អន្តរជាតិ
អត្រាមានកូននៅកូរ៉េខាងត្បូងដែលទាបជាងគេលើពិភពលោក បន្តធ្លាក់ចុះបន្ថែមទៀត
25, Feb 2023 , 11:29 am        
រូបភាព
ទិន្នន័យចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា អត្រានៃការមានកូន​របស់ប្រជាជនកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំមុន។ នេះជារឿងដ៏​អាក្រក់​បន្ថែមទៀតសម្រាប់ប្រទេសមួយនេះដែលត្រូវស្គាល់ថាជា​ប្រទេសមានកូនតិចបំផុត​លើពិភពលោក​ក្នុង​ស្ត្រីម្នាក់។

 
ចំនួនទារកដែលរំពឹងទុកជាមធ្យមសម្រាប់ស្ត្រីកូរ៉េខាងត្បូងក្នុងអាយុបន្តពូជបាន បានធ្លាក់ចុះមក​​ត្រឹម​០,៧៨ក្នុងឆ្នាំ២០២២ ដែលបានធ្លាក់ចុះពីអត្រា០,៨១ពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរដ្ឋរបស់កូរ៉េខាងត្បូង​។ 
 
ចំនួននេះគឺជាកម្រិតទាបបំផុតក្នុង​ចំណោមប្រទេសនៅក្នុងអង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលមានអត្រាជាមធ្យម១,៥៩ ក្នុងឆ្នាំ ២០២០។ តួលេខរបស់កូរ៉េខាងត្បូង ទាបជាងជប៉ុនដែលមាន១,៣៣។
 
ជាមួយលទ្ធផលនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូលហាក់បរាជ័យក្នុងការផ្លាស់ប្តូរអត្រាកំណើត បើទោះបី​ជា​ចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗលើការឧបត្ថម្ភធនថែទាំកុមារក៏ដោយ។ 
ជាមួយគ្នានេះ អត្រាអាពាហ៍ពិពាហ៍ក៏កំពុងធ្លាក់ចុះនៅកូរ៉េខាងត្បូងដែរចំពេលតម្លៃផ្ទះ និង​ការ​អប់រំ​ខ្ពស់​ហក់ឡើងកប់ពពក។ រដ្ឋធានីសេអ៊ូល ដែលមានប្រជាជនរស់នៅកកកុញបាន កត់ត្រា​អត្រា​កំណើត​ទាបបំផុតគឺ០,៥៩ឯណោះ៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com