ជាតិ
ឆ្នាំនេះ កូរ៉េ សន្យាផ្តល់កន្លែងការងារដល់ពលករកម្ពុជា ឱ្យលើស១ម៉ឺននាក់
22, Feb 2023 , 8:59 pm        
រូបភាព
ពលករកម្ពុជាត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េនាពេលកន្លង។ រូបពី ក្រសួងការងារ
ពលករកម្ពុជាត្រៀមចេញទៅធ្វើការនៅប្រទេសកូរ៉េនាពេលកន្លង។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េសន្យា នឹងបង្កើតកូតាពលករកម្ពុជាឱ្យបានលើស១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ ។ នេះបើតាម អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយ លោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD-Korea) ពីការជ្រើសរើសពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េឱ្យបានឆាប់រហ័ស។ លើសពីនេះ គឺស្វែងយល់អំពីគម្រោងសមាហរណកម្មពលករកម្ពុជា ក្រោយពេលត្រឡប់មកមាតុភូមិវិញ។
 
ជុំវិញការបញ្ជូនពលករទៅកូរ៉េ ឆ្នាំ២០២៣នេះ ភាគីកូរ៉េបានផ្តល់កូតាដល់កម្ពុជាចំនួន ៧ ៨០០នាក់។ ប៉ុន្តែកូរ៉េ សន្យានឹងបង្កើនការងារ​ឱ្យលើស១ម៉ឺននាក់។ នេះបើការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២២កុម្ភៈនេះ។
 
លោក បន្ថែមថា៖ «តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធាន HRD-Korea មកកម្ពុជាថ្មីៗនេះ លោក UH SOOBONG បានបញ្ជាក់ថាគាត់នឹងខិតខំបង្កើនចំនួនកូតាឱ្យដល់ ជាង ១០ ០០០នាក់ ដែលនេះជាឱកាសក្នុងការបង្កើនការងារនៅក្រៅប្រទេស សម្រាប់យុវជនកម្ពុជា និងសម្រាប់អ្នកកំពុងរៀនភាសាកូរ៉េ និងត្រៀមប្រឡង»។ 
 
កន្លងមកបើទោះកូវីដ-១៩ រាតត្បាតក្តី ក៏ភាគីកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជា ទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារបានយ៉ាងល្អ។ ជាមួយគ្នានេះ សាធារណរដ្ឋកូរ៉េ បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រហូតក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងបែបនេះ ក្នុងកិច្ចពិភាក្សានៅទីស្ដីការក្រសួងកាលពីថ្ងៃទី២០កុម្ភៈ។
 
 លោកក៏សង្កេតឃើញថា ពលករដែលត្រឡប់ពីប្រទេសកូរ៉េវិញ មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចនៃជីវភាពយ៉ាងខ្លាំង ដែលមានអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។ 
 
ឆ្លើយតបនឹងការលើកឡើងរបស់រដ្ឋមន្ត្រីខាងលើ លោក UH SOOBONG ប្រធាន HRD-Korea បានបញ្ជាក់ថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ។ បើតាមលោក UH SOOBONG កម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាព អាចទទួលបាននូវគម្រោងថ្មីនេះ ដែលមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលល្អប្រសើរថែមទៀតផង។ 
 
បច្ចុប្បន្នពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ ៤៩ ៨៩០នាក់ ដែលភាគច្រើនពួកគេធ្វើការក្នុងវិស័យចំនួន៣ រួមមានវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។ ការងារនៅទីនោះ បានផ្ដល់ប្រាក់ខែខ្ពស់ លក្ខខណ្ឌការងារល្អប្រសើរ ទទួលបានចំណេះដឹង ជំនាញ និងមានប្រព័ន្ធគាំពារពលករអំឡុងពេលធ្វើការ និងគ្រោះថ្នាក់ការងារ។

ជាងនេះទៅទៀត ពលករកម្ពុជា បានផ្ញើប្រាក់ចំណូលត្រឡប់មកកម្ពុជាវិញច្រើនជាងគេ ដោយពួកគេអាចសន្សំថវិកាប្រមាណ១ពាន់ដុល្លារក្នុងមួយខែ។ នេះបើតាមលោក ហេង សួរ។
 
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ តាមរយៈការវាយតម្លៃពីភាគីកូរ៉េ ។ ភាគីកូរ៉េ បានចាត់ទុកពលករកម្ពុជា មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់លើការងារ ជាពិសេសធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង៕
 
 
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com