ជាតិ
សវនាការលើកទីពីរ គឺដេញដោលសួរកញ្ញា ឈឹម ស៊ីថរ ពីនរណាជាអ្នកផ្ដើមគំនិតតវ៉ា
28, Feb 2023 , 5:06 pm        
រូបភាព
កញ្ញា ឈឹម ស៊ីធរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ចេញពីតុលាការថ្ងៃទី២៨កុម្ភៈ ២០២៣។
កញ្ញា ឈឹម ស៊ីធរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ចេញពីតុលាការថ្ងៃទី២៨កុម្ភៈ ២០២៣។
ភ្នំពេញ៖ ក្នុងសវនាការលើកទី២ នៃការជំនុំជម្រះរឿងប្រធានសហជីពណាហ្គាវើលដ៍ប្រមាណ៣ម៉ោង ព្រះរាជអាជ្ញា ចៅក្រម និងមេធាវី រួមគ្នាចោទសួរ ទៅជនជាប់ចោទចង់ដឹងថា នរណាជាអ្នកផ្ដួតផ្ដើមគំនិតតវ៉ា។ ករណីនេះ កញ្ញា ឈឹម ស៊ីធរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អះអាងថា ក្រុមបាតុករស្ម័គ្រចិត្តចេញតវ៉ា ឥតមានជនណាបង្ខំឡើយ។

 
នៅថ្ងៃទី២៨កុម្ភៈនេះ គឺជាសវនាការលើកទីពីរហើយ ដែលកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព៨រូបទៀត បានចូលក្នុងតុលាការ។ សវនាការលើកនេះ ព្រះរាជអាជ្ញា ចៅក្រម និងមេធាវី មានពេលដេញដោលសួរ កញ្ញា ឈឹម ស៊ីថរ តែម្នាក់ប៉ុណ្ណោះ។
 
សវនាការចាប់ផ្ដើមម៉ោង៩និង៥នាទី ដោយចាប់ផ្ដើមពីការដេញដោលរបស់ ព្រះរាជអាជ្ញារងសាលាដំបូង​រាជធានីភ្នំពេញ សេង ហៀង។ លោកចោទសួរពីការរៀបគម្រោងតវ៉ា អំឡុងពេលថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ រួមទាំងគម្រោងបិទផ្លូវ ដើម្បីតវ៉ាផងដែរ។ ជាមួយគ្នានេះ ព្រះរាជអាជ្ញាចោទសួរដដែលៗ ហើយសង្កត់ធ្ងន់ គឺ៖ «តើគាត់(ក្រុមអ្នកតវ៉ា)នៅតែជាបុគ្គលិក របស់ក្រុមហ៊ុនណាហ្គាវើលដ៍ទៀតឬទេ! »។ 
 
ក្រៅពីនេះ ព្រះរាជអាជ្ញា ក៏សួរពីជំនួយថវិការដែលបានពីអង្គការអន្តរជាតិ ដូចជា JASS និង EWMI រួមទាំងការទៅចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាដើម។ ចំណែក លោកស្រី សឿង ចរិយា ប្រធានក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ក៏ចោទសួរទៅកាន់ កញ្ញា ឈឹម ស៊ីថ​រ ដែលថា៖ «តើប្អូន(ឈឹម ស៊ីថរ) ចាំទេ នរណា ផ្ដល់គំនិតនានាប្រឆាំងការតវ៉ានេះ»? 
 
ជុំវិញសំណុំរឿងខាងលើ កញ្ញា ឈឹម ស៊ីថរ បានរងបទចោទញុះញង់ និងបង្កឲ្យមានភាពចលាចលក្នុងសង្គម ក្រោមហេតុផលថា បាននាំកម្មករដទៃទៀត ធ្វើកូដកម្ម។ ចំពោះការចោទសួរនេះ កញ្ញា ឆ្លើយអះអាងជាច្រើនដងថា ការតវ៉ាគឺកើតចេញពីការមូលមតិគ្នា តាមសំឡេងបោះឆ្នោតក្នុងសហជីព ឥតមានការបង្ខំ និងបញ្ចុះបញ្ចូលឡើយ។ 
 
«ផ្អែកតាមច្បាប់ការងារ ក្រុមហ៊ុនបញ្ឈប់បុគ្គលិកមិនស្របច្បាប់ ហើយវិវាទដោះស្រាយមិនទាន់ចប់។ ដូច្នេះ គ្មានច្បាប់ណាមួយចែងថា ពួកខ្ញុំមិនមែនជាបុគ្គលិកនោះទេ។ នាងខ្ញុំនៅតែជាបុគ្គលដដែល!»។ នេះជាការឆ្លើយតបរបស់កញ្ញា ឈឹម ស៊ីធរ ទៅកាន់ព្រះរាជអាជ្ញា ដែលបានចោទសួរសំនួរដូចគ្នា។ 
 
ជាមួយគ្នាដែរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បានឆ្លើយទៅកាន់លោកស្រី សឿង ចរិយា យ៉ាងដូច្នេះថា៖ «នាងខ្ញុំសូមជម្រាបថា មិនមានការផ្ដល់គំនិតឲ្យចេញតវ៉ាទេ គឺជាគំនិតឯកច្ឆន្ទ»។ 
 
កញ្ញា ឈឹម ស៊ីថរ ពន្យល់ថា កម្មករដែលរងផលប៉ះពាល់ពីការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន រួមទាំងសមាជិក គឺស្ម័គ្រចិត្តចេញតវ៉ា។ លើសពីនេះកញ្ញា ស៊ីថរ បានអះអាងថា ថវិកាដែលបានពីអង្គការអន្តរជាតិផ្សេងៗខាងលើ ក៏មិនបានយកទៅទ្រទ្រង់ការធ្វើកូដកម្មដែរ គឺយកទៅជួយឧបត្ដម្ភដល់ កម្មករតែរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងជីវភាពខ្វះខាត ហើយក៏មានទិញជាគ្រឿងអាហារផ្ដល់ពួកគេផងដែរ។ កញ្ញា បន្ថែមថា ក្នុងតវ៉ាកន្លងមក ក្នុងនាមជាមេសហជីព កញ្ញាដើរតួត្រឹមជាអ្នកសម្របសម្រួលប៉ុណ្ណោះ ហើយការសម្រេចផ្សេងទៀត គឺជាការសម្រេចរួម តាមសំឡេងបោះឆ្នោត។ 
 
សវនាការជាង៣ម៉ោង គឺបានបញ្ចប់ ដោយសហជិកសហជីព៨រូបទៀត ពុំបានឆ្លើយឆ្លងអ្វីឡើយ។ ហេតុនេះ សវនាការត្រូវ បន្តដល់សប្ដាហ៍ក្រោយ នៅថ្ងៃទី៧មីនា។ 
 
ពាក់ព័ន្ធនឹង ការជំនុំជម្រះនេះ លោក អំ សំណាត មន្ត្រីអង្គការលីកាដូ ដែលបានចូលស្ដាប់សវនាការនោះ បានបង្ហាញការយល់ឃើញថា ជម្លោះនេះ គឺជាជម្លោះរវាង បុគ្គលិកនិងក្រុមហ៊ុន ពុំមែនជាជម្លោះពលរដ្ឋរវាងពលរដ្ឋឡើយ។ លោកថា ​ក្រុមសហជីព ទាមទារតាមនីតិវិធី ហើយអស់ជម្រើសទើបឈានដល់កូដកម្ម។ ដូច្នេះ មិនអាចដាក់បន្ទុកលើមេសហជីពបានណាម្នាក់បានឡើយ ព្រោះពួកគេធ្វើឡើយតាមសំឡេងរួមរបស់ក្រុមសហជីពពួកគេ។ 
 
សូមជម្រាបថា​ ក្រុមតវ៉ាណាហ្គាវើលដ៍ បានចេញតវ៉ាតាំងពីថ្ងៃទី១៨ធ្នូ ២០២១ រហូតដល់ ឥឡូវ។ មេហជីព និងសកម្មជន របស់ក្រុមនេះត្រូវបាន អាជ្ញាធរចាប់ខ្លួនជាច្រើនលើក ហើយដោះលែងវិញ។ ប៉ុន្តែចុងក្រោយនេះ មេសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ បានជាប់ចោទ និងឃុំខ្លួន។ វិវាទនេះ កើតឡើងដោយសារក្រុមហ៊ុន កាត់បន្ថយបុគ្គលិក១៣២៩នាក់ អំឡុងវិបត្តិកូវិដ-១៩ ។ ក្នុងនោះមេសហជីពពួកគេអះអាងថា មានសមាជិកពួកគេរហូតដល់១១០០នាក់។ ហេតុនេះ ទើបពួកគេទាមទារ ឲ្យក្រុមហ៊ុនពិនិត្យមើលនីតិវិធីច្បាប់ឡើងវិញ ខណៈពួកគេយល់ថា ការសម្រេចនេះ ជាការរើសអើងសហជីព៕  
 

Tag:
 កម្មករ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com