ជាតិ
សេដ្ឋកិច្ច
ជប៉ុន នឹងផ្តល់ជំនួយឥតសំណងជាង៣០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
22, Feb 2023 , 9:59 pm        
រូបភាព
រដ្ឋាភិបាលប្រទេសជប៉ុន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៣ ៩៨៦លានយ៉េន (ប្រមាណ៣០,៦លានដុល្លារ)ដល់កម្ពុជា។ ជំនួយដែលកម្ពុជាទទួលបាននេះ គឺសម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយវៀង។

 
ជំនួយក្នុងទំហំទឹកជាង៣០លានដុល្លារ​ នឹងត្រូវចុះហត្ថលេខា​ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន នាថ្ងៃទី២មីនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។​
 
ក្រសួងការបរទេសបានបញ្ជាក់ថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់កម្ពុជា។  ជំនួយរបស់ជប៉ុននេះ ក៏ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលឆ្នាំ២០២៣នេះ ជាឆ្នាំប្រារព្ធខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត៕ 
 

Tag:
 ទឹកស្អាត
  ស្វាយវៀង​
© រក្សាសិទ្ធិដោយ thmeythmey.com