ជាតិ
ដើមឆ្នាំនេះ កម្ពុជា នាំចេញអង្ករទៅអឺរ៉ុប កើនឡើងជាង៤០ភាគរយ
10, Feb 2023 , 10:00 pm        
រូបភាព
រូបពី ហ្វេប៊ុក «ស្រីមួយដេប៉ូលក់អង្ករ»
រូបពី ហ្វេប៊ុក «ស្រីមួយដេប៉ូលក់អង្ករ»
ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករ របស់ទៅកាន់សហគមន៍អឺរ៉ុបកើនឡើងជាង៤០ភាគរយ ក្នុងខែមករា ឆ្នាំ ២០២៣។ ប៉ុន្តែ ការនាំចេញអង្ករទៅចិន បានថយចុះ ដោយសារការឈប់សម្រាក់ពិធីបុណ្យចូលឆ្នាំចិន ជិត២សប្ដាហ៍។

 
 
ក្នុងខែមករា កម្ពុជា បាននាំចេញអង្ករចំនួន ៣៦ ៩០០តោន ដែលមានតម្លៃ ២៨,៨៣លានដុល្លារ ទៅកាន់៣៤ ប្រទេស។ ដោយក្នុងនោះ បាននាំទៅសហគមន៍អឺរ៉ុបចំនួន ២០ប្រទេស ស្មើនឹង ៤៨ភាគរយ នៃការនាំចេញសរុប ដែលមានបរិមាណចំនួន ១៧៧៩៥តោន គិតជាទឹកប្រាក់ចំនួន ១៣,៤៤លានដុល្លារ។
 
កម្ពុជា បាននាំចេញអង្ករទៅចិន និងហុងកុង រហូតដល់ ៤១ភាគរយ ដែលមានបរិមាណ ១៥ ០៤៥តោន ស្មើនឹង ១១,៧៧លានដុល្លារ។ ប្រទេសអាស៊ានចំនួន ២ គឺម៉ាឡេស៊ី និងសិង្ហបុរី បានបញ្ជារទិញអង្ករកម្ពុជា ចំនួន ១ ៨៧១តោន ដែលគិតជាទឹកប្រាក់ជាង ១លានដុល្លារ និងគោលដៅ ៧ផ្សេងទៀត រួមមាន ហ្គាប៊ុង អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាប៊ីតសាអូឌីត ចំនួន ២ ១៨៩តោន ដែលគិតជាទឹកប្រាក់ ២,៥៣លានដុល្លារ។
 
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងខែមករា ការនាំចេញអង្ករទៅចិន បានថយចុះ ដោយសារការឈប់សម្រាក់ពិធីបុណ្យចូលឆ្នាំចិន ជិត ២សប្ដាហ៍។ 
 
ចំពោះ ប្រភេទអង្ករដែលត្រូវនាំចេញ រួមមាន អង្ករក្រអូបប្រណិត«ម្លិះអង្គរ» ចំនួន ២២ ៨១០ តោន អង្ករសែនក្រអូប ចំនួន ៩ ៣៥៨ តោន អង្ករស ធម្មតាចំនួន ១ ៧២១ តោន អង្ករចំហុយចំនួន ១ ៨៦៧ តោន អង្ករសរីរាង្គចំនួន ១ ១៤៤ តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន ៩២ លានដុល្លារ៕ 

Tag:
 កសិកម្ម
  ការនាំចេញអង្ករ
  ចិន-អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com