ជាតិ
កម្ពុជា ត្រូវការអ្នកកែច្នៃកសិផលក្នុងស្រុក ទៅជាផលិតផលច្រើនមុខ
02, Mar 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ វិស័យកសិកម្មកម្ពុជា ជាវិស័យសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ស្រូវអង្ករ ជាកសិផលនាំមុខមួយរបស់កម្ពុជា ក្នុងការនាំចេញទៅក្រៅប្រទេស។ លោក សុខ ទូច បន្តអំពាវនាវឱ្យមានអ្នកជំនាញក្នុងស្រុកកែច្នៃកសិផលជាតិច្រើនជាងបច្ចុប្បន្ន។

 
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញការកែច្នៃកសិផលមួយមុខ ឱ្យចេញជាផលិតផលច្រើន ជាងការនាំចេញសុទ្ធសាធ។ លោកយល់ថា ការធ្វើដូច្នេះទើបល្អជាងការពឹងផ្នែកទាំងស្រុងលើការនាំចេញកសិផលទៅទីផ្សារបរទេស។ 
 
«កុំអួតលក់អង្ករ ១លានតោនចេញទៅស្រុកគេ! កុំអួតលក់មៀន​ ពាន់តោនទៅស្រុកគេ! ត្រូវមោទកភាពនៅពេលអ្នកអាចកែច្នៃអង្ករ ឱ្យចេញជាផលិត២០មុខ ដែលមិនមែនជាអង្ករទៀត! នោះ បានជាភាពអស្ចារ្យនៃសង្គមកែច្នៃ»។ នេះជាការថ្លែងរបស់លោក សុខ ទូច នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី សារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី​ ០១ ខែមីនា ឆ្នាំ២០២៣។ 
 
លោក សុខ ទូច ផ្ដល់គំនិតបន្ថែមថា៖ «កុំដឹកដំឡូងទៅលក់! (យើង) ត្រូវកែច្នៃដំឡូង មុននឹងលក់! ហេតុអ្វីគេកែច្នៃបាន? ហេតុអ្វីយើងមិន ព្រមធ្វើការកែច្នៃ?»។ 
 
ការខ្វះខាតរោងចក្រកែច្នៃនេះ មិនមែនជារឿងថ្មីទេ។​ កន្លងមក អ្នកជំនាញកសិកម្ម តែងតែប្រាប់ពីផលលំបាកក្នុងការខ្វះអ្នកជំនាញកែច្នៃកសិផល ដែលកសិករដាំដុះបាន។ នៅពេលដែលកសិផលទាំងនោះ មិនសូវមានទីផ្សារនាំចេញ កសិករត្រូវប្រឈមខាត ឬលក់ចេញក្នុងតម្លៃថោក។ 
 
ដោយមើលឃើញពីបញ្ហាក្នុងវិស័យកសិកម្មបែបនេះ រដ្ឋាភិបាលតែងតែអំពាវនាវឱ្យមានអ្នកវិនិយោគផ្នែកកែច្នៃផលិតផល កាន់តែច្រើន។ កម្ពុជា ត្រូវអូសទាញអ្នកវិនិយោគ លើការកែច្នៃកសិកម្មបន្ថែមទៀត ដើម្បីពង្រីកការនាំចេញ បន្ធូយបន្ថយការផលិតលើសតម្រូវការ និងបន្ថែមតម្លៃដល់ផលិតកម្ម ដែលមានស្រាប់។ 
 


ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែគោលដៅនេះ មិនទាន់បានសម្រេចនោះទេ អស់រយៈពេល១៣ឆ្នាំមកហើយ។
 
«យើងមិនជោគជ័យក្នុងការនាំចេញអង្ករបាន១លានតោន។ យើងនាំចេញ[អង្ករ]បាន៥០-៦០ម៉ឺនតោនប៉ុណ្នឹង! នេះដោយសារយើងខ្វះមូលដ្ឋានអំពីការកែច្នៃ ទាក់ទងនឹងរោងម៉ាស៊ីនកិនស្រូវ ទាក់ទងនឹងឡសម្ងួត និងទាក់ទងនឹងដើមទុន​ជាដើម[...]» នេះជាការលើកឡើងរបស់សម្តេច ហ៊ុន​ សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។
 
កៅស៊ូ ដំឡូងមី និងអំពៅ ក៏ជាដំណាំសក្ដានុពលរបស់កម្ពុជាផងដែរ។ ប៉ុន្តែ សុទ្ធសឹងទទួលបាន ការវិនិយោគ និងកែច្នៃ តិចតួច នាពេលបច្ចុប្បន្ន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com