អន្តរជាតិ
ចិនជំទាស់ទណ្ឌកម្មអាម៉េរិកមកលើក្រុមហ៊ុនខ្លួនជុំវិញសង្រ្គាមនៅអ៊ុយក្រែន
27, Feb 2023 , 8:29 pm        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ក្រសួងការបរទេសចិន នៅថ្ងៃទី២៧ ខែកុម្ភៈ បានជំទាស់ទណ្ឌកម្មអាម៉េរិក ដែលបានដាក់មកលើក្រុមហ៊ុនខ្លួន ក្រោមហេតុផលគាំទ្រយោធារុស្ស៊ី ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ ក្នុងសន្និសីទប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានចាត់វិធានតប នឹងទណ្ឌកម្មរបស់អាម៉េរិកវិញ។

 
ស្របពេលសង្រ្គាមនៅអ៊ុយក្រែនឈានចូលខួប១ឆ្នាំ ក្រសួងពាណិជ្ជកម្មអាម៉េរិក បានដាក់ក្រុមហ៊ុនចិនចំនួន ៥ និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ២ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ជុំវិញការគាំទ្រយោធារុស្ស៊ីក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ជាការឆ្លើយ ក្រសួងការបរទេសចិន បានប្រតិបត្តិកម្មយ៉ាងខ្លាំង និងព្រមានចាត់វិធានការសងសឹកវិញ។ 
 
«យើងសូមសោកស្តាយ និងជំទាស់ចំណាត់ការរបស់អាម៉េរិក»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកុម្ភៈ។ ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិន ក៏បានជំរុញឱ្យអាម៉េរិកលុបចោលទណ្ឌកម្មទាំងនោះផង។
 
ក្រោមការតវ៉ានេះ ក្រសួងការបរទេសចិន បានព្រមានចាត់វិធានការសងសឹក ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។ ប៉ុន្តែក្រុងប៉េកាំង មិនបានបញ្ជាក់ពីចំណាត់ការសងសឹកឱ្យបានច្បាស់លាស់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ក្នុងខួបមួយឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន ចិន បានដាក់ចេញសេចក្តីថ្លែងការណ៍គោលជំហរចំនួន១២ចំណុច ដោយជំរុញឱ្យមានកិច្ចចរចាឡើងវិញរវាងក្រុងមូស្គូ និងក្រុងកៀវ។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង ក៏បានជំទាស់នឹងទណ្ឌកម្មឯកតោភាគីផងដែរ។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលរយៈពេល ១ឆ្នាំហើយ ខណៈប្រទេសលោកខាងលិច នៅតែបន្តផ្តល់ជំនួយឱ្យក្រុងកៀវ ដើម្បីទប់ការវាយប្រហាររបស់ក្រុងមូស្គូ។ ចំណែកកិច្ចចរចារវាងប្រទេសទាំងពីរ នៅតែមិនទាន់មានច្រកចេញនៅឡើយ៕ 
 

Tag:
 ចិន
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com