ជាតិ
ពលរដ្ឋខ្មែរជិត៨០០០នាក់ ត្រូវបានជួយសង្គ្រោះពីការរំលោភបំពាននិងជួញដូរមនុស្ស ក្នុងឆ្នាំ២០២២
02, Mar 2023 , 7:59 pm        
រូបភាព
ពលករខ្មែរដែលចេញទៅធ្វើការខុសច្បាប់ សមត្ថកិច្ចបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលកន្លង។ រូប ស្ដានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
ពលករខ្មែរដែលចេញទៅធ្វើការខុសច្បាប់ សមត្ថកិច្ចបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលកន្លង។ រូប ស្ដានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បង្ហាញតួលេខថា ឆ្នាំ២០២២ មានពលរដ្ឋខ្មែរនៅក្រៅប្រទេសជិត៨ពាន់នាក់ ត្រូវបានជួយការពារ និងសង្គ្រោះ ឲ្យមកកម្ពុជាវិញ។

 
 
របាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងការបរទេស បញ្ជាក់ថា តំណាងកម្ពុជាប្រចាំនៅបរទេស បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទាក់ទងជាពលរដ្ឋខ្មែរ និងជួយសម្របសម្រួលដល់សេចក្ដីត្រូវការរបស់ពួកគេផងដែរ។ ទន្ទឹមនឹងនេះ មានពលរដ្ឋខ្មែរ៧៩៥៣នាក់ ត្រូវបានក្រសួងជួយសម្របសម្រួលឲ្យត្រឡប់មកកម្ពុជាវិញ។ ពួកគេទាំងនោះ គឺបានរងគ្រោះនៅប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី។ 
 
«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧៩៥៣នាក់»។ នេះបើតាមរបាយការណ៍ក្រសួងការបរទេស ចេញថ្ងៃទី១មីនា ២០២៣។ 
 
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្ដុះបណ្ដាល បានអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាជាង១,៣លាននាក់ ទៅធ្វើការស្របច្បាប់។ ក្នុងនោះ មានប្រទេសថៃ មានពលរដ្ឋកម្ពុជាស្នាក់នៅ និងបំពេញការងារច្រើនជាងគេ ដែលមានរហូតដល់១,២លាននាក់។ ចំណែក ប្រទេសកូរ៉េ ត្រឹមតែជាង៤,៩ម៉ឺននាក់, ជប៉ុន១,៦ម៉ឺននាក់,​ ម៉ាឡេស៊ីមានជាង២,២ម៉ឺននាក់ និងសឹង្ហបុរី៨៥១នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ៕ 
 
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com