ជាតិ
សេដ្ឋកិច្ច
រោងចក្រ​ផលិត​ទឹកស្អាត​ធំ​បំផុត​នៅ​កម្ពុជា​ តម្លៃជិត៤០០លានដុល្លារ នឹងដំណើរការនៅត្រីមាសទី២​
22, Feb 2023 , 11:52 am        
រូបភាព
ដំណើរការនៃការសាងសង់រោងចក្រផលិតទឹកស្អាតតម្លៃជិត៤០០លានដុល្លារ នៅបាក់ខែង ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថត៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
ដំណើរការនៃការសាងសង់រោងចក្រផលិតទឹកស្អាតតម្លៃជិត៤០០លានដុល្លារ នៅបាក់ខែង ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រូបថត៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
បច្ចុប្បន្ន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា  សម្រេចបាន៩០ភាគរយហើយ។ រោងចក្រផលិតទឹកស្អាតតម្លៃជិត៤០០លានដុល្លារនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការនៅអំឡុងត្រីមាសទី២ ឆ្នាំ២០២៣។​

 
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ ដែលបានកំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA)។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ការសាងសង់រោងចក្រនេះ គឺចែកជាពីរដំណាក់កាល។​
 
ដំណាក់កាលទីមួយនៃការសាងសង់រោងចក្រផលិតទឹកស្អាតមកទល់សព្វថ្ងៃនេះ សម្រេចបាន៩០ភាគរយហើយ ដែលគ្រោងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។   រោងចក្រនេះនឹងមានសមត្ថភាព​ផលិត​ពេញលេញ បន្ទាប់ពីបញ្ចប់ការសាងសង់ដំណាក់កាលទី២​ នៅក្នុងឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់​​PPWSA, ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហភាពអឺរ៉ុប (EU) នាថ្ងៃទី២១កុម្ភៈ។​
 
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «សមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះ នឹងមានបរិមាណគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ តាមការប៉ាន់ស្មាន រាជធានីភ្នំពេញ មានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ចំនួន២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នារដូវប្រាំង»។
 
រោងចក្រផលិតទឹកស្អាតរបស់កម្ពុជា ដែលមានតម្លៃជិត៤០០លានដុល្លារនេះ ត្រូវបានគាំទ្រដោយឥណទានចំនួន១៧៧.លានអឺរ៉ូ(ប្រមាណ១៨៩លានដុល្លារអាម៉េរិក) ,ឥណទានពីធនាគារវិនិយោគអឺរ៉ុបចំនួន១០០លានអឺរ៉ូ(១០៦លានដុល្លារ) និងជំនួយឥតសំណងប្រមាណ១៣លានដុល្លារ ពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី។ សម្រាប់គម្រោងនេះ ជាការវិនិយោគផ្ទាល់ពីPPWSA ក្នុងទំហំទឹកប្រាក់៨០លានដុល្លារ។ ចំពោះ​ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប គឺផ្តោតជាពិសេសលើការផ្គត់ផ្គង់ទឹកទៅកាន់សហគមន៍ក្រីក្រ នៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។ 
 
បើតាមលោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់បង្ហាញអំពីរបៀបដែល​ក្រុមអឺរ៉ុប អាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹង រួមគ្នា​​ជាមួយជំនាញដ៏ទំនើប។ លោកបាននិយាយដូច្នេះ៖ « ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការ​រីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើម ដោយ​សារ​ការ​ខិតខំរបស់ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន Vinci Grand Projets និង Safège»។
 
អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD ប្រកាសគាំទ្រពេញទំហឹងចំពោះ PPWSA ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន ក្នុងការផ្គត់ផ្គង់ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ​នៅរាជធានី​ភ្នំពេញ។
ជាមួយគ្នានេះ លោក ឡុង ណារ៉ូ អគ្គនាយក PPWSA បានលើកឡើងថា ក្រោយបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង​ក្នុងឆ្នាំ២០២៤​ សមត្ថភាពផលិតរបស់កម្ពុជា នឹងកើនឡើងពី០.៦ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា សមត្ថភាពនេះ នឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញ នៅ​គ្រប់ទីកន្លែង។ 
 
គម្រោងរោងចក្រផលិតទឹកស្អាតនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវគោលដៅ៦.១.១នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជន៩៦ភាគរយ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥ភាគរយ ត្រឹមឆ្នាំ២០២៣។ គម្រោងនេះ នឹងជួយឲ្យកម្ពុជាសម្រេចបានគោលដៅ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០៣០៕ 
 

Tag:
 រោងចក្រផលិតទឹកស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com