អន្តរជាតិ
អាម៉េរិក ប្រកាសជួយហ្វីលីពីនជាថ្មី ប្រសិនបើមានការវាយប្រហារប្រដាប់អាវុធពីចិន
14, Feb 2023 , 4:39 pm        
រូបភាព
រូបភាពយកពី កម្លាំងល្បាតហ្វីលីពីន និងAFP
រូបភាពយកពី កម្លាំងល្បាតហ្វីលីពីន និងAFP
ដោយ: ថ្មីៗ
អាម៉េរិក នៅថ្ងៃទី១៣ ខែកុម្ភៈ បានព្រមានចិនជាថ្មីថា ក្រុងវ៉ាស៊ីនតោន នឹងការពារហ្វីលីពីន ប្រសិនបើមានការវាយប្រហារណាមួយ នៅក្នុងសមុទ្រចិនខាងត្បូង។ ការព្រមាននេះ ធ្វើឡើងក្រោយនាវាល្បាតចិន បានបាញ់ភ្លើងឡាស៊ែរដាក់នាវាល្បាតហ្វីលីពីន នៅដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង។

 
កម្លាំងល្បាតចិន និងហ្វីលីពីន តែងប្រឈមមុខដាក់គ្នានៅក្នុងដែនទឹកជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ នៅថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ នាវាល្បាតចិន បានបាញ់ភ្លើងឡាស៊ែរ ដាក់នាវាល្បាតហ្វីលីពីនក្នុងគោលបំណងរារាំងមិនឱ្យឆ្ពោះទៅតំបន់ Second Thomas Shoal ដើម្បីផ្គត់ផ្គង់កម្លាំងទ័ពហ្វីលីពីននៅទីនោះ។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយការពារសកម្មភាពយោធាខ្លួនថា នាវាល្បាតហ្វីលីពីនបានឆ្លងមកក្នុងដែនទឹកចិនដោយគ្មានការអនុញ្ញាត។ 
 
ក្រោយពីហេតុការណ៍នេះ ហ្វីលីពីន បានដាក់ការតវ៉ាទៅស្ថានទូតចិនក្នុងរដ្ឋធានីម៉ានីល និងបានរិះគន់ចំពោះកម្លាំងល្បាតចិនផង។
 
ជុំវិញការបាញ់ភ្លើងឡាស៊ែរនោះ ក្រសួងការបរទេសអាម៉េរិក នៅមិនស្ងៀមឡើយ ដោយ បានប្រកាសចាត់ទុកកាយវិការដ៏គ្រោះថ្នាក់​ ដែលគំរាមកំហែងស្ថិរភាព និងសន្តិភាពក្នុងតំបន់ ហើយថែមទាំងព្រមានចិនថែមទៀត។ 
 
«អាម៉េរិកឈរនៅជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងថ្ងៃទី១៣ ខែកុម្ភៈ ដោយបន្តថា រាល់ការវាយប្រហារលើកម្លាំងទ័ព នាវាសាធារណៈ ឬយន្តហោះរបស់ហ្វីលីពីន រួមទាំងនាវាល្បាតនៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើឱ្យអាម៉េរិកអនុវត្តការប្តេជ្ញាក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ១៩៥១។ កិច្ចព្រមព្រៀងនេះ បានចែងថា ភាគីម្ខាងត្រូវជួយភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារពីសំណាក់ប្រទេសខាងក្រៅ។ 
 
ទន្ទឹមនេះ លោក Price បានបន្ថែមផងថា នាវាល្បាតចិនតែងបង្កសកម្មភាពបង្ករឿង និងមិនសុវត្ថិភាព ជាមួយនាវារបស់ហ្វីលីពីន។ នេះមិនមែនជាលើកទីមួយឡើយ ដែលអាម៉េរិកប្រកាសច្បាស់ៗ ក្នុងការជួយ និងឈរនៅខាងហ្វីលីពីន។
 
គួររំឭកថា នៅក្នុងឆ្នាំ២០២២ប៉ុណ្ណោះ រដ្ឋាភិបាលក្រុងម៉ានីល បានដាក់ការតវ៉ាជាមួយក្រុងប៉េកាំងរហូតដល់ទៅជិត ២០០លើក ពាក់ព័ន្ធនឹងសកម្មភាពចិន នៅក្នុងសមុទ្រចិនខាងត្បូង៕ 
 

Tag:
 ចិន
  ហ្វីលីពីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com