ជាតិ
ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់តាមសាលា នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់! របភាព Pexels។
× ក្រសួងអប់រំ យុជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី នាទិវាបុណ្យនៃក្ដីស្រឡាញ់ ឬ១៤កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ នេះបើតាមទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។
ដូចឆ្នាំមុនៗដែរ មុនថ្ងៃ១៤កុម្ភៈមកដល់ ដែលជាទិវានៃក្ដីស្រឡាញ់ ក្រសួងអប់រំ យុវជន និងកីឡា តែងចេញវិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីមួយចំនួន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលប្រាស់ចាកពីវប្បធម៌ និងប្រពៃណីខ្មែរ។
ក្រសួងអប់រំ បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបដៃគូស្នេហា។ ក្រសួងអប់រំ បញ្ជាក់ថា យុវជនភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្លួន និងគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ។
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ ដើម្បីកុំឱ្យមានការយល់ខុស ពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រឡាញ់ (Valentine’s Day)។ ក្រសួងអប់រំ ក៏ណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឹងម៉ាត់ ជាពិសេសការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយពិនិត្យ និងតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
ក្រសួងអប់រំ បានបន្ថែមទៀតថា ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ជាមួយគ្នានេះ ត្រូវបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស៕
Tag:
ThmeyThmey
ទិវានៃក្ដីស្រឡាញ់
១៤កុម្ភៈ
ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com