ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ​៖ យន្តការ​ច្រកចេញចូល​តែមួយ នឹង​ជួយ​ឱ្យ​ការផ្តល់សេវា​ក្នុង​ឃុំ​កំពង់ស្វាយ​កាន់តែ​រហ័ស​
10, Feb 2023 , 11:59 am        
រូបភាព
ដោយ​៖ ជឿ​ង ស្រី​ចាន់ (​យុវជន​ឃុំ​កំពង់ស្វាយ​)
 
​ស្រុក​កំពង់ស្វាយ​, កំពង់ធំ​៖ យន្តការ​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ឃុំ មាន​អត្ថប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ ដោយ​ពួកគេ​មិន​ចំណាយ​ថវិកា​ខ្ជះខ្ជាយ នៅពេល​ទៅធ្វើ​ឯកសារ​ផ្សេងៗ និង​ជួយ​បង្កើន​ការផ្ដល់សេវា​ក្នុង​ឃុំ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ លោក ជឹម ជឿ​ង ជំទប់​ទី​១ នៅ​ឃុំ​កំពង់ស្វាយ លើកឡើង​ដូច្នេះ រួច​លោក​បាន​រៀបរាប់​ទៀតថា រដ្ឋបាល​ឃុំ​កំពង់ស្វាយ ទើបតែ​ដាក់​ដំណើរការ​យន្តការ​ច្រកចេញចូល​នេះ កាលពីដើមឆ្នាំ​២០២៣​នេះ​ប៉ុណ្ណោះ​។​



​បើតាម​ជំទប់​ទី​១ ឃុំ​កំពង់ស្វាយ នៅពេល​ដែលមាន​ច្រកចេញចូល​តែមួយ ពលរដ្ឋ​មិន​ពិបាក​តាមរក​មេភូមិ ឬ​មេឃុំ ដើម្បី​ធ្វើឯកសារ​ទៀត​នោះទេ គឺ​ទៅ​ទទួល​សេវា​តែមួយ​កន្លែង​(​ច្រកចេញ​-​ចូល​តែមួយ​)  បានធ្វើ​ឯកសារ​គ្រប់​ទាំងអស់​តែម្ដង​។​
 


​ការផ្ដល់សេវា​នៅ​ច្រកចេញ​-​ចូល​តែមួយ មាន​ច្រើន​ប្រភេទ​ទៅតាម​តម្រូវការ​របស់​ពលរ​ដ្ឋ ដោយមាន​ធ្វើ​អត្រានុកូលដ្ឋាន សំបុត្រកំណើត និង​លិខិត​លក់ដូរ​ជាដើម​។ លោក ជឿ​ង រៀបរាប់​បែបនេះ ហើយ​បន្តថា ច្រកចេញចូល​តែមួយ នឹងដាក់​អនុវត្ត​នៅ​ឆ្នាំ​២០២៣ ដោយ​អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ​ឱ្យ​មេភូមិ នីមួយៗ ជួយ​ប្រាប់​ពលរដ្ឋ​បន្ត ដើម្បីឱ្យ​ពួកគេ​បានដឹង​ពី​ការធ្វើ​ឯកសារ​នៅ​ច្រកចេញចូល​តែមួយ​។​
 
​លោក ជឹម ជឿ​ង បាន​បញ្ជាក់ថា​៖ «​ព​ន្លឿ​ន​ការផ្ដល់សេវា​លឿន​ជាង​មុន ពលរដ្ឋ​មិនចាំបាច់​ចំណាយ​ថវិកា​ច្រើន​កន្លែង​។ បើ​លក់​គោ​១​ក្បាល ទៅ​បង់​សេវា​នៅ​ច្រកចេញចូល​តែមួយ​តែ ៣០០០​រៀល ជាការ​ស្រេច មិនចាំបាច់​ចំណាយ​ច្រើនដង​ទេ​»​។ 
 
​ដោយសារតែ​យន្តការ​ច្រកចេញចូលរ​តែមួយ​រដ្ឋបាល​ឃុំ​នេះ​ទើបតែ​ចាប់ផ្តើម​ដំណើរការ ហេតុនេះ​អាជ្ញាធរ នឹង​បង្កើន​ការផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង ពី​គោលបំណង​នៃ​ការបង្កើត​យន្តការ​នេះ និង​ពី​ប្រភេទ​សេវា​ដែល​ពលរដ្ឋ​អាច​ទៅ​ស្វែងរក​ពី​មន្ត្រី​ដែល​ទទួលខុសត្រូវ​នៅ​យន្តការ​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ឃុំ​។​
​លោក ជឿ​ង បាន​បញ្ជាក់ថា ថវិកា​ដែល​ទទួលបាន​ពី​ថ្លៃ​សេវា​របស់​ពលរដ្ឋ នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ឃុំ និង​ទិញ​សម្ភារ​ប្រើប្រាស់​ក្នុង​ឃុំ​ផ្សេងៗ​ទៀត​៕
 
​អាន​អត្ថបទ​ពាក់ព័ន្ធ​ផ្សេងទៀត​៖ យុវជន​សកម្ម​សេវា​ល្អ 
 
(​អត្ថបទ​នេះ គឺជា​ស្នាដៃ​របស់​ក្រុមយុវជន និង​ត្រូវបាន​រៀបរៀងឡើង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត តាមរយៈ​អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​។ រាល់​ខ្លឹមសារ​នៅក្នុង​អត្ថបទ​នេះ គឺជា​ការទទួលខុសត្រូវ​របស់​ស្មេរ ឬ​ផលិតករ ហើយ​មិន​ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍ​អន្តរជាតិ​ស៊ុយ​អ៊ែត​នោះទេ​)
 

Tag:
 ​រដ្ឋបាល​ឃុំ​
  ច្រកចេញចូល​តែមួយ​
  សេវាសាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com