អន្តរជាតិ
អង្គការឃ្លាំមើលសិទិ្ធមនុស្សជំរុញឱ្យ UN តាមដានរបាយការណ៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅចិន
14, Feb 2023 , 5:59 pm        
រូបភាព
នាយកប្រតិបត្តិស្តីទីអង្គការឃ្លាំមើលសិទិ្ធមនុស្សនៅថ្ងៃទី១៣ ខែកុម្ភៈ បានជំរុញឱ្យអង្គការសហប្រជាជាតិ (UN)​ បន្តការងារតាមរបាយការណ៍ស្តីពីការឃុំខ្លួនជនជាតិភាគតិចវីហ្គ័រ និងជនមូស្លីមផ្សេងទៀតនៅចិនដែលចេញការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។



បញ្ហានៅតំបន់ស៊ីនជាំង បញ្ហារំលោភសិទ្ធិមនុស្សលើជាតិភាគតិចវីហ្គ័រ និងជនមូស្លីមផ្សេងទៀត ជាកម្មវត្ថុនៃការរិះគន់ឥតឈប់ឈរលើរដ្ឋាភិបាលចិន។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក៏បានចេញរបាយការណ៍មួយដែលបង្ហាញការព្រួយបារម្ភថា អ្វីដែលកើតឡើងនោះ អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ 
 
បន្ទាប់ពីការចុះចេញពីតំណែងរបស់លោកស្រី Michelle Bachelet លោក Volker Turk ត្រូវបានតែងតាំងឱ្យឡើងកាន់តំណែងជាប្រធាន OHCHR ជំនួសវិញ។ ក្រោយចូលកាន់តំណែងជាង ៤ ខែមកនេះ លោកស្រី Tirana Hassan នាយកប្រតិបត្តិស្តីទីនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សបានលើកឡើងថា លោក Turk​ ហាក់មានឆន្ទៈខ្ពស់ចាត់វិធានការលើរបាយការណ៍សិទ្ធិមនុស្សបន្តពីលោកស្រី Michelle Bachelet​ ប៉ុន្ដែនៅមិនទាន់មានសកម្មភាពជាក់ស្ដែងនៅឡើយ។ 
 
«យើងចង់ឃើញលោក (Volker Turk​) ចាត់វិធានការជាក់ស្ដែងដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តនេះ»។ លោកស្រី Hassan បានប្រាប់អ្នកកាសែតបែបនេះនៅទី១៣ ខែកុម្ភៈ។
 
កាលពីខែសីហាឆ្នាំមុន OHCHR បានចេញរបាយការណ៍មួយចោទប្រកាន់ចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីបញ្ហាឃុំខ្លួនមនុស្សដោយបំពាន និងរើសអើងពូជសាសន៍នៅក្នុងតំបន់ស៊ីនជាំង។ ទន្ទឹមនឹងការចេញរបាយការណ៍នេះ OHCHR ក៏បានជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់ចេញពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ពន្ធនាគារ ឬកន្លែងឃុំឃាំងផ្សេងទៀត។
 
យ៉ាងណាមិញ ក្រោយរបាយការណ៍នេះចេញផ្សាយ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបរាជ័យក្នុងការដាក់សម្ពាធលើចិន ដ្បិតចិនបានប្រើប្រាស់សិទ្ធិវ៉េតូខណៈខ្លួនជាសមាជិកអចិន្ត្រៃយ៍មួយរូប​ក្នុងការបោះឆ្នោតកន្លងមក។ 
 
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានលើជនជាតិភាគតិចវីហ្គ័រដែលជាជនជាតិភាគតិចមូស្លីមមានចំនួនប្រមាណ ១០ លាននាក់រស់នៅក្នុងតំបន់ស៊ីនជាំង ដោយរួមមានការជិះជាន់លើកកម្លាំងពលកម្ម និងការឃុំឃាំងឱ្យនៅក្នុងជំរំ ខណៈអាម៉េរិកបានចោទប្រកាន់ចិនពី​បទ​ប្រល័យពូជសាសន៍។ ប៉ុន្តែ ចិនតែងតែបដោសេធរាល់ការចោទប្រកាន់ទាំងនេះ​ដោយអះអាងថាខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធានាការអភិវឌ្ឍក្នុងតំបន់ប៉ុណ្ណោះ៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com