អន្តរជាតិ
ឥណ្ឌាគ្រោងបង្កើនការនាំចេញផ្នែកយោធាច្រើនជាងមុន៣ដង
14, Feb 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីឥណ្ឌាលោក នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី១៣ ខែកុម្ភៈបានបង្ហាញពីមហិច្ឆតាក្នុងការនាំចេញ​សម្ភារយោធាច្រើនជាងមុនបីដងក្នុងពីរឆ្នាំខាងមុខ ស្របពេលឥណ្ឌារៀបចំព្រឹត្តិការណ៍បង្ហាញសមត្ថភាពក្រុមហ៊ុនក្នុងស្រុកលើការផលិតសព្វាវុធនានា។

 
ឥណ្ឌា កំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងការពារជាតិតម្លៃ៩ពាន់លានដុល្លារនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ Aero India នៅទីក្រុង Bengaluru ។ រៀបចំឡើងប្រាំពីរថ្ងៃ ព្រឹត្តិការណ៍ដ៏ធំមួយនេះ ប្រមូល​ផ្ដុំក្រុមហ៊ុនអាកាសចរណ៍សម្រាប់បំពេញតម្រូវការស៊ីវិលនិងក្រុមហ៊ុនផលិតសព្វាវុធផងដែរ។
 
«សព្វថ្ងៃនេះឥណ្ឌាមិនមែនគ្រាន់តែជាទីផ្សារសម្រាប់ក្រុមហ៊ុនការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ដៃ​គូ​ផ្នែកការពារដ៏មានសក្តានុពលផងដែរ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​របស់​​ឥណ្ឌា​ឱ្យ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​ការពារជាតិ​របស់​ប្រទេស»។ នាយករដ្ឋមន្ត្រីឥណ្ឌា ថ្លែងសុន្ទរកថាបែបនេះនា​ព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើរួចបន្ថែមថា ឥណ្ឌានាំចេញផលិតផលសព្វាវុធទៅប្រទេសចំនួន៧៥ ហើយក្នុងពេលពីរឆ្នាំខាងមុខឥណ្ឌាអាចនឹងបង្កើនចំនួននាំចេញច្រើនជាងបីដងក្នុងមួយឆ្នាំរហូតដល់ទំហំ៥ពាន់លានដុល្លារ។
 
ការនាំចេញរបស់ឥណ្ឌាកន្លងមករួមមានឧទ្ធម្ភាគចក្រ Dhruv របស់ក្រុមហ៊ុន Hindustan Aeronautics (HAL) ទៅកាន់ហ្វីលីពីន ម៉ូរីស និងអេក្វាឌ័រ និងមីស៊ីលលឿនជាងសំឡេង របស់​ក្រុមហ៊ុនរុស្ស៊ី-ឥណ្ឌា BrahMos Aerospace ទៅហ្វីលីពីន។ ក្រុមហ៊ុន HAL ក៏បានលក់​យន្តហោះច​ម្បាំងធុនស្រាល Tejas របស់ខ្លួនទៅឱ្យម៉ាឡេស៊ីផងដែរ។
 
លើសពីនេះ ឥណ្ឌាក៏បាននាំចេញសព្វាវុធផ្សេងទៀតដូចជា នាវាល្បាត ប្រព័ន្ធឃ្លាំមើលតាមឆ្នេរសមុទ្រ  ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធរ៉ាដា។ ឥណ្ឌាក៏​ចង់ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​តូច​ៗផ្ដើមអាជីវកម្មបង្កើតគ្រឿង បន្លាស់សម្រាប់ផលិតផល​ការពារ​ជាតិ​ធំៗ​នៅ​ទូទាំង​ពិភពលោក​ក៏​ដូច​ជា​ទាក់ទាញការវិនិយោគបរទេសសម្រាប់ការអភិវឌ្ឍ និងការផលិតរួមគ្នា។
 
តាមពិតទៅ ឥណ្ឌាជាប្រទេសមួយដែលនាំចូលសម្ភារយោធាច្រើនជាងអស់​ជា​ច្រើន​ទស្សវ​ត្សរ៍​មក​ហើយ។ មហិច្ឆតានាំចេញរបស់ទីក្រុងញូដែលីនៅពេលនេះ ជាសញ្ញានៃ​ការបង្កើនឥទ្ធិពលរបស់ឥណ្ឌា​ទាក់ទាញ​ការវិនិយោគក្នុងឧស្សាហកម្ម​ក្នុង​ស្រុក​រប​ស់​ខ្លួន៕
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com