កីឡាជាតិ
ជាតិ
ប្រធានក្រុម សួន ចាន់ណារ៉ូ៖ ប្រកបអាជីពបាល់ទះ១០ឆ្នាំហើយ មិនធ្លាប់ឃើញអ្នកគាំទ្រច្រើនម្លឹងទេ
22, Feb 2023 , 2:59 pm        
រូបភាព
កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា(ឆ្វេង) ជាមួយប្រធានក្រុមបាល់ទះយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា(ឆ្វេង) ជាមួយប្រធានក្រុមបាល់ទះយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
ដោយ:
សួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ភ្ញាក់ផ្អើលក្រោយឃើញអ្នកគាំទ្រច្រើនលើសលប់មកទស្សនាការប្រកួតរវាងកម្ពុជា និងយុវជនបារាំង អាយុក្រោម១៩ឆ្នាំ នាជំនួបជើងទី១ នៅថ្ងៃទី១៩ ខែកុម្ភៈ។ អ្នកទទួលបាល់ទី២ ឬអ្នកលើកបាល់រូបនេះ  ប្រាប់សារព័ត៌មានថ្មីៗក្នុងបទសម្ភាសផ្ទាល់ទាំងរំភើបថាក្នុងអាជីពបាល់ទះ១០ឆ្នាំ លើកទី១ហើយដែលខ្លួនទទួលការគាំទ្រច្រើន និងប្តេជ្ញាធ្វើឱ្យបានល្អនៅជំនួបជើងទី២ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ។

 
«តាំងពីខ្ញុំប្រកបអាជីពបាល់ទះរយៈពេល១០ឆ្នាំ លើកទី១ហើយដែលខ្ញុំឃើញបងប្អូនអ្នកទស្សនាមកច្រើន រហូតលើស ៥០០០នាក់»។ សួន ចាន់ណារ៉ូ លើកឡើងដូច្នេះ មុនប្រធានក្រុមរូបនេះបន្ថែមថា ធ្លាប់តែឃើញវិស័យបាល់ទាត់ដែលមានអ្នកគាំទ្រច្រើន តែពេលបាល់ទះក៏មានច្រើនដែរ។ ណារ៉ូ ក៏សំណូមពរដល់អ្នកគាំទ្របន្តទៅទស្សនាការប្រកួតដោយផ្ទាល់ឱ្យដូចការប្រកួតជាមួយបារាំងជើងទី១ ដើម្បីលើកទឹកចិត្តក្រុមកីឡាករ។
 

ការប្រកួតបាល់ទះមិត្តភាពរវាងក្រុមកម្ពុជា(ខៀវ) និងយុវជនអាយុក្រោម ១៩ឆ្នាំបារាំង (ស) នាពេលកន្លងទៅ។
 
ចំពោះការត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២ ជាមួយក្រុមភ្ញៀវយុវជនអាយុកក្រោម ១៩ឆ្នាំបារាំង លោក សួន ចាន់ណារ៉ូ បានត្រៀមខ្លួនរួចរាល់ ក៏ដូចជាបានកែលម្អរនូវចំនុចខ្វះខាតដែលខ្លួនមើលឃើញកាលពីជើងទី១ ដែលនាំឱ្យក្រុមបរាជ័យ ក្នុងលទ្ធផល ៣-០សិត។
 
ប្រធានក្រុម ចាន់ណារ៉ូ និយាយថា៖«ការប្រកួតថ្ងៃទី២២ ខែកុម្ភៈ រូបខ្ញុំផ្ទាល់ ក៏ដូចជាក្រុមបានរៀបចំសារជាថ្មីបន្ទាប់ពីបរាជ័យក្រោមថ្វីដៃ U-19 បារាំង។ យើងនឹងកែលម្អរលើការធ្វើរនាំង(បាំង) ការទទួលសេវា និងការវាយសេវាជាដើម»។ ណារ៉ូ បានបន្ថែមថា ព្រោះការវាយសេវាខ្លាចខូច ដែលមានទម្ងន់ស្រាលធ្វើឱ្យខាងគូប្រកួតងាយចាប់ នឹងវាយផ្តាច់បកបានស្រួល ហើយចំនុចទាំងអស់នេះជាចំនុចត្រូវកែឡើងវិញ។
 
មិនខុសឆ្ងាយពីប្រធានក្រុមឡើយ តួប្រយុទ្ធវាយដេញបាល់ កីឡាករ ផុល រតនៈ មើលឃើញពីចំនុចខ្សោយរបស់ក្រុមដូចគ្នា ហើយខ្លួនមើលឃើញពីគុណភាពរបស់ក្រុមយុវជនបារាំង អាយុក្រោម ១៩ឆ្នាំគឺមានបច្ចេកទេសល្អ ពិសេសការធ្វើរនាំង ការពារតែម្តង។
 
«ក្រុមបារាំងគឺពិតជាល្អមែនទែន ជាពិសេស ការធ្វើរនាំង និងការការពារ និងយកបាល់ក្រោម ហើយពួកគាត់មានកម្ពស់ខ្ពស់គាត់លូកបិទយើងបានងាយ។ អ៊ីចឹង! ធ្វើឱ្យយើងពិបាកវាយផ្តាច់ចេញ»។ នេះជាការអះអាងរបស់ផុល រតនៈ។ រតនៈ ក៏សំណូមពរចំពោះអ្នកគាំទ្រ ឱ្យចូលរួមទស្សនាដូចកាលប្រកួតជើងទី១ ដែលជាកម្លាំងចិត្តសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិក្នុងសាលបុរស ក្រុមបាល់ទះកម្ពុជា នឹងត្រូវសងសឹកភ្ញៀវយុវជនអាយុក្រោម ១៩ឆ្នាំបារាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនៅសាលទីលានបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 កីឡាបាល់ទះ
 សួន ចាន់ដារ៉ូ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com