អន្តរជាតិ
អ៊ីរ៉ង់​អះអាងថា ខ្លួន​បាន​អភិវឌ្ឍ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ
25, Feb 2023 , 6:29 pm        
រូបភាព
មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្នាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសនៅថ្ងៃទី២៥ ខែកុម្ភៈថា អ៊ីរ៉ង់បានផលិត មីស៊ីលដែលអាចរត់ដល់ចម្ងាយ១,៦៥០គីឡូម៉ែត្រ។ ការប្រកាសនេះ ទំនងបង្កើនការព្រួយបារម្ភ​ដល់​លោកខាងលិចបន្ថែមទៀត។

 
អ៊ីរ៉ង់បានពង្រីកកម្មវិធីមីស៊ីលរបស់ខ្លួន ជាពិសេសមីស៊ីលបាលីស្ទីក ទោះមានការជំទាស់ពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្ដី។ ទីក្រុងតេហេរ៉ង់និយាយថា ការពង្រឹងកម្មវិធីមីស៊ីលមានបំណងការពារ ខ្លួន​សុទ្ធសាធ និងមានលក្ខណៈទប់ស្កាត់ការគំរាមកំហែងណាមួយ។ ជាការវិវត្តថ្មីមួយទៀត អ៊ីរ៉ង់ប្រកាសថា ខ្លួនទើបបានអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយមួយប្រភេទទៀត។
 
«មីស៊ីលចម្ងាយឆ្ងាយរបស់យើងដែលមានចម្ងាយ១,៦៥០គីឡូម៉ែត្រត្រូវបានបញ្ចូលទៅក្នុងឃ្លាំងអាវុធ​សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់»។ ប្រមុខកម្លាំងការពារដែនអាកាសបដិវត្តន៍ឧតម្តសេនីយ៍ Amirali Hajizadeh លើកឡើងបែបនេះ ក្នុងកិច្ចសន្ទនាមួយជាមួយទូរទស្សន៍ជាតិ។ទូរទស្សន៍ជាតិអ៊ីរ៉ង់ក៏​បាន​ផ្សាយ​​វីដេអូ​ដំបូង​ដែល​បង្ហាញ​ពី​មីស៊ីលថ្មី​ឈ្មោះ Paveh ដែរ។
 
ឧតម្តសេនីយ៍ Hajizadeh ក៏បានផ្ញើសារគំរាមម្ដងទៀតចំពោះការសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ Qassem Soleimani កាលពីឆ្នាំ២០២០ ដោយនិយាយថា អ៊ីរ៉ង់កំពុងស្វែងរកពេល​សម្លាប់​អតីត​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អតីតរដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និង​មេបញ្ជាការយោយោធាដែលពាក់ព័ន្ធ៕

Tag:
 អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com