អន្តរជាតិ
អ៊ីរ៉ង់បង្ហាញមូលដ្ឋានទ័ពក្រោមដីដែលមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង
08, Feb 2023 , 9:59 am        
រូបភាព
យន្តហោះចម្បាំងរបស់អ៊ីរ៉ង់ក្នុងមូលដ្ឋានទ័ព Eagle 44 ។ រូបថតកងទ័ពអ៊ីរ៉ង់
យន្តហោះចម្បាំងរបស់អ៊ីរ៉ង់ក្នុងមូលដ្ឋានទ័ព Eagle 44 ។ រូបថតកងទ័ពអ៊ីរ៉ង់
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) នៅថ្ងៃទី៧ ខែកុម្ភៈ បានបង្ហាញ​ពី​ទិដ្ឋភាពមូលដ្ឋាន​ទ័ពឈ្មោះ Eagle 44 ដែលជាមូលដ្ឋានទ័ពអាកាសក្រោមដីរបស់អ៊ីរ៉ង់ធំជាងគេទី​មួយ​ដែល​អាច​ផ្ទុក​យន្តហោះចម្បាំងផង។

 
បើតាមរបាយការណ៍របស់ IRNA មូលដ្ឋានយោធាអាកាស Eagle 44 មានសមត្ថភាពផ្ទុក និង​ប្រតិបត្តិ​ការយន្តហោះចម្បាំង និងដ្រូនផងដែរ។ យ៉ាងណាមិញ IRNA មិនបានអធិប្បាយពីទីតាំងនៃមូលដ្ឋាន​យោធានេះលម្អិតឡើយ។
 
«វាគឺជាមូលដ្ឋានទ័ពអាកាសដ៏សំខាន់បំផុតមួយរបស់កងទ័ពជាមួយនឹងយន្តហោះចម្បាំងបំពាក់​ដោយ​មីស៊ីលចម្ងាយឆ្ងាយ និងសាងសង់ជ្រៅក្រោមស្រទាប់ផែនដី»។ ទីភ្នាក់ងារព័ត៌មាន IRNA អះអាង​បែប​នេះ​រួចបន្ថែមថា មូលដ្ឋាននេះមានជម្រៅរាប់រយម៉ែត្រនៅក្រោមភ្នំ និងមាន​សមត្ថភាព​ទប់​ទល់​គ្រាប់​បែករបស់យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់អាមេរិក។
 
នៅថ្ងៃដដែល នាយសេនាធិការកងទ័ពអ៊ីរ៉ង់ លោក Mohammad Bagheri បាន​ប្រាប់ទូរទស្សន៍រដ្ឋថា រាល់ការវាយប្រហារលើអ៊ីរ៉ង់ពីសំណាក់សត្រូវរួមទាំងអ៊ីស្រាអែល នឹងទទួលបានការឆ្លើយតបពី​មូលដ្ឋានទ័ពអាកាសជាច្រើនរបស់អ៊ីរ៉ង់ រួមទាំងមូលដ្ឋាន Eagle 44​ ផងដែរ។
 
កាលពីខែឧសភាឆ្នាំមុន កងទ័ពអ៊ីរ៉ង់បានផ្តល់ព័ត៌មានលម្អិតអំពីមូលដ្ឋានក្រោមដីមួយទៀតដែល​ផ្ទុក​ដ្រូន ខណៈដែលប្រទេសនេះស្វែងរកការការពារយុទ្ធោបករណ៍យោធាពីការវាយប្រហារ​តាម​អាកាស​ពី​សំណាក់អ៊ីស្រាអែលដែលជាសត្រូវសួពូជ៕
 

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com