អន្តរជាតិ
ប្រធាន CIA ថា ចិននៅ​មាន​មន្ទិលខ្លះ​លើ​សមត្ថភាព​ឈ្លានពាន​តៃវ៉ាន់
27, Feb 2023 , 7:29 pm        
រូបភាព
នាយកទីភ្នា់ក់ងារស៊ើបការកណ្ដាល William Burns ។ រូបថត AFP
នាយកទីភ្នា់ក់ងារស៊ើបការកណ្ដាល William Burns ។ រូបថត AFP
ប្រមុខទី​ភ្នាក់​ងារ​ស៊ើប​ការណ៍កណ្តាលរបស់អាម៉េរិក (CIA) អះអាងថា បច្ចុប្បន្នចិននៅ​មាន​មន្ទិលខ្លះ​លើ​សមត្ថភាពឈ្លានពាន​តៃវ៉ាន់ ដ្បិតបានសិក្សាពីសង្រ្គាមនៅអ៊ុយក្រែន បើទោះប្រធានាធិបតី ស៊ី ជិនភីង បានណែនាំយោធាត្រៀមវាយប្រហារតៃវ៉ាន់នៅឆ្នាំ២០២៧ក្ដី។



នាយកទី​ភ្នាក់​ងារ​ស៊ើប​ការណ៍កណ្តាលអាម៉េរិក CIA លោក William Burns នៅក្នុងបទសម្ភាសតាមទូរទស្សន៍ដែលបានចាក់ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ​ បានសង្កត់ធ្ងន់ថា អាម៉េរិកបានយកចិត្តទុកដាក់ជាខ្លាំងបំណងរបស់ចិនក្រោមដឹកនាំដោយលោក ស៊ី ជិនភីង ក្នុងការវាយដណ្ដើមតៃវ៉ាន់ បើទោះបីជាត្រូវបើកម្លាំងក្តី។ 
 
«យើងដឹងហើយ ដូចដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈថា លោកប្រធានាធិបតី ស៊ី បានណែនាំកងទ័ពរំដោះប្រជាជនត្រៀមខ្លួនឱ្យហើយនៅឆ្នាំ២០២៧ ដើម្បីឈ្លានពានតៃវ៉ាន់ ប៉ុន្តែមិនមានន័យថាលោកនឹងសម្រេចចិត្តឈ្លានពាននៅឆ្នាំ២០២៧ ឡើយ»។ លោក Burns បានប្រាប់ទូរទស្សន៍ CBS បែបនេះ។ 
 
លោកក៏បានបញ្ជាក់ថា ការវិនិច្ឆ័យរបស់ CIA ពេលនេះគឺចិន និងប្រធានាធិបតី ស៊ី នៅមាន​មន្ទិល​អំពីសមត្ថភាពក្នុងការឈ្លានពាន​តៃវ៉ាន់នៅឡើយ។ លោក Burns បានលើកឡើងថា ចិនប្រហែលជាកំពុងសិក្សាពីបទពិសោធរបស់រុស្ស៊ីនៅអ៊ុយក្រែនទៀតផង។
 
នៅក្នុងបទសម្ភាសចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ លោក Burns បាននិយាយថា ការគាំទ្ររបស់សម្ព័ន្ធមិត្តអាម៉េរិក និងអឺរ៉ុបលើអ៊ុយក្រែន បានគូសបញ្ជាក់ពីការគាំទ្រដូចគ្នាលើតៃវ៉ាន់ ប្រសិនបើតៃវ៉ាន់រងការវាយប្រហារណាមួយ។
 
គួរបញ្ជាក់ថា តៃវ៉ាន់ និងចិនបានបែកបាក់គ្នាតាំងពីឆ្នាំ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបញ្ចប់ដោយបក្សកុម្មុយនីស្ត​គ្រប់គ្រងចិនដីគោក។ ចំណែកតៃវ៉ាន់បានគ្រប់គ្រងកោះមួយ។ កន្លងមក តៃវ៉ាន់បានទទួលការគាំទ្រជាច្រើនពីអាម៉េរិក ខណៈប្រឈមមុខនឹងកម្លាំងយោធារបស់ចិន។ លើសពីនេះ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ធ្លាប់បានអះអាងថា អាម៉េរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនព្យាយាមឈ្លានពាន៕
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com