល់ធំចំនួន២៥ ដែលអាច ប្រើប្រាស់សម្រាប់ការដាក់ពង្រាយ និងល្បាត។
 
គួរបញ្ជាក់ថា ព្រោះបារម្ភពីឥទ្ធិពលចិនក្នុងតំបន់ កាលពីសប្ដាហ៍មុនហ្វីលីពីនបានអនុញ្ញាតឱ្យ​អាមេរិ​កចូលប្រើមូលដ្ឋានទ័ពចំនួន៤បន្ថែមទៀត ខណៈអាមេរិកអាចចូលប្រើប្រាស់បានរហូតដល់៥​ទីតាំង​រួចមកហើយ។ ចិនមិនពេញចិត្តយ៉ាងខ្លាំង ហើយព្រមានឱ្យហ្វីលីពីនប្រុងប្រយ័ត្នជាមួយអាមេរិ​ក​ដែល​អាចទាញយកផលប្រយោជន៍ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
កន្លងមក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ក៏បានប្តេជ្ញាមិនធ្វើឱ្យបាត់បង់ទឹកដី​សូម្បីតែមួយអ៊ីញទៅឱ្យមហាអំណាចបរទេសណាមួយឡើយ។ កាលពីខែមុន លោក Marcos Jr  បាន​ជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ហើយបានអះអាងសារជាថ្មីពីការគោរព​អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក៕
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com