អន្តរជាតិ
ចិនផ្ដល់ជំនួយ៤,៤លានដុល្លារដល់ស៊ីរីដែលជួបគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ
09, Feb 2023 , 9:39 am        
រូបភាព
ក្នុងសន្និសីទព័ត៌មាននៅថ្ងៃទី៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning លើកឡើងថា ចិននឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ចំនួន៤,៤លានដុល្លារ ដល់ស៊ីរីដែល​រង​កា​រ​វាយ​ប្រហារ ដោយសារគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។

 
គិតត្រឹល្ងាចថ្ងៃទី៨ ខែកុម្ភៈ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីហក់ឡើងដល់១១,០០០ នាក់ឯណោះ។ ប្រតិបត្តិការរុករកនៅតែបន្តធ្វើឡើង ទោះប្រឈមមុខបញ្ហាអាកាសធាតុក្ដី។ ក្រុមជួយសង្រ្គោះពីបណ្ដាប្រទេសនានា ក៏ទៅដល់តំបន់ដែលរងការវាយប្រហារដោយរញ្ជួយដីដែរ។
 
អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Mao Ning បានថ្លែងថា ជំនួយចំនួន២លានដុល្លារ នៃ​ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ចំនួន៤,៤លានដុល្លារ ជាសាច់ប្រាក់សម្រាប់​ត​ម្រូវការ​សម្ភារ​ចាំបាច់​បន្ទាន់។ ក្រុងប៉េកាំង នឹងពន្លឿនគម្រោងជំនួយស្បៀងអាហារផងដែរ។
 
ជាមួយគ្នានេះ ទីក្រុងប៉េកាំង បានប្តេជ្ញាផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងកញ្ចប់ដំបូងចំនួន ៥,៨លាន​ដុល្លារ​ ដល់តួកគី។ មិនត្រឹមផ្ដល់ជំនួយឡើយ ក្រុមសង្គ្រោះត្រូវបានបញ្ជូនដោយក្រុងប៉េកាំង ក៏បានទៅដល់​អាកាសយានដ្ឋាន Adana របស់តួកគី នៅថ្ងៃទី៨ ខែកុម្ភៈ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV សម្ភារពេទ្យ និងឧបករណ៍សង្គ្រោះចំនួន២០តោន ព្រមទាំង​សត្វឆ្កែ​ស្វែង​រក និងជួយសង្គ្រោះចំនួន៤ក្បាល​ផង ក៏ធ្វើដំណើរទៅជាមួយគ្នាដែរ។
 
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្រ្គោះនៅស៊ីរី និងតួកគី កំពុងជួបបញ្ហាលំបាកដោយសារទីនោះ មាន​អាកាសធាតុត្រជាក់ខ្លាំង និងមានធ្លាក់ព្រិលថែមទៀត។ ប្រជាជនមួយចំនួនដែល​ផ្ទះសម្បែងពួកគេ​ត្រូវ​បាន​បំផ្លាញ បានជ្រើសយកព្រះវិហារ សាលារៀន ឬសូម្បីតែថយន្តក្រុងដើម្បីជ្រក​កោន​បណ្ដោះ​អាសន្ន៕
 
 

Tag:
 ចិន
  ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com