កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ អភិបាលខេត្ត ត្រូវចូលរួមរត់ភ្លើងគប់ ដែលជានិមិត្តរូបប្រវត្តិសាស្រ្តស៊ីហ្គេមនៅកម្ពុជា
17, Feb 2023 , 8:59 am        
រូបភាព
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) លើកឡើងថា ទាំងថ្នាក់ដឹកនាំខេត្ត កីឡាករ-កីឡាការិនីឆ្នើម ទាំងពិការភាព និងមិនពិការភាពត្រូវចូលរួមពិធីរត់ភ្លើងគប់ ដើម្បីបង្ហាញថានេះជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ខេត្តនីមួយៗដែលនៅជាប់ដងទន្លេសាប។



ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារដំណើរការរៀបចំពិធីរត់ភ្លើងគប់កីឡាជុំវិញបឹងទន្លេរសាប និងបណ្តាប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ អគ្គលេខាធិការ CAMSOC បញ្ជាក់ថា អភិបាលខេត្តដែលជាប់បឹងទន្លេសាបនឹងត្រូវចូលរួមពិធីរត់ភ្លើងគប់ទាំងអស់។
 
«តាមប្រសាសន៍អនុប្រធាន CAMSOC គឺបានផ្តល់នូវកាតព្វកិច្ច និងភារកិច្ចដែលខេត្តត្រូវធ្វើយ៉ាងជាក់លាក់ និងការដាក់ចេញនូវយន្តការ នៃការទទួលខុសត្រូវខ្ពស់ពីថ្នាក់អភិបាលខេត្តដែលជាអនុប្រធាន CAMSOC-CAMAPGOC ឱ្យទទួលខុសត្រូវច្បាស់លាស់ ហើយមានការសហការគ្នាល្អរវាងគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត និងភាគីពាក់ព័ន្ធនៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ។
 
ការចូលរួមរបស់អភិបាលខេត្តក្នុងពិធីរត់ភ្លើងគប់នេះ មិនត្រឹមតែដោយសារជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះប៉ុណ្ណោះទេ តែដើម្បីបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលខេត្តនីមួយៗទៅកាន់ភ្ញៀវទេសចរផង។
 
គួបញ្ជាក់ថា តាមផែនការនៃពិធីរត់ភ្លើងគប់ជុំវិញបឹងទន្លេរសាប នឹងចេញដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ បន្តទៅខេត្តកំពង់ធំ កំពង់ចាម ខេត្តកណ្តាល និងចូលមកទីក្រុងភ្នំពេញវិញ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីរត់ភ្លើងគប់នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣៕
 

Tag:
 វ៉ាត់ ចំរើន
 រត់ភ្លើងគប់
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com