ជាតិ
កម្ពុជា ដាក់គោលដៅនាំចេញអង្ករ ៧៥ម៉ឺនតោនក្នុងឆ្នាំ២០២៣ និង១លានតោននៅឆ្នាំ២០២៥
09, Feb 2023 , 9:59 pm        
រូបភាព
រូបពី Taing Eanghuot Rice Mill
រូបពី Taing Eanghuot Rice Mill
ភ្នំពេញ៖​ សហព័ន្ធស្រូវអង្ករកម្ពុជា បានកំណត់គោលដៅនាំចេញអង្ករឱ្យបាន៧៥ម៉ឺនតោន ក្នុងឆ្នាំ ២០២៣ និងឈានដល់ ១លានតោន នៅឆ្នាំ២០២៥។ ក្នុងនោះដែរ សហព័ន្ធប្ដេជ្ញាសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីកទីផ្សារទៅចិនឱ្យបានច្រើនជាង៤០ម៉ឺនតោន ក្នុងឆ្នាំ ២០២៣នេះ។



ក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៧ខែកុម្ភៈ លោក ចាន់ សុឃាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៤ សហព័ន្ធស្រូវអង្ករបានដាក់ចេញផែនការជំរុញផលិតកម្មស្រូវ និងនាំចេញឱ្យបាន ៧៥ម៉ឺនតោនក្នុងឆ្នាំ ២០២៣និងឈានដល់ ១លានតោននៅឆ្នាំ ២០២៥។
  

ជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៧ខែកុម្ភៈ។ រូបពី ក្រសួងងពាណិជ្ជកម្ម 
 
ក្នុងនោះ សហព័ន្ធ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្មដើម្បីពង្រីកទីផ្សារ ទៅកាន់ប្រទេសចិន ឱ្យបានច្រើនជាង ៤០ម៉ឺនតោន ក្នុងឆ្នាំ២០២៣នេះតទៅ។ ទន្ទឹមនេះ ត្រូវបន្តធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត ដូចជាអាម៉េរិក កាណាដា មជ្ឈិមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ីព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្ករ» និងម៉ាកសមូហភាព «SKO» និងអង្ករដំណើបស្បៃមង្គល «DSMK»។
 
ដោយឡែក ឆ្នាំ ២០២៣ ដល់២០២៧ សហព័ន្ធស្រូវអង្ករ និងក្រសួងពាណិជ្ជកម្មនឹងបន្តការបើកទីផ្សារទៅកាន់ប្រទេស ដ៏ទៃបន្ថែមទៀត ជាពិសេស ប្រទេសហ្វីលីពីនដែលកំពុងចាប់អារម្មណ៍ខ្លាំង ក្នុងនាំចេញអង្ករពីកម្ពុជាផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន។ 
 
បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងចរចាលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយ និងត្រូវបានគេរំពឹងថានឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។
 
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តសហព័ន្ធក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារចិន តាមផែនការរបស់ខ្លួនព្រោះកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុប ៤០ម៉ឺនតោន៕ 
 
 

Tag:
 កសិកម្ម
  សហព័ន្ធស្រូវអង្ករកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com