អន្តរជាតិ
ថៃ និងអាម៉េរិក ចាប់ផ្តើមសមយុទ្ធពស់វែកមាស ក្នុងទ្រង់ទ្រាយធំឡើងវិញ
28, Feb 2023 , 3:09 pm        
រូបភាព
រូបភាពបាំងកកប៉ុស្តិ៍
រូបភាពបាំងកកប៉ុស្តិ៍
ថៃ និងអាម៉េរិក បានបើកសមយុទ្ធយោធា ពស់វែកមាស (Cobra Gold) ក្នុងទ្រង់ទ្រាយពេញលេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោយមានការរឹតត្បិតលើវិញ្ញាសាមួយចំនួន នៅឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។ ក្នុងសមយុទ្ធនេះ ប្រទេសប្រមាណ៣០ បានចូលរួម ខណៈកម្ពុជាជាប្រទេសសង្កេតការណ៍។

 
នៅក្នុងឆ្នាំ២០២៣ សមយុទ្ធពស់វែកមាស នឹងផ្តោតលើការបង្វឹកកងកម្លាំងមហន្តរាយអវកាស (Space Disasters) ដែលអាចសម្របសម្រួលតាមប្រព័ន្ធផ្កាយរណប។ ក្នុងសមយុទ្ធដែលមានរយៈពេលយូរជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ យោធាអាម៉េរិកច្រើនជាង ៦០០០ពាន់នាក់ និងយោធាថៃ ៣០០០នាក់ នឹងចូលរួម។ 
 
ក្រៅពីកម្លាំងយោធាទាំងពីរ ប្រទេសផ្សេងទៀតដូចជា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ក៏បញ្ជូនកងទ័ពរបស់ខ្លួនមកដែរ ស្របពេលប្រទេសចំនួន១០ផ្សេងទៀត ដូចជាព្រុយណេ កាណាដា និងបារាំងជាដើម ចូលរួមក្នុងសិក្ខាសិលាលើផែនការប្រតិបត្តិការពហុភាគី។ កម្ពុជា អាល្លឺម៉ង់ និងវៀតណាម និងប្រទេស៧ទៀត ក៏ចូលរួមផងដែរក្នុងនាមជាប្រទេសសង្កេតការណ៍។ ម៉ាយ៉ាន់ម៉ា មិនបានចូលរួមឡើយ ដោយសារមានរដ្ឋប្រហារយោធាចាប់តាំងពីឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
«តាមរយៈសមយុទ្ធពស់វែកមាស យើងបង្ហាញពីការតាំងចិត្តរបស់យើង ដើម្បីឆ្លើយតបនឹងការថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ នាយឧត្តមនាវី John Aquilino មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក បានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកសមយុទ្ធយោធា នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយបន្ថែមថា ដូចនេះ ប្រទេសទាំងអស់ នឹងអាចថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ 
 
នៅឆ្នាំ២០២២ ដោយសារតែជំងឺកូវីដ-១៩ កងកម្លាំងចំនួន ៣៤៦០នាក់ប៉ុណ្ណោះ ត្រូវបានបញ្ជូនពីប្រទេសសំខាន់ៗចំនួន ៧។ ចំណែកវិញ្ញាសារលើការធ្វើសមយុទ្ធ ក៏មានការរឹតត្បិតផងដែរ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ វិញ្ញាសារទាំងអស់ នឹងចាប់ផ្តើមអនុវត្តឡើងវិញ៕ 
 

Tag:
 ថៃ
  អាម៉េរិក
  កម្ពុជា
  អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com